ពិធីបុណ្យរំលឹកគុណអ្នកម្តាយបានរំកិលទៅផុតប្រហែល១ខែកន្លងមក ពិធីបុណ្យរំលឹកគុណលោកឪពុកបានឈានចូលមកដល់ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៦ មិថុនា ២០១៣ នេះ… ពិតមែនពិធីបុណ្យទាំង២នេះ មិនទាន់ត្រូវបានចាត់បញ្ចូលទៅក្នុងពិធីបុណ្យជាតិ ឬក្នុងទំព័រប្រតិទិនក៏ដោយ ប៉ុន្តែវាបានរីកសុសសាយជាសាកលទៅហើយ ជាពិសេសនៅតាមបណ្តាប្រទេសជឿនលឿន ប្រជាជនរបស់គេប្រារព្ធពិធីនេះជានិច្ចដូចជា ពូនពរលោកឪពុក-អ្នកម្តាយទិញអីវ៉ាន់ទិញរបស់របរជូនពួកគាត់ និងជូនពួកគាត់ទៅញាំុអាហារ ទៅកន្លែងកម្សាន្តជាដើម ។
យុវជនហុងជា និស្សិតសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផ្នែកធនាគារបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះថ្ងៃបុណ្យរំលឹកគុណឪពុកថា ទង្វើរបស់កូនប្រុសស្រីត្រូវដឹងគុណចំពោះអ្នកមានគុណ ពីព្រោះលោកឪពុក-អ្នកម្តាយជាអ្នកផ្តល់កំណើតចំពោះកូន និងចិញ្ចឹមបីបាច់ថែរក្សាចាប់តាងពីការចាប់កំណើតរហូតដល់កូនធំដឹងក្តី ។ លោកឪពុក-អ្នកម្តាយតែងព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូនរហូតអ្នកមានគុណបង្កើតបរិយាកាសឱ្យកូនមានសេចក្តីសុខ បន្តការផ្គត់ផ្គងគ្រប់យ៉ាង ដើម្បីកូន និងឱ្យកូនបន្តការសិក្សារហូតដល់ថ្នាក់ខ្ពស់។ យុវជនហុងជាបន្តថា ក្នុងនាមយើងជាកូន មិនត្រឹមតែដឹងគុណ ឬរំលឹកគុណឪពុកសម្រាប់តែ១ថ្ងៃនោះទេ គឺជានិច្ចនិរន្តរ៍… យើងត្រូវយល់ឱ្យច្បាស់នូវការខិតខំប្រឹងប្រែងរបស់អ្នកមានគុណដែលព្យាយាមមោះមុតរាល់ទង្វើការងារ ត្រូវទឹកភ្លៀង ហាលខ្យល់ ហាលថ្ងៃឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង គឺចង់ឱ្យកូនបានល្អប្រសើរ ។
កញ្ញា ជីម វួចឡា វ័យ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តបាត់ដំបង បានបង្ហាញការយល់ឃើញថា ការធ្វើបុណ្យរំលឹកគុណលោកឪពុក ក៏ដូចជាការរំលឹកគុណដល់អ្នកម្តាយដែរ ដូចអ្នកប្រាជ្ញខាងផ្នែកព្រះពុទ្ធសាសនាលើកឡើងថា គុណឪពុកមាន២១ គុណម្តាយមាន១២ ដោយអាស្រ័យទៅលើធាតុលោកឪពុកច្រើនជាង តែតាមខ្ញុំគិតថា ផលធៀបរបស់វាស្មើគ្នា គឺ២១ស្មើ១២ បើតាមគណិតវិទ្យាវិញ១បូក២ស្មើ៣ ចំណែកឯ២បូក១ក៏ស្មើ៣ដែរ ដូច្នេះគុណលោកទាំង២ស្មើគ្នាគ្មាននរណាលើស ហើយក៏គ្មាននរណាខ្វះដែរ គឺស្មើគ្នា។ បើនិយាយទៅតាមគម្ពីរត្រ័យបិដកព្រះពុទ្ធសាសនាវិញ គឺឪពុក-ម្តាយមានសង្គហធម៌ និងព្រហ្មវិហារធម៌ស្មើគ្នា។ រូបខ្ញុំបានរៀនមកដល់សព្វថ្ងៃនេះ គឺដោយសារលោកទាំង២ ខ្ញុំសូមអរគុណលោកឪពុក-អ្នកម្តាយដែលបានបីបាច់ទំនុកបម្រុងរូបខ្ញុំតាងពីតូចរហូតធំដឹងក្តី មានការចេះដឹងដូចសព្វថ្ងៃ ដោយក្នុងចិត្តរបស់លោកទាំង២មិនចង់បានអ្វីធំដុំមកវិញ ក្រៅពីកូនៗមានកតញ្ញុតាធម៌ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ