រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ កម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា បានរៀបចំជាថ្មីម្តងទៀតជាលើកទី៥ ។ កម្មវិធីនេះមានការចូលរួមពីលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងភរិយា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងអាជីវករ សិល្បករ និងអតិថិជនយ៉ាងច្រើនកុះករ ។
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មិថុនា ២០១៣ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកអ្នកអាចចូលរួមទស្សនាពិព័រណ៍ត្បូង ពេជ្រមានតម្លៃរបស់ខ្មែរយើងដើម្បីចូលរួមលើកកម្ពស់ស្នាដៃខ្មែរ និងគាំទ្រផលិតផលខ្មែរ ។ នាថ្ងៃបើកដំណើរការពិព័រណ៍គ្រឿងអលង្ការនោះ មានការដើរបង្ហាញម៉ូដដោយតារាសម្តែងល្បីៗប្រចាំកម្មវិធីពិសេសនេះផងដែរ ។ តារាទាំងនោះម្នាក់ៗរំលេចទៅដោយគ្រឿងត្បូង ពេជ្រមានតម្លៃគ្រងនៅលើរាងកាយយ៉ាងភ្លឺចែងចាំង ស្រស់ស្អាតគ្រប់គ្នាសមជាមួយនឹងសម្លៀកបំពាក់ដែលច្នៃដោយហាងល្បីៗប្រចាំរាជធានីភ្នំពេញ ។ តារាដែលមានវត្តមានក្នុងកម្មវិធីប្រចាំឆ្នាំលើកនេះមានអ្នកនាង ចន ចាន់លក្ខិណា, កញ្ញា សារាយ សក្ខណា, កញ្ញា ទឹម រដ្ឋា, កញ្ញា អាលីហ្សា, កញ្ញា ទឹម វត្តី, ពិធីការិនី ហេង ផាន់ណា, កញ្ញា ឈិត សុជាតា, កញ្ញា មាន សូនីតា, កញ្ញា នៅ សូនីតា, កញ្ញា អាង សូនីតា, លោក យ៉ែម សំអូន និងភរិយា យ៉ាន លីនដា, កញ្ញា ថន លក្ខិណា និងលោក ញ៉ែម សុគន្ធ ជាដើម ។ គ្រាន់តែតារាបង្ហាញម៉ូដខ្មែរយើងចេញមុខបើកឆាកសម្តែងភ្លាម ភ្ញៀវកិត្តិយសទះដៃស្វាគមន៍ បញ្ជាក់ពីការឱ្យតម្លៃកម្មវិធី និងវត្ថុដែលជាស្នាដៃរបស់កូនខ្មែរ ពិសេសសិល្បករម្នាក់ៗរំភើបនៅពេលមានអ្នកគាំទ្រច្រើន ។
កញ្ញា ឌួង ហ្សូរីដា ប្រធានក្រុមស៊ុបពើម៉ូដែល បញ្ជាក់ថា សម្រាប់ឆ្នាំនេះ ពួកយើងទាំងអស់គ្នាមានការរីករាយ និងសប្បាយចិត្តដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍គ្រឿងត្បូង ពេជ្ររបស់ខ្មែរយើងម្តងទៀត ទោះជាមានការនឿយហត់បែបណាក៏មិនគិតទេ ឱ្យតែបានបំពេញតួនាទីជូនសង្គម ។ នាងសង្កេតឃើញថា ការដាក់តាំងលក់ត្បូង ពេជ្រពីមួយឆ្នាំទៅមួយឆ្នាំមើលទៅល្អជាលំដាប់ បញ្ជាក់ពីការលូតលាស់នៃសេដ្ឋកិច្ច និងម៉ូដអលង្ការសុទ្ធតែប្រណីតៗ ។ ម៉្លោះហើយមហាជនអាចទៅជាវរបស់សុទ្ធជាស្នាដៃខ្មែរ និងលើកកម្ពស់ត្បូង ពេជ្រនៅកម្ពុជា។
អ្នកនាង ចន ចាន់លក្ខិណា បានថ្លែងថា ឆ្នាំនេះអ្នកនាងពិតជារីករាយដែលបានចូលរួមអបអរសាទរចំពោះការរីកលូតលាស់នៃវិស័យត្បូងខ្មែរ ពិសេសការកែច្នៃមិនចាញ់ស្រុកគេឡើយ ។ នាងសប្បាយចិត្តនៅពេលពាក់ត្បូងទាំងនោះដើរបង្ហាញម៉ូដមានគេចាប់អារម្មណ៍ច្រើន ដែលអាចដឹងថា ខ្មែរយើងពិតជាមានស្នាដៃមិនចាញ់គេឡើយ ។ ចំពោះគំនិតច្នៃប្រឌិត បើទោះជាយើងជឿនលឿនទៅមុខដូចគេ ក៏មើលទៅមិនខុសសភាពដើមទេ ។
អ្នកនាង គង់ សុជាតិ ពិធីការិនី ដែលបានចូលរួមនៅក្នុងកម្មវិធីនោះឱ្យដឹងស្រដៀងគ្នាថា អ្នកនាងចង់ឱ្យជនរួមជាតិយើងទៅចូលរួមទស្សនាឱ្យបានច្រើន ដើម្បីលើកមុខមាត់ត្បូងមានតម្លៃរបស់កម្ពុជា ដើម្បីស្វែងយល់ថា យើងមានត្បូងប្រភេទណាខ្លះ នៅកន្លែងណាខ្លះ ហើយត្បូងតំបន់ណាល្អជាងគេ ។ អ្នកនាងរីករាយនៅពេលឃើញភ្ញៀវទះដៃគាំទ្រអ្នកដើរម៉ូដរំលេចដោយត្បូងនៅលើដងខ្លួនមានពន្លឺចែងចាំង ដែលបញ្ជាក់ពីការឱ្យតម្លៃលើរបស់ខ្មែរយើង ដែលស្តែងឱ្យឃើញថា អ្វីដែលជាស្នាដៃខ្មែរ បងប្អូនជនរួមជាតិពិតជាទទួលស្គាល់ និងមិនមើលរំលងឡើយ ៕
ចែករំលែកព័តមាននេះ