ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ពីបទប្រើអំពើហិង្សាដោយខឹងម្ចាស់ បែរជាទៅវាយគោញី១ក្បាលបណ្តាលឱ្យងាប់ភ្លាមៗដើម្បីរំសាយកំហឹង ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ មិថុនា វេលាម៉ោង៣និង៣០នាទីរសៀល នៅភូមិមហាស្ងួត ឃុំស្វាយយារ ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចប្រាប់ឱ្យដឹងថា បុរសដែលខឹងម្ចាស់ទៅរំសាយកំហឹងនឹងសត្វគោនេះ ឈ្មោះ ឈឹម រុំ អាយុ៤១ឆ្នាំ មុខរបរមិនច្បាស់លាស់ រស់នៅម្នាក់ឯង ។ មុនពេលកើតហេតុ នាថ្ងៃទី១១ មិថុនានោះ ជននេះបានដើេរចូលផ្ទះស្រ្តីឈ្មោះ យស់ ឆុន អាយុ៥៧ឆ្នាំ ហើយពេលនោះដោយម្ចាស់ផ្ទះឃើញមុខមាត់មិនសមរម្យ ព្រោះទុកពុកមាត់ ពុកចង្កាស្រមូមគួរឱ្យខ្លាច ក៏ស្តីបន្ទោស រួចដេញឱ្យចេញពីផ្ទះ ធ្វើឱ្យជននេះអន់ចិត្ត និងមានកំហឹងយ៉ាងខ្លាំង ក៏ដើរចេញមកផ្ទះរបស់ខ្លួនវិញ ។ លុះដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល មេគោ១ក្បាលរបស់ស្ត្រីឈ្មោះ យស់ ឆុន ដើេរទៅស៊ីស្មៅនៅមុខផ្ទះ ជននេះក៏យកពូថៅទៅសំពងក្បាលគោនោះ៤-៥ពូថៅបណ្តាលឱ្យប្រកាច់ងាប់ភ្លាមៗ ។
សកម្មភាពនេះធ្វើឱ្យម្ចាស់គោដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់ ហើយដោយសារជននេះរស់នៅម្នាក់ឯងក្រីក្រ ពុំមានប្រាក់សងទៅម្ចាស់គោ ក៏បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ។ បន្ទាប់មកលោកចៅក្រមបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី១៣ មិថុនា ៕
ចែករំលែកព័តមាននេះ