ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​ធ្លី​មុន​ការ​បោះ​ឆ្នោត​មាន​សភាព​ធម្មតា​ក្នុង​ការ​ទិញ​-លក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​នេះមក ការ​រក​ទទួល​ទាន​ផ្នែក​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ អ្នក​ជំនាញ​ និង​អ្នក​វាយ​តម្លៃ​លើ​វិស័យនេះ​ បាន​ពោល​សរសើរ​ថា​​ ជា​ឆ្នាំ​ដែល​ល្អ​ប្រសើរ​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ កម្ពុជា​ ។​ កន្លង​មក​ នៅ​ពេល​ជិត​ដល់​រដូវ​កាល​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ដ​ សកម្មភាព​ជួញ​ដូរ​ដីធ្លី​ ដូច​ជា​ការ​ទិញ​-លក់​ដីធ្លី​ជា​ដើម​ ពុំ​សូវ​មាន​សកម្មភាព​ខ្លាំង​

រាជធានីភ្នំពេញ ៖​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​នេះមក ការ​រក​ទទួល​ទាន​ផ្នែក​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ អ្នក​ជំនាញ​ និង​អ្នក​វាយ​តម្លៃ​លើ​វិស័យនេះ​ បាន​ពោល​សរសើរ​ថា​​ ជា​ឆ្នាំ​ដែល​ល្អ​ប្រសើរ​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ កម្ពុជា​ ។​ កន្លង​មក​ នៅ​ពេល​ជិត​ដល់​រដូវ​កាល​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ដ​ សកម្មភាព​ជួញ​ដូរ​ដីធ្លី​ ដូច​ជា​ការ​ទិញ​-លក់​ដីធ្លី​ជា​ដើម​ ពុំ​សូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​ទេ​ តែ​បច្ចុប្បន្ន​នេះ​ ទោះ​បី​ជា​នៅ​តែ​ប្រមាណ​ជិត​២​ខែ​ទៀត​ មាន​ព្រឹត្ដ​ិការណ៍​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ដ​ ក៏​សកម្មភាព​ទិញ​-លក់​ ជួញ​ដូរ​ដីធ្លី​នៅ​មាន​ភាព​ល្អ​ប្រសើរ​ និង​ចេះ​តែ​បន្ដ​កើន​ឡើង​ជា​លំដាប់​ ។​ ជាក់​ស្ដែង​ ក្នុង​រាជធានីភ្នំពេញ​ ការ​សាង​សង់​ និង​ទិញ-លក់​អចលន​ទ្រព្យ​ផ្សេង​ៗ​ចេះ​តែ​បន្ដ​យ៉ាង​រលូន​ ដោយ​ពុំ​មាន​បញ្ហា​អ្វី​ទេ​ ។​

លោក​ គីម​ ហេង​ នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Khmer Real Estate មាន​ប្រសាសន៍​ថា​ វិស័យ​ដី​ធ្លី​បច្ចុប្បន្ន​នេះ​មានកំណើន​ឡើង​គួរសម​ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ចំពោះ​ដី​ប្រភេទ​ឧស្សាហកម្ម​ដូច​ជា​ដី​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ និង​លេខ​៤​ ដែល​សំបូរ​ទៅ​ដោយ​បណ្ដុំ​រោង​ចក្រ​មាន​កំណើន​គួរ​ឱ្យកត់​សម្គាល់​ ។​ ចំពោះ​ដី​លំនៅ​ឋាន​ដែល​គេ​សម្រាប់​សាង​សង់​ជា​បុរី​ និង​ផ្ទះល្វែង​ឃើញ​ថា​ មាន​ការ​កើន​ឡើង​ច្រើន​ ហើយ​កើន​ឡើង​ខ្លាំង​ជាង​ដី​ប្រភេទ​ឧស្សាហកម្ម​ ។​ ជាក់​ស្ដែង​គ្រាន់​តែ​គម្រោង​សាង​សង់​បុរី​ពីរ​ គឺ​បុរី​ពិភព​ថ្មី​ និង​បុរី​ប៉េង​ ហួត​ ត្រូវ​ការ​ទិញ​ដី​ច្រើន​ណាស់​ ហើយ​នៅ​មាន​គម្រោង​សាង​សង់​របស់​បុរី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​​នៅ​តាម​ជាយ​ក្រុង​ នៅ​ជិត​ៗ​ក្រុង​កំពុង​សាងសង់​ ។​

កត្ដា​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​​ដី​លំនៅ​ឋាន​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​២០​%​ទៅ​៣០​%​ ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១២​ និងឆ្នាំ​២០១៣​ ។​ ដោយ​ឡែក​ដី​នៅតំបន់​ពិសេស​ក្នុង​រាជធានីភ្នំពេញ​ ដូច​ជា​នៅ​បឹង​កេង​កង​១​ បឹង​កេង​កង​២​ អូឡាំពិក​ ទួល​ស្វាយព្រៃ​ ទួល​គោក​ មាត់​ទន្លេ​ជា​ដើម​ ជាដី​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ធំ​ៗ​ ក្នុង​រយៈ​ដូច​គ្នា​គឺ​វា​មាន​ការ​កើន​ឡើង​ខ្ពស់​ផង​ដែរ​ គឺ​ប្រហែល​ជា​៣០​%​ ។​ លោក​បន្ដ​ថា​ ការ​បោះ​ឆ្នោត​ជារឿង​ដែល​សំខាន់​ ហើយ​មនុស្ស​ភាគ​ច្រើន​ចេះ​តែ​គិត​ថា​ខ្លាច​មាន​បញ្ហា​ តែ​តាម​ពិត​ទៅ​ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​ការ​បោះឆ្នោត​នេះ​៥​ដង​រួច​មក​ហើយ​ មិន​មែន​ជា​លើក​ទី​១​ទេ​ រឿង​នេះ​អ្នក​វិនិយោគជាតិ​ ន​ិង​អន្ដ​រ​ជាតិ​ជាច្រើន​គេ​បាន​គិត​ពី​បញ្ហា​នេះ​ ហើយ​គេ​ក៏​ដឹង​ហើយ​ថា​ នឹង​មិនមាន​អ្វី​កើត​ឡើង​ចំពោះ​ប្រទេស​កម្ពុជា​ទេ​ ។ សព្វថ្ងៃ​មាន​ភ្ញៀវ​ជា​ច្រើន​ទាក់ទង​ទៅ​ក្រុមហ៊ុន​លោក​ផ្ទាល់​ដើម្បី​ទិញ​ ន​ិង​លក់​ដីធ្លី​ និង​អចលន​ទ្រព្យ​ផ្សេង​ៗ​ ។​ ភាគច្រើន​នៃ​ដី​ដែល​អ្នក​វិនិយោគ​ទិញ​សម្រាប់​សាង​សង់​ជា​លំនៅ​ឋាន​ ខុន​ដូរ​ វីឡា​ជាដើម​ ព្រោះ​ថា​សព្វថ្ងៃ​នេះ​ ទោះ​បី​ជា​ខុន​ដូ​ ផ្ទះល្វែង​សាង​សង់​ច្រើន​យ៉ាង​ណា​ក៏​ដោយ​​ តែ​ជារៀង​រាល់​ឆ្នាំ​មាន​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​បណ្ដា​ខេត្ដ​ផ្លាស់​ទី​លំនៅ​មក​ភ្នំពេញ​ ដូច​ជា​សិស្ស និស្សិត​​ មក​បន្ដ​ការ​សិក្សា​ ហើយ​រាល់​តម្រូវ​ការ​ទាំង​អស់​នេះ​ហើយ​ ទើប​សព្វថ្ងៃ​ផ្ទះល្វែង​ស្ទើរ​តែ​គ្រប់​កន្លែង​សាង​សង់​ស្ទើរ​តែ​ពុំ​ទាន់​ផង​ ។​

លោក​ សាញ់​ សាឡែន​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាឡែន​រៀលធី​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ នៅ​ពេលនេះ​ដី​ធ្លី​នៅ​រាជធានីភ្នំពេញ​ ហាក់​មិន​មានអ្វី​ប្រែ​ប្រួល​ធ្លាក់​ចុះ​ដូច​ការ​ព្រួយ​បារម្ភ​ជិត​ដល់​ពេល​បោះឆ្នោត​ទេ​​ ។​ ដី​នៅ​តំបន់​ខ្លះ​មាន​តែ​បន្ដ​ការ​កើន​ឡើង​ ហើយនៅ​តំបន់​ខ្លះ​ទៀត​នៅ​ទ្រឹង​ដដែល​ មិន​ធ្លាក់ចុះ​ទេ​ ។​ ទោះ​បី​​ជា​ជិត​បោះ​ឆ្នោត​ ការ​រក​ទទួល​ទាន​ខាង​វិស័យ​អចលន​ទ្រព្យ​ ជាពិសេស​ដី​ធ្លី​នៅ​តែ​ដំណើរ​ការ​ទៅ​ជា​ធម្មតា​ គ្រាន់​តែ​សកម្មភាព​មិនសូវ​ជា​ខ្លាំង​ដូច​មុន​ តែ​ក៏​មិន​ខ្សោយ​ពេក​ដែរ​ ។​ លោក​លើក​ឡើង​ថា​ កាល​ពី​ការ​បោះ​ឆ្នោត​អាណត្ដិ​មុន​ៗ​ ការ​ទិញ​-លក់​វិស័យ​អចល​នទ្រព្យ​នៅ​ពេល​ជិត​បោះ​ឆ្នោត​មាន​បញ្ហា​មែន​ តែ​នៅ​ពេល​នេះ​ ទោះ​បី​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​ហើយ​ក្ដី​ ក៏​ការ​រក​ទទួល​ទាន​ខាង​វិស័យ​អចល​ន​ទ្រព្យ​មិនមាន​អ្វី​ផ្លាស់​ប្ដូរ​ទេ​ ព្រោះ​ថា​ អ្នក​នយោបាយ​សព្វថ្ងៃ​ភាគ​ច្រើន​មាន​ចរិត​ចាស់​ទុំ​ គិត​ពី​ផល​ប្រយោជន៍​ជាតិ​ ហើយ​អ្នក​ដែល​គេ​រក​ស៊ី​ខាង​វិស័យ​នេះ​​ ក៏​គេ​ដឹង​ដែរ​ថា​វា​នឹង​មិន​មាន​អ្វី​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ។​

បច្ចុប្បន្ន​នេះ​ តម្លៃ​ដី​ធ្លី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ​ ដូច​ជា​នៅ​តំបន់​ពិសេស​លេខ​១​ តំបន់​ទន្លេបាសាក់​ មាន​តម្លៃ​រហូត​ដល់​៥.០០០​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ តំបន់​លេខ​២​​ ដូច​ជា​ដូន​ពេញ​មាន​តម្លៃ​រហូត​ដល់​៤.០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ និង​លេខ​៣​ ដូច​ជា​តំបន់​បឹង​កេង​កង​ មាន​តម្លៃ​ចន្លោះ​ពី​៣.០០០​ដុល្លារ​ទៅ​៤.០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​​ ។​ ក្រៅ​ពី​តំបន់​ទាំង​អស់​នេះ​ កន្លែង​ខ្លះ​មាន​តម្លៃ​នៅ​លើ​២.០០០​ដុល្លារ​អាមេរិក​ និង​តំបន់​ខ្លះ​ទៀត​អាច​ស្ថិត​នៅ​ក្រោម​២.០០០​ដុល្លារ​ក៏​មាន​ ដូច​ជា​តំបន់​នៅ​តាម​​ជាយក្រុង​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ។​

លោក​សង្ឃឹម​ថា​ នៅ​ពេល​បោះ​ឆ្នោត​ហើយ​ វិស័យ​ដីធ្លី​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ​ទៀត​ ហើយ​ចំពោះ​អ្នក​ដែល​ចង់​រក​ទទួល​ទាន​ខាង​វិស័យ​នេះ​ពិត​ជា​មាន​ភាព​វិជ្ជមាន​សម្រាប់​ពួក​គេ​ ព្រោះ​ថា​ដីធ្លី​នឹង​មិន​ធ្លាក់​ចុះ​វិញ​នោះ​ទេ​ វា​នឹង​បន្ដ​ការ​កើន​ឡើង​ទៅ​ទៀត​ ៕