ព្រះបរមសាស្តាតែងអប់រំពុទ្ធបរិស័ទមានភិក្ខុជាដើម គប្បីសង្រួមចិត្តឱ្យធ្លាក់ចុះក្នុងអប្បមាទធម៌ កុំបណ្តែតបណ្តោយចិត្តឱ្យលុះក្នុងអកុសលធម៌ ព្រោះជាគុណជាតិនាំឱ្យកើតទុក្ខដូចព្រះគាថាសម្តែងថា ៖ អប្បមាទរតា ហោថ សចិត្តមនុរក្ខថ ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ។
អ្នកទាំងឡាយ ចូរជាអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទ ចូរថែរក្សាចិត្តរបស់ខ្លួនឱ្យល្អផូរផង់ តែនឹងកុសលធម៌ ចូររើខ្លួនឡើងចាកភក់ ដូចជាដំរីជាប់ភក់រើខ្លួនឡើងដូច្នេះដែរ ។ព្រះសម្មាសម្ពុទ្ធទ្រង់ដាស់តឿនក្រើនរំលឹកពុទ្ធបរិស័ទទាំងឡាយ មានភិក្ខុជាដើម ឱ្យត្រេកអរតែក្នុងសេចក្តីមិនប្រមាទ គឺសេចក្តីមិនធ្វេសប្រហែស មិនបណ្តែតបណ្តោយឱ្យចិត្តធ្លាក់ចុះក្នុងអកុសលធម៌ ព្រោះថា ការត្រេកអរពេញចិត្តក្នុងសេចក្តីមិនប្រមាទ ជាហេតុឱ្យចម្រើនកើនកើតនូវកុសលធម៌គ្រប់យ៉ាង សេចក្តីត្រេកអរក្នុងអប្បមាទធម៌នេះឯង ជាគុណអាចឱ្យបដិសន្ធិទៅកាន់ព្រះនិព្វានបាន ។
អប្បមាទធម៌នឹងប្រព្រឹត្តទៅដោយល្អ ក៏ព្រោះមានសតិមិនភ្លាំងភ្លាត់ទៅទទួលអារម្មណ៍ខាងក្រៅ ដែលនឹងរុកកួនចិត្តឱ្យញាប់ញ័រក្តៅប្រហាយ ព្រោះហេតុនោះទើបត្រូវរក្សាចិត្តរបស់ខ្លួនផង ។ ពាក្យថា ចិត្តនោះជាធម្មជាតិសម្រាប់ពិនិត្យប្រមូលប្រមុំ អុំស្ទៃ លៃលករកអារម្មណ៍ ដែលចូលមកតាមទ្វារ៦ មានចក្ខុទ្វារជាដើម ។ វិធីរក្សាចិត្តនោះគប្បីធ្វើចិត្តឱ្យនឹងនួនក្នុងសមថកម្មដ្ឋានទាំង៤០ មានពុទ្ធានុស្សតិ រលឹកដល់គុណរបស់ព្រះពុទ្ធ ឬកាយគតាសតិរលឹកនៅក្នុងកាយជារបស់មិនឋិតថេរបែកធ្លាយទៅជាដើម ហើយប្រើបញ្ញាពិចារណាក្នុងកងសង្ខារឱ្យចុះក្នុងព្រះត្រៃលក្ខណ៍គឺអនិច្ចតា សេចក្តីមិនទៀង ទុក្ខតា ជាទុក្ខ និងអនត្តតា មិនមែនជារបស់ខ្លួន ។
តអំពីនោះក៏គប្បីធ្វើចិត្តមិនឱ្យកង្វល់ក្នុងកិលេសកាម និងវត្ថុកាមឡើយ ព្រោះកិលេសកាម និងវត្ថុកាមនេះ ជាភក់ដែលសត្វតែងផុងជាប់គ្រប់គ្នាមិនងាយនរណាគេចចេញ ឬដកខ្លួនអំពីភក់ គឺវដ្តសង្សារនេះបានទេ ព្រោះហេតុនោះទើបព្រះសម្ពុទ្ធទ្រង់ណែនាំឱ្យសត្វលោកខំរើខ្លួនអំពីភក់គឺវត្ថុកាមកិលេសកាមឱ្យផុតស្រឡះ ដូចដំរីដែលជាប់ផុងក្នុងភក់ ខំរើខ្លួនឡើងដូច្នេះ ។ (ស្វែងយល់ព្រះពុទ្ធសាសនាចេញផ្សាយរៀងរាល់ថ្ងៃសីល) ៕
ចែករំលែកព័តមាននេះ