កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​4,3​លាន​នាក់​ក្នុង​រយៈពេល​9​ខែ


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ ឬ​៣​ត្រីមាស​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ចំនួន ៤.៣៧៦.០៣៣​នាក់ ខណៈ​៣​ត្រីមាស​កាលពី​ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា​មាន​ចំនួន ៣.៩១២.៧៦១​នាក់ កើនឡើង​ប្រមាណ​១១,៨% ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​៣​ត្រីមាស​នេះ​គេ​ឃើញ​ថា ត្រីមាស​ទី​១ ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​ដែល​មាន​រហូត​ដល់​១,៧​លាន​នាក់ ខណៈ​ត្រីមាស​ទី​២​ទទួល​បាន​តិច​ជាងគេ គឺ​ត្រឹមតែ​១,២​លាន​នាក់​ប៉ុណ្ណោះ​។ នៅ​ក្នុង​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន​ដល់​ទៅ​១,៤​លាន​នាក់ និង​បាន​រួមចំណែក​បាន​៣២,៩%​នៃ​ទេសចរ​អន្តរជាតិ​សរុប ខណៈ​ពេញ​មួយ​ឆ្នាំ​២០១៧​កន្លង​ទៅ ភ្ញៀវ​ទេសចរ​ចិន​មាន​តែ​ជិត​១​លាន និង​បាន​រួមចំណែក​បាន ៣២,៩%​នៃ​ទេសចរ​អន្តរជាតិ​សរុប ។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​៤,៣​លាន​នាក់​ដែល​មក​ដល់​កម្ពុជា គេ​សង្កេត​ឃើញ​ភ្ញៀវ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​ទាំង​បី មាន​ចំនួន​ច្រើន​ជាងគេ ដែល​មាន​រហូត​ដល់ ២.៩៥៨.៩២១​នាក់ និង​មាន​ចំណែក​រហូត​ដល់​៦៧%​ឯណោះ ក្នុង​នោះ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ច្រើន​ជាងគេ មាន​ចំនួន​១.៤៣២.៤៩៩​នាក់ ។ ចំណែក​ភ្ញៀវ​ដែល​ចូល​តាម​ច្រកព្រំដែន​គោក​និង​ទឹក មាន​ចំនួន ១.៤១៧.១១២​នាក់ ។

តាម​ផែនការ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ថា ឆ្នាំ​នេះ​រំពឹង​ថា​នឹង​សម្រេច​បាន​នូវ​ផែនការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន​៦,២​លាន​នាក់ ដែល​គាំទ្រ​ធំ​ដោយ​ភ្ញៀវ​ទេសចរ​ចិន ព្រោះ​ទេសចរ​ចិន បច្ចុប្បន្ន​នេះ​កំពុង​ឈរ​លំដាប់​ទី​១ ដែល​មាន​ចំនួន​ច្រើន​ជាងគេ ខណៈ​វៀតណាម​ឈរ​នៅ​លំដាប់​ទី​២ ។
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​លើក​ឡើង​កន្លង​មក​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង និង​ស្នាក់​នៅ​កម្ពុជា​បាន​យូរ ក្រសួង​បាន​ស្វែងរក និង​បង្កើត​រមណីយដ្ឋាន​បន្ថែម​ទៀត ដូច​ជា​នៅ​តាម​បណ្ដា​កោះ​ក្នុង​ប្រទេស​កម្ពុជា និង​រមណីយដ្ឋាន​ធម្មជាតិ ដែល​មាន​សក្ដានុពល​ជា​ជាដើម ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង គឺជា​គោលដៅ​ទេសចរណ៍​តាម​កោះ និង​ធម្មជាតិ​របស់​ក្រសួង​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ៖« ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​គម្រោង​អភិវឌ្ឍន៍​កោះ​គំរូ ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ជា​គោលដៅ​ទេសចរណ៍​បៃតង គ្មាន​ថង់​ប្លា​ស្ទិ​ក ឲ្យ​បាន​មុន​ឆ្នាំ​២០២០ ដោយ​បន្ត​កិច្ច​ខិតខំ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​ឲ្យ​បាន​ស្អាត និង​បៃតង និង​ខិតខំ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព » ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា កម្ពុជា​ក៏​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ដើម្បី​ឲ្យ​ភ្ញៀវ​បាន​កម្សាន្ត​សប្បាយ​ដូច​ជា ពិធីបុណ្យ​សមុទ្រ បុណ្យ​ទន្លេ និង​មហាសង្ក្រាន្ត នៅ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ជាដើម​។ មិនតែប៉ុណ្ណោះ ពិធីបុណ្យ​ទាំងនេះ ក៏​បាន​ដាស់សតិ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ថែរក្សា​បរិស្ថាន ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​សមុទ្រ និង​ទន្លេ ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖« នៅ​ឆ្នាំ​២០១៨ កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់ ។ ក្នុង​ឆ្នាំ ២០៣០ កម្ពុជា​ក៏​គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​១៥​លាន​នាក់ ដោយ​រំពឹង​លើ​ចំណូល​ពី​វិស័យ​នេះ ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​ប្រមាណ​២​លាន​នាក់​ជូន​ពលរដ្ឋ​ក្នុងស្រុក » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ