រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា កូនប្រុសលោកប្រធានសាខាគយខេត្តកំពង់ចាមលោកឃុន ដូរ៉េ បានចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញអមដោយមេធាវី នាវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ មិថុនា ២០១៣ ប៉ុន្តែនៅពេលមេធាវីមកដល់ឃើញអ្នកសារព័ត៌មានច្រើនពេក ក៏សុំលោកព្រះរាជអាជ្ញាលើកពេលទៅម៉ោង៤រសៀលថ្ងៃដដែលវិញ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៤ មិថុនា មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់បញ្ជូនសំណុំរឿងកូនប្រុសលោកប្រធានសាខាគយខេត្តកំពង់ចាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាផ្លូវការហើយ ។ សំណុំរឿងនេះមាន៣បទល្មើសគឺ ១-អំពើហិង្សាដោយចេតនា ២-ធ្វើឱ្យខូចខាតដោយចេតនា និង៣-អំពើលួច បង្កឡើងដោយជនជាប់ចោទឈ្មោះ ឃុន ដូរ៉េ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាអ្នករកស៊ី មានអាសយដ្ឋានផ្ទះលេខ28E0 ផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងសំណុំរឿងនេះមានពាក្យបណ្តឹងជនរងគ្រោះ មានរបាយការណ៍ឆ្លើយតបរបស់សមត្ថកិច្ចក្នុងការអនុវត្តដីកាបញ្ជា ឱ្យចូលខ្លួនរបស់ការិយាល័យព័ត៌មានទូទៅនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ និងដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តម្រូវឱ្យឈ្មោះ ឃុន ដូរ៉េ ចូលខ្លួនទៅបំភ្លឺជូនសមត្ថកិច្ចតាមពាក្យបណ្តឹងពាក់ព័ន្ធនឹងបទ ល្មើសទាំង៣ខាងលើ ។
ចែករំលែកព័តមាននេះ