ខេត្តសៀមរាប ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ក្នុងចំណោម៥នាក់ដែលរត់គេចខ្លួនកាលពីថ្ងៃទី១៨ ឧសភា ២០១៣ ត្រូវកម្លាំងអធិការដ្ឋានស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យសហការជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបស្រាវជ្រាវចាប់ខ្លួនបាននៅក្នុងផ្ទះរបស់ជនល្មើស ស្ថិតក្នុងភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ រួចបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាត់ការបន្ត។
ជនសង្ស័យឈ្មោះសាវ មួត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន បន្ទាប់ពីជននេះ រួមទាំងបក្សពួក៥នាក់ទៀតប្រព្រឹត្តបទល្មើសនេសាទ ឆក់ និងជួញដូរគ្រឿងញៀនខុសច្បាប់កាលពីថ្ងៃទី១៨ ឧសភា ២០១៣ នៅចំណុចអូរនាងលក្ខណ៍២ ភូមិប្រិយ២ ស្រុកព្រែកស្នំ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះជាជនសង្ស័យជួញដូរគ្រឿងញៀនទី២ដែលសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីជនសង្ស័យម្នាក់ទៀតឈ្មោះធិញ ហួ អាយុ៥០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ឧសភា ២០១៣ ។
សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យឈ្មោះសាវ មួត ទៅតុលាការនារសៀលថ្ងៃទី១៤ មិថុនា ២០១៣នេះ ចំណែកជនសង្ស័យដែលនៅសេសសល់កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕
ចែករំលែកព័តមាននេះ