សិស្ស៣៨នាក់ពុលអាហារក្នុងសាលា សង្ស័យតូបរបស់អ្នកគ្រូ (មានវីដេអូ)
- កំពង់ចាម
ខេត្តត្បូងឃ្មុំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងៗសិស្សសាលាប្រុសស្រីជាច្រើនរហូតដល់៣៨នាក់បានពុលចំណីអាហារនៅក្នុងបរិវេណសាលាបឋមសិក្សាទន្លេបិទបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ វិច្ឆិកា ២០១៨ នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាទន្លេបិទ ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ…
សេចក្តីរាយការណ៍បន្តថា ករណីខាងលើមានការសង្ស័យថា ពុលចំណីអាហារដែលលក់ដូរ នៅក្នុងសាលាចំណុចតូបលក់របស់អ្នកគ្រូម្នាក់ឈ្មោះ អ៊ឹប នី អាយុ៤០ឆ្នាំជាគ្រូថ្នាក់ទី៤(ក) ហើយក្មេងៗរងគ្រោះត្រូវបាននាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
បើតាមលោកវរសេនីយ៍ត្រី ប៉ន់ ស៊ាងហ៊ី នាយប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទ បានប្រាប់ឱ្យដឹងថាស្របពេលដែលសិស្សតូចៗបានចេញលេង ហើយនាំគ្នាមកទិញបាយ និងផឹកទឹក Samurai បន្ទាប់មកស្រាប់តែក្អូតចង្អោរ ចុកពោះ រាគបែកញើស ទន់ដៃទន់ជើង ហើយសិស្សពុលដំបូងមានគ្នាចំនួន១០នាក់ និងពុលបន្ថែមឡើងរហូតដល់ទៅ៣៤នាក់ ។
លោកនាយប៉ុស្តិ៍ប្រាប់បន្តថា ក្មេងៗភាគច្រើន គឺអ្នកផឹក Samurai ផលិតនៅប្រទេសកម្ពុជា មានចំនួន២ពណ៌ (ក្រហមនិងលឿង) និងមួយចំនួនហូបបាយជ្រក់ល្ហុង ប្រហិតគ្រប់ប្រភេទ ដែលគ្រូបានលក់ ដោយសរុបសិស្សពុលទាំងអស់ចំនួន៣៤នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានអាណាព្យាបាលដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពទន្លេបិទ និងបញ្ជូនតាមរថយន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ក្រោយទទួលបានព័ត៌មានភ្លាម អធិការនគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ចុះជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរកមូលហេតុនៃការពុលខាងលើ ដោយបានយកសំណាល់ទៅវិភាគរកមូលហេតុច្បាស់លាស់។


ចែករំលែកព័តមាននេះ