រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ដែលកោះសន្ដិភាពបានទទួលឱ្យដឹងថា ពិធីបិទវគ្គរៀនសូត្រស្ដីពីការផ្លាស់ប្ដូរជំនាញឯកទេសក្នុងការឆ្លើយតបនឹងគ្រោះមហន្ដរាយ សភាពរឹងមាំនៃតំបន់ប៉ាស៊ីហ្វិកប្រារព្ធធ្វើនៅថ្ងៃព្រហស្បតិ៍ទី១៣ មិថុនា វេលាម៉ោង៣រសៀល នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។
តំណាងផ្នែកស៊ីវិល និងយោធាប្រមាណ១០០នាក់ មកពីសហរដ្ឋអាមេរិក កម្ពុជា ឡាវ ថៃ ភូមា និងប្រទេសវៀតណាម បានចូលរួមនៅក្នុងលំហាត់សិក្សាលើតុ រយៈពេល៣ថ្ងៃ ក្នុងនោះអ្នកចូលរួមបានសហការគ្នាលើការឆ្លើយតបទៅនឹងឆាកនៃព្រឹត្ដិការណ៍មានទឹកជំនន់ធំមួយពីទន្លេមេគង្គ និងដៃទន្លេមេគង្គ ។ លំហាត់ផ្លាស់ប្ដូរជំនាញឯកទេស ក្នុងការឆ្លើយតបនឹងគ្រោះមហន្ដរាយសម្រាប់ភាពរឹងមាំនៃតំបន់ប៉ាស៊ីហ្វិក បង្ហាញពីការខិតខំដើម្បីត្រៀមរៀបចំសម្រាប់គ្រាមានគ្រោះមហន្តរាយនៅពេលខាងមុខ ។
ដោយមានការគ្រោងផែនការច្បាស់លាស់ ប្រទេសនីមួយៗអាចដោះស្រាយបញ្ហាដែលអាចកើតមានឡើង មុនពេលមានគ្រោះមហន្ដរាយជាក់ស្ដែងមួយកើតឡើង ដោយអនុញ្ញាតឱ្យមានវិធីប្រកបដោយប្រសិទ្ធភាពច្រើនសម្រាប់ផ្ដល់សេវាសំខាន់ចាំបាច់ដល់សាធារណជន ។ កាលពីខែកក្កដា ឆ្នាំ២០០៩ លោកជំទាវហ៊ីលឡារី គ្លីនតុន ដែលកាលនោះជារដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក និងរដ្ឋមន្ដ្រីការបរទេសនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានបង្កើតគម្រោងផ្ដួចផ្ដើមពីតំបន់មេគង្គក្រោម នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីនៅភូកេត ប្រទេសថៃ ។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីលើកដំបូងនេះ រវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មេគង្គក្រោម អស់លោក លោកជំទាវជារដ្ឋមន្ដ្រីទាំងនោះបានព្រមព្រៀងគ្នាលើកកម្ពស់សហប្រតិបត្ដិការក្នុងវិស័យបរិស្ថាន សុខាភិបាល អប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។
គំនិតផ្ដួចផ្ដើមស្ដីពីតំបន់មេគង្គក្រោមនេះ គូសបញ្ជាក់ពីសារសំខាន់នៃតំបន់មេគង្គក្រោមចំពោះសហរដ្ឋអាមេរិក និងការប្ដេជ្ញាចិត្ដរបស់សហរដ្ឋអាមេរិកក្នុងការជំរុញសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ប្រទេសភូមាបានចូលរួមនៅក្នុងគម្រោងនៃគំនិតផ្ដួចផ្ដើមនៅខែកក្កដា ឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ