រាជធានីភ្នំពេញ ៖ លោកឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន៤ខ្សែ ក្នុងនោះនឹងដាក់ប្រព័ន្ធលូ១ខ្សែនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ មិថុនា ២០១៣ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ហើយក៏មានអញ្ជើញចូលរួមពីមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត ។
ផ្លូវបេតុង៣ខ្សែដែលមានប្រវែង៣៣០ម៉ែត្រ ផ្លូវ១ខ្សែទៀតជាផ្លូវចាក់ដីភ្នំមានប្រវែង១៦០ម៉ែត្រ និងដាក់ប្រព័ន្ធលូ១៣៥ម៉ែត្រ ដែលត្រូវចំណាយថវិកាអស់ជាង១០៣លានរៀល ក្នុងនោះប្រជាពលរដ្ឋក៏បានចូលបដិភាគចំនួនជាង៩លានរៀលផងដែរ ។
លោកឃ្លាំង ហួត បានមានប្រសាសន៍ថា ក្នុងសង្កាត់ប្ញស្សីកែវបានអភិវឌ្ឍន៍ផ្លូវបេតុងចំនួន៣៨១ខ្សែហើយ ហើយនេះជាសមិទ្ធថ្មីមួយទៀត និងជាគម្រោងអភិវឌ្ឍន៍ក្នុងសង្កាត់ច្រាំងចំរេះសម្រាប់ឆ្នាំ២០១៣ ដែលកន្លងមកមិនដែលមាន ។ ការអភិវឌ្ឍលើគ្រប់វិស័យនេះ គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ចែករំលែកព័តមាននេះ