ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អន្ធ​ពាល​គប់​បែក​កញ្ចក់​រថ​យន្ត​នាយក​វិទ្យា​ល័យ

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ រថយន្ត​មួយ​គ្រឿង​របស់​លោក​នាយក​​វិទ្យាល័យ​នេត​យ៉ង់​ ត្រូវ​ក្មេង​អន្ធ​ពាល​ដែល​គេ​សង្ស័យ​ថា​ជាសិស្ស​បាន​ប្រើ​ដុំ​ថ្ម​គប់​បំបែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ​ខ្ទេច​ កាល​ពី​វេលា​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ខណៈ​ដែល​លោកចត​ទុក​ក្នុង​បរិវេណ​នៃ​វិទ្យា​ល័យ​នេត​យ៉ង់​ ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្តេច​ ក្រុង​បាត់​ដំបង ។

ខេត្ត​បាត់​ដំបង​ ៖ រថយន្ត​មួយ​គ្រឿង​របស់​លោក​នាយក​​វិទ្យាល័យ​នេត​យ៉ង់​ ត្រូវ​ក្មេង​អន្ធ​ពាល​ដែល​គេ​សង្ស័យ​ថា​ជាសិស្ស​បាន​ប្រើ​ដុំ​ថ្ម​គប់​បំបែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ​ខ្ទេច​ កាល​ពី​វេលា​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ខណៈ​ដែល​លោកចត​ទុក​ក្នុង​បរិវេណ​នៃ​វិទ្យា​ល័យ​នេត​យ៉ង់​ ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្តេច​ ក្រុង​បាត់​ដំបង ។​ រថយន្ត​នោះ​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-6056 ជារបស់​លោក​ សេង​ គន្ធ នាយក​វិទ្យាល័យ​នេត
​យ៉ង់ ។​

សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​ ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ក្នុង​ឯក​សណ្ឋាន​មិន​មែន​ជា​សិស្ស​បាន​ដើរ​ចូល​មក​ក្នុង​បរិវេណ​វិទ្យា​ល័យ​ សំដៅ​រថយន្ត​លោក​នាយក​ ដោយ​មាន​កាន់​ដុំ​ថ្ម​ក្នុង​ដៃ​ផង​ដែរ​ ។ ពេល​ដើរ​ទៅ​ក្បែរ​រថយន្ត​ យុវជន​នោះ​បាន​លើក​ដុំ​ថ្ម​គប់​ពេញ​ទំហឹង​ទៅ​លើ​កញ្ចក់​រថយន្ត​ផ្នែក​ខាង​ក្រោយ​ ហើយ​ក៏បាន​រត់​គេច​ចេញ​ក្រៅ​វិញ​ ដែល​មាន​បក្ស​ពួក​ម្នាក់​កំពុង​បញ្ឆេះ​ម៉ូតូ​ចាំ​ជាស្រេច​នៅ​ខាង​ក្រៅ​វិទ្យា​ល័យ​ រួច​ជិះ​គេច​ខ្លួន​បាត់​ទៅ ។​ លោក សេង​ គន្ធ នាយក​វិទ្យាល័យ​នេត​យ៉ង់​ និង​ជា​ម្ចាស់​រថយន្តបាន​ប្រាប់​ពី​រឿង​រ៉ាវ​ខ្លះៗ​មុន​ពេល​កើត​ហេតុ​ថា​ ក្រោយ​ពី​លោក​បើក​រថយន្ត​ទៅ​ចត​ក្នុងបរិវេណ​វិទ្យា​ល័យ​រួច​ លោក​ក៏​ដើរ​ចូល​កន្លែង​ធ្វើ​ការ​ ។

ពេល​នោះ​លោក​បាន​ឃើញ​យុវជន​៥​នាក់​ស្លៀកពាក់​មិន​មែន​ជាសិស្ស​ដើរ​ចូល​ក្នុង​សាលា​ ទៅ​បង្ក​ជម្លោះ​ជាមួយសិស្ស​ក្នុង​វិទ្យា​ល័យ​ លោក​ក៏​បាន​រារាំង និង​បណ្តេញ​យុវ​ជន​អន្ធពាល​ទាំង​នោះ​ឱ្យ​បំបែក​ហ្វូង​ចេញ​អស់​ទៅ​ ។ រី​ឯ​រូប​លោក​ក៏​ចូល​ទៅ​កន្លែងធ្វើការ​នៅ​ខាង​ក្រោយ ។​ លុះ​នៅ​ម៉ោង​៩​និង​៣០​នាទី​ មាន​សិស្ស​មក​ប្រាប់​ថា​ រថយន្ត​របស់​លោក​នាយក​ត្រូវ​គេ​គប់​បែក​កញ្ចក់​ខ្ទេច​អស់​ហើយ ។​ ឮ​ដូច្នេះ​លោក​ក៏ចេញ​មក​មើល​ឃើញ​បែក​កញ្ចក់​មែន​ និងរកឃើញ​ដុំ​ថ្ម​មួយ​ដុំ​ធំ​នៅ​ក្នុង​រថយន្ត​ទៀត​ផង ​ទើប​លោក​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​តែ​ម្តង​ ហើយ​លោកបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សមត្ថ​កិច្ច​ឱ្យ​ចាត់​វិធាន​ការ​ហើយ ។​

សិស្ស​នៃ​វិទ្យា​ល័យ​នេះ​និយាយ​ដែរ​ថា​ ជន​ដៃ​ដល់​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​បក្ស​ពួក​ទាំង​៥​នាក់​ដែល​បាន​ចូល​មក​បង្ក​ជម្លោះ​ក្នុង​សាលា​ទេ ដែល​ត្រូវ​លោក​នាយក​បណ្តេញ​ចេញ​នោះ ។​ ពួក​គេ​បញ្ជាក់​ថា​ មុន​ពេល​ជន​ដៃ​ដល់​ចូល​ទៅ​គប់​រថយន្ត​នោះ​ គេឃើញ​ក្រុម​នោះ​ជិះ​ម៉ូតូ​២​គ្រឿង​ ដោយ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ឈប់​ខាង​មុខ​វិទ្យា​ល័យ​ ។ រីឯ​១​គ្រឿង​ទៀត​ជិះ​ហួស​ទៅ​ចាំ​ក្បែរ​រង្វង់​មូល​លោ​កតា​ដំបង​គ្រញូង​ ។ លុះ​ជន​ដៃដល់​គប់​បំបែក​កញ្ចក់​រថយន្ត​រួច​ក៏​ឡើង​ជិះ​ម៉ូតូ​ឌុប​គ្នា​គេច​ខ្លួន​ជាបន្តបន្ទាប់​ភ្លាមៗ​ដែរ ។​

មន្ត្រី​នគរបាល​ក្រុងដែល​កំពុង​ចាត់​ការ​លើ​ករណី​នេះ​បាន​និយាយ​ថា​ កំពុង​ហៅ​សិស្ស​វិទ្យា​ល័យ​នេត​យ៉ង់​មួយ​ចំនួន​ដែល​មាន​វិវាទ​ជាមួយ​ក្រុម​យុវជន​ទាំង​៥​នាក់​នោះ​ទៅ​សាក​សួរ​ហើយ​ ដើម្បី​ឈាន​ដល់​ការ​វែក​មុខ​ជន​ដៃដល់​ ព្រោះ​បើ​ផ្អែក​លើ​ព្រឹត្តិការណ៍​ដែល​លោក​នាយក​វិទ្យា​ល័យ​បាន​អះ​អាង​ គឺ​ជន​មួយ​ក្រុម​នោះ​អាច​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ ។​ សូម​បញ្ជាក់​ថា​ វិទ្យាល័យ​ចំនួន​៣ក​្នុង​ក្រុង​បាត់​ដំបង​ត្រូវ​គេ​កត់​សម្គាល់​ថា​ កំពុង​ត្រូវ​ក្រុម​សិស្ស​អន្ធពាល​ទាំងប្រុស ទាំង​ស្រី​អុក​ឡុក​ស្ទើរ​រាល់​ថ្ងៃ​ ក្នុង​នោះ​មានវិទ្យា​ល័យ​នេត​យ៉ង់​ វិទ្យា​ល័យ​ព្រះ​មុនីវង្ស​ និង​វិទ្យា​ល័យ​សម្តេច​ឪ​ ។​

ក្រុម​បង្ក​ជម្លោះ​តែង​ធ្វើ​សកម្ម​ភាព​លឿន​បំផុត​ ដែល​សមត្ថ​កិច្ច​មិន​អាច​បង្ក្រាប​ពួក​គេ​បានទាន់​ពេល​ ។​ លោក​គ្រូ​ អ្នក​គ្រូ​តែង​ត្អូញ​ត្អែរ​អំពី​ការល​ំបាក​ក្នុង​ការ​អប់រំ​ពួក​គេ​ ដោយ​សារ​ខ្លាច​មាន​ការ​គុំកួន​សង​សឹក​ពី​ក្រុម​សិស្ស​អន្ធពាល​ទាំង​នោះ​វិញ​ ។ ជាក់​ស្តែង​ ដូចជា​ករណី​រថយន្ត​លោក​នាយក​វិទ្យាល័យ​នេត​យ៉ង់​ខាង​លើ​នេះ​ជា​ដើម ។​ ដូច្នេះ​មាន​តែពឹង​លើ​សមត្ថ​កិច្ច​​ប៉ុណ្ណោះ​ ដែល​អាច​ជួយប្រដៅ​ក្រុម​សិស្ស​អន្ធពាល​តាម​បណ្តា​វិទ្យា​ល័យ​ទាំង​នេះ​បាន ៕​