ខេត្ដស្វាយរៀង ៖ ការសួរដេញដោលក្នុងសវនាការរឿងក្ដីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាញ់កម្មការិនីរោងចក្រស្បែកជើងកៅវ៉េ ឱ្យរងរបួស៣នាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត កាលពីថ្ងៃទី១២ មិថុនា ចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង៥និង៣០នាទីល្ងាចឃើញថា ការសួរដេញដោលរកភស្ដុតាង ដើម្បីដាក់បន្ទុកចោទប្រកាន់ទៅលើលោក សរ ចន្ថា អធិការរងនគរបាលក្រុងបាវិត ទទួលបន្ទុកព្រហ្មទណ្ឌដែលជាជនត្រូវចោទនោះនៅតែមានភាពចម្រូងចម្រាស ។
បើតាមលោក សរ ចន្ថា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកពុំមានកំហុសអ្វីទេ រូបលោកជាមនុស្សបរិសុទ្ធ ដូច្នេះលោកមិនភ័យខ្លាចអ្វីឡើយ គឺពេលនោះរូបលោកត្រូវបានលោកអធិការដាក់បញ្ជាឱ្យការពាររថយន្ដពន្លត់អគ្គិភ័យឈរជើងនៅរោងចក្រស៊ីកូ ហើយលោកមិនបានប្រព្រឹត្ដដូចការចោទប្រកាន់ឡើយ ។ សាក្សីចំនួន៤នាក់ ដែលមានទាំងលោកវរសេនីយ៍ត្រី កែវ គង់ អធិការនគរបាលក្រុងបាវិតផង បានបំភ្លឺថា លោក សរ ចន្ថា ពិតជានៅគ្រប់គ្រងរថយន្ដអគ្គិភ័យនៅរោងចក្រស៊ីកូមែន ។ មានតែសាក្សីម្នាក់គត់ គឺលោក កើត ចំរើន អធិការរងនគរបាលក្រុងបាវិត ទទួលបន្ទុកសន្ដិសុខបានឆ្លើយថា លោក សរ ចន្ថា នៅរោងចក្រកៅវ៉េ ។
រីឯសាក្សីម្នាក់ទៀតឈ្មោះ ស៊ី ធីណា បានបំភ្លឺថា ក្រោយពេលកើតហេតុរូបលោកនៅរោងចក្រកៅវ៉េ បានឃើញលោក ឈូក បណ្ឌិត កាន់កាំភ្លើងខ្លីក្នុងដៃ គឺកាំភ្លើងនោះគាំង ហើយរូបលោកបានយកកាំភ្លើងខ្លីពីដៃលោក ឈូក បណ្ឌិត មកដោះឱ្យដំណើរការវិញ ។ បន្ទាប់មកលោកបានប្រគល់កាំភ្លើងនោះឱ្យលោក ឈូក បណ្ឌិត រួចជួយរុញលោក ឈូក បណ្ឌិត ឡើងរបងរោងចក្រកៅវ៉េ ដើម្បីគេចខ្លួនពីហ្វូងបាតុករ ហើយពេលនោះដៃរបស់លោកបានប៉ះកាំភ្លើងខ្លីលោក ឈូក បណ្ឌិត ដែលសៀតនៅចង្កេះ ។ ដូច្នេះលោក ឈូក បណ្ឌិត ពិតជាមានកាំភ្លើងខ្លីមែន ប៉ុន្ដែពុំបានឃើញលោក ឈូក បណ្ឌិត បាញ់ទេ ។
ទាក់ទិននឹងករណីនេះលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍មានប្រសាសន៍ថា ចម្លើយរបស់សាក្សី៤នាក់ ដែលជាសមត្ថកិច្ចក្រុងបាវិត ឆ្លើយដូចគ្នា មានតែសាក្សីម្នាក់ប៉ុណ្ណោះគឺលោក កើត ចំរើន បានព្យាយាមឆ្លើយបែបសិប្បនិម្មិតថា លោក សរ ចន្ថា នៅកៅវ៉េ ។ ប៉ុន្ដែលោកទទួលស្គាល់ថា សវនាការដេញដោលនេះ លោកចៅក្រមក៏ដូចលោកព្រះរាជអាជ្ញា បានផ្ដល់ឱកាសឱ្យមេធាវីសួរដេញដោលគ្នា ដើម្បីរកឱ្យឃើញភស្ដុតាង ដើម្បីដាក់បន្ទុកលើលោក សរ ចន្ថា និងរកឱ្យឃើញថា រវាងលោក សរ ចន្ថា និងលោក ឈូក បណ្ឌិត តើអ្នកណាជាអ្នកបាញ់ទៅលើកម្មការិនីទាំងបីនាក់ឱ្យរងរបួស ។ នៅថ្ងៃទី១៣ មិថុនា មានសាក្សី៥នាក់ទៀតត្រូវសាកសួរបន្ដ ។
ពេលបញ្ចប់សវនាការនៅថ្ងៃទី១២ មិថុនាកម្មការិនីទាំង៣នាក់ និងលោក សរ ចន្ថា បានចេញមកផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
នៅថ្ងៃទី១៣ មិថុនា ចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១១និង៥០នាទីថ្ងៃត្រង់ សាលាដំបូងខេត្ដស្វាយរៀង បានបើកសវនាការបន្ដរឿងក្ដីលោក ឈូក បណ្ឌិត ដោយមានសាក្សី៥នាក់ជាសមត្ថកិច្ចចូលបំភ្លឺ ដែល៣នាក់ឆ្លើយថា មិនស្គាល់លោក ឈូក បណ្ឌិត ច្បាស់មិនបានឃើញអ្វីទាំងអស់ រីឯអ្នកបើកបររថយន្ដឱ្យលោក ឈូក បណ្ឌិត ឆ្លើយថា គ្រាន់តែបើករថយន្ដជូនលោកបណ្ឌិតទៅកន្លែងកើតហេតុ រួចបើករថយន្ដទៅចាំនៅខាងមុខមិនបានដឹងអ្វីទេ ។
ចំពោះមន្ដ្រីប៉េអឹមមួយរូបដែលជាកងការពារលោក ឈូក បណ្ឌិត បានឆ្លើយបំភ្លឺថា រូបគាត់ឈរនៅលើថ្នល់មុខរោងចក្រ ស្រាប់តែឮស្នូរផ្ទុះកាំភ្លើងមួយគ្រាប់ក៏ដើរទៅមើលឃើញលោក ឈូក បណ្ឌិត កំពុងប្រវាយប្រតប់ជាមួយកម្មករ ហើយឃើញលោក ឈូក បណ្ឌិត កាន់កាំភ្លើងខ្លីនៅដៃ រួចបាញ់មួយគ្រាប់ឡើងលើ បន្ទាប់មកសមត្ថកិច្ចចូលទៅរំដោះលោក ឈូក បណ្ឌិត ចេញពីហ្វូងបាតុករ ។ ឆ្លងតាមសាក្សី១០នាក់ដែលបានឆ្លើយបំភ្លឺគឺមាន ២នាក់ឆ្លើយថា លោក ឈូក បណ្ឌិត កាន់កាំភ្លើងខ្លី និងបាញ់នៅកន្លែងកើតហេតុ បាញ់កម្មករ-កម្មការិនី៣នាក់ឱ្យរងរបួស ។
ឯ៣នាក់ឆ្លើយថា លោក សរ ចន្ថា នៅរោងចក្រស៊ីកូ ៣នាក់ឆ្លើយថា មិនស្គាល់ច្បាស់ មិនដឹងច្បាស់ពីលោក ឈូក បណ្ឌិត ។ ម្នាក់ឆ្លើយថា លោក សរ ចន្ថា នៅកន្លែងកើតហេតុរោចក្រកៅវ៉េ រីឯម្នាក់ដែលជាអ្នកបើករថយន្ដឱ្យលោក ឈូក បណ្ឌិត ឆ្លើយថា គ្រាន់តែជាអ្នកដឹកលោក ឈូក បណ្ឌិតមកកន្លែងកើតហេតុ និងមិនដឹងអ្វីទេ ៕
ចែករំលែកព័តមាននេះ