រាជធានីភ្នំពេញ ៖ បុរសជាអតីតទាហានម្នាក់ធ្លាប់មានចិត្តក្លាហានក្នុងការប្រយុទ្ធជាមួយខ្មាំងសត្រូវ មិនតក់ស្លុតក្នុងសមរភូមិ ប៉ុន្តែបែរជាចុះចាញ់នឹងអំពើផិតក្បត់របស់ប្រពន្ធដែលលួចមានសហាយស្មន់ រហូតធ្វើឱ្យគេតូចចិត្តគិតខ្លីយកថ្នាំកណ្តុរផឹកប៉ុនប៉ងធ្វើអត្តឃាត ដើម្បីបញ្ចប់ជីវិតចោលប្រពន្ធចិត្តសាវា កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ មិថុនា នៅភូមិព្រៃស សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសផឹកថ្នាំកណ្តុរឈ្មោះ ប៊ូ នួន អាយុ៤០ឆ្នាំ ជាអតីតទាហាន មានស្រុកកំណើតនៅភូមិព្រៃផ្អាវ ឃុំរនៀម ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ជួន សុភាព អាយុ៣៦ឆ្នាំ ជាកម្មការិនីកាត់ដេរ ។ ប៊ូ នួន បានឱ្យដឹងថា ដោយសារតែលោកឈប់ពីទាហាន អត់មានមុខរបរអ្វីសម្រាប់រកចំណូលមកផ្គត់ផ្គង់ជីវភាព ប្រពន្ធរបស់លោកបានសុំមកធ្វើការនៅរោងចក្រឯរាជធានីភ្នំពេញ ដោយទៅស្នាក់នៅបន្ទប់ជួលជាមួយប្អូនថ្លៃស្រី។ បើទោះប្រពន្ធបានឃ្លាតឆ្ងាយចេញពីដើមទ្រូងយ៉ាងណាក្តី ក៏លោកនៅតែទូរស័ព្ទមកសួរសុខទុក្ខជារៀងរាល់ថ្ងៃដោយក្តីអាណិតស្រឡាញ់ប្រពន្ធជាទីបំផុត ។
ប៉ុន្តែរយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះ លោកបានទូរស័ព្ទមករកប្រពន្ធ បែរជាទូរស័ព្ទរបស់គេហ៍បិទរហូត ធ្វើឱ្យរូបលោកកើតការងឿងឆ្ងល់ក្នុងចិត្ត និងមានក្តីកង្វល់រហូតដេកមិនលក់ បក់ក៏មិនរហើយ ក៏បានបបួលម្តាយក្មេក និងកូនប្រុសម្នាក់អាយុ១៤ឆ្នាំមកភ្នំពេញដើម្បីរកប្រពន្ធ ។ ខណៈពេលមកដល់ភ្នំពេញ ប្អូនថ្លៃស្រីប្រាប់ថា ប្រពន្ធរបស់លោកឈប់ស្នាក់នៅទីនេះហើយ គឺគាត់បានទៅជួលនៅជិតទីនេះដែរ ។ លុះព្រឹកកើតហេតុនេះ លោកបានទូរស័ព្ទចូល ប៉ុន្តែប្រពន្ធមិនបានលើកទូរស័ព្ទទេ បែរជាមានប្រុសម្នាក់ជាអ្នកលើកជំនួសទៅវិញ ដោយប្រាប់ថាជាទូរស័ព្ទរបស់ខ្លួន។
បុរសជាប្តីបានបន្តទៀតថា លោកស្គាល់សំឡេងមនុស្សប្រុសនោះច្បាស់ណាស់ គឺជាមនុស្សដែលស្គាល់ និងរាប់អានគ្នាធ្វើជាប្អូនធម៌ តាំងពីលោកនៅធ្វើជាទាហានមកម៉្លេះ ហើយកន្លងមកប្អូនធម៌រូបនេះបានលួចស្រឡាញ់ប្រពន្ធរបស់លោកជាយូរមកហើយ ហើយថែមទាំងមានគម្រោងប៉ុនប៉ងសម្លាប់លោកចោលដើម្បីយកប្រពន្ធរបស់លោកថែមទៀតផង ។ ស្របពេលប្រពន្ធរបស់លោកសុំមកធ្វើការនៅរោងចក្រ បែរជាមកលួចសហាយស្មន់ជាមួយប្អូនធម៌ម្នាក់នោះទៅវិញ ។ នៅពេលដឹងច្បាស់យ៉ាងដូច្នេះ រូបលោកស្ទើរតែគាំងបេះដូងស្លាប់មួយរំពេច ។
ណៈនោះធ្វើឱ្យលោកលែងចង់រស់នៅលើលោកនេះទៀតផង ។ ដោយសារអារម្មណ៍រន្ធត់ និងរកអ្វីនិយាយមិនចេញនោះ ទើបសម្រេចចិត្តប៉ុនប៉ងសម្លាប់ខ្លួនតែម្តង ។ បន្ទាប់ពីបុរសម្នាក់នេះផឹកថ្នាំកណ្តុរ ស្ត្រីជាប្អូនថ្លៃ និងម្តាយក្មេកបានហៅរ៉ឺម៉កម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលចេញ ។ ក្រោយពីក្រុមគ្រូពេទ្យជ្រោមជ្រែងជួយសង្គ្រោះរួចមក ស្ថានភាពជំងឺរបស់ជនរងគ្រោះបានធូរស្រាលឡើងវិញ ។
បុរសរូបនោះបានរៀបរាប់ប្រាប់ឱ្យដឹងថា លោកហួសចិត្តនិយាយមិនចេញ មិនគួរណាប្រពន្ធរបស់លោកមានប្តីថ្មីចោលលោកបែបនេះសោះ ។ ក្រោយហេតុការណ៍នេះមិនឃើញស្ត្រីជាប្រពន្ធទៅជួយមើលថែបុរសជាប្តីនេះឡើយ ។ ទោះជាយ៉ាងណា គេមិនអាចទាក់ទងរកការបំភ្លឺពីស្ត្រីជាប្រពន្ធបានទេ កាលពីថ្ងៃទី១៣ មិថុនា ជុំវិញការចោទប្រកាន់ថា លួចមានសហាយស្មន់នេះ ៕
ចែករំលែកព័តមាននេះ