ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ បានត្រូវប៉េអឹមក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ មិថុនា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពីបទក្លែងបន្លំឯកសារសាធារណៈលើជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ដែលចូលមកកម្ពុជានាព្រឹកថ្ងៃដដែលនោះ។ ជនសង្ស័យទាំង២នាក់នេះម្នាក់ឈ្មោះ ហេង គឹមឡុង ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ពួកគេជាអ្នកនាំភ្ញៀវនៅច្រកទ្វារអន្តរជាតិ និងស្នាក់នៅក្នុងភូមិប៉ោយប៉ែត ។
លោក ហម ម៉ុត មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះមុនពេលកម្លាំងរបស់លោកឃាត់ខ្លួន គឺមានសេចក្តីរាយការណ៍ពីការិយាល័យគយ និងរដ្ឋាករ សុំឱ្យជួយសហការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ ដោយពួកគេបានធ្វើសកម្មភាពក្លែងឯកសារសាធារណៈដើម្បីយកម៉ូតូធំៗឆ្លងដែនពីថៃ ក្នុងតម្លៃរួម២.០០០បាតលើភ្ញៀវជនជាតិម៉ាឡេស៊ីចំនួន៤នាក់ដែលត្រូវចូលទៅទស្សនាប្រាង្គប្រាសាទនៅខេត្តសៀមរាប ។ លោក ហម ម៉ុត បន្តថា ការក្លែងឯកសាររបស់ជនសង្ស័យទាំង២នេះគឺពួកគេចុះហត្ថលេខា និងវាយត្រាដែលធ្វើដោយខ្លួនឯងជំនួសមន្ត្រីជំនាញ លុះជនជាតិម៉ាឡេស៊ីទាំង៤នាក់នោះឆ្លងកាត់មុខការិយាល័យគយលើកឯកសារក្លែងក្លាយនោះបង្ហាញ ហើយមន្ត្រីជំនាញសុំធ្វើការត្រួតពិនិត្យទើបដឹង ក៏មានវិធានការលើក្រុមជនសង្ស័យភ្លាមៗ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់សារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ហើយពួកគេធ្វើរបៀបនេះជាយូរមកហើយ ប៉ុន្តែសម្រាប់តែភ្ញៀវរាយដែលមានគ្នាតិចប៉ុណ្ណោះ ។ ជនជាតិម៉ាឡេស៊ីទាំង៤នាក់ ត្រូវបានមន្ត្រីជំនាញនៅការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបំពេញបែបបទស្របច្បាប់ឱ្យជាថ្មីដើម្បីឱ្យបន្តដំណើរ ។លោក ហម ម៉ុត ប្រាប់ថា ជនសង្ស័យទាំង២នាក់ក្រោយពីសួរនាំរួចក៏បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ