អ្នកវិទ្យាសាស្ត្របានអះអាងថា សារធាតុផ្សំមួយប្រភេទនៅក្នុងឡេការពារកំដៅថ្ងៃដែលបណ្តាអ្នកដើរកម្សាន្តតែងប្រើក្នុងគោលបំណងការពារស្បែករបស់ពួកគេនោះបែរជាផ្តល់ផលអវិជ្ជមានផ្ទុយពីការគិតរបស់គេទៅវិញ ។តាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Missouri សហរដ្ឋអាមេរិកបានបង្ហាញថា សារធាតុនៅក្នុងឡេឈ្មោះស័ង្កសីអុកស៊ីតពេលដែលត្រូវនឹងពន្លឺថ្ងៃវាបញ្ចេញប្រតិកម្មគីមី ហើយបន្ទាប់មកបញ្ចេញម៉ូលេគុលមិនទៀងទាត់ហៅថា«រ៉ាឌីកាល់សេរី» ។
រ៉ាឌីកាល់សេរីនេះនឹងស្វែងរកការចងភ្ជាប់ជាមួយម៉ូលេគុលផ្សេងទៀត ហើយជាយថាហេតុពួកវាអាចបំផ្លាញបណ្តាកោសិកាទាំងឡាយ ឬក៏DNA ដែលស្ថិតនៅក្នុងកោសិកាទាំងនេះ ។ ស្ថិតក្នុងស្ថានភាពបែបនេះនាំឱ្យក្រុមអ្នកស្រាវជ្រាវយល់ថា វាអាចបង្កើនអត្រាមហារីកស្បែក ។
វេជ្ជបណ្ឌិត Tinfa Ma អ្នកដឹកនាំការស្រាវជ្រាវបានគូសបញ្ជាក់ថា ដរាបណាស័ង្កសីអុកស៊ីត ត្រូវពន្លឺថ្ងៃកាន់តែយូរ នោះការបំផ្លាញកោសិកាក៏កាន់តែមានច្រើនឡើងដែរ ។ លោកបន្តថា «ស័ង្កសីអុកស៊ីតអាចបង្កើតជារ៉ាឌីកាល់សេរីនៅពេលវាប៉ះត្រូវពន្លឺថ្ងៃ ហើយរា៉ឌីកាល់នេះអាចសម្លាប់កោសិកាបាន »។
លោកវេជ្ជបណ្ឌិតបានអះអាងថា លោកនឹងពិសោធបន្ថែមទៀត ដើម្បីរកឱ្យឃើញកាន់តែច្បាស់ថា តើស័ង្កសីអុកស៊ីតពិតជាបង្កើតរា៉ឌីកាល់សេរីដូចការរកឃើញនេះ ដែរឬយ៉ាងណា ។ វិធីល្អបំផុតនៃការធ្វើដំណើរក្រោមពន្លឺថ្ងៃដោយមិនបារម្ភពីការខូចស្បែកគឺស្លៀកសម្លៀកបំពាក់ក្រាស់ និងជិតខ្លួន ។ គេគួរតែជ្រកម្លប់នៅពេលព្រះអាទិត្យបញ្ចេញកំដៅខ្លាំងចន្លោះពីម៉ោង១១ទៅម៉ោង៣រសៀល ៕
ចែករំលែកព័តមាននេះ