ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ក្នុងចំណោម២នាក់បានលង់ទឹកស្លាប់ ខណៈពេលពួកគេនាំគ្នាជិះទូកដែលម្ចាស់គេចតទុកក្បែរច្រាំងស្ទឹងសង្កែ ហើយរអិលជើងធ្លាក់ចូលទឹក និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ មិថុនា ២០១៣ នៅខាងមុខវត្តកណ្តាលក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
កុមារារងគ្រោះឈ្មោះខេម ដារ៉ាជីម អាយុ៣ឆ្នាំ ស្នាក់នៅជាមួយជីដូនក្នុងវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញកុមារារងគ្រោះ និងកុមារាម្នាក់ទៀតបានចុះក្នុងស្ទឹងរួចនាំគ្នាឡើងជិះទូកលេង ខណៈពេលពួកគេកំពុងព្យាយាមឡើងធ្វើឱ្យទូកឃ្លេងឃ្លោងកុមារារងគ្រោះក៏រអិលជើងធ្លាក់ចូលទឹកបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅជិតនោះក៏នាំគ្នាចុះជួយស្រង់តែរកមិនឃើញ លុះកន្លះម៉ោងក្រោយមកទើបឃើញអណ្តែតនៅចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែងកើតហេតុ។
ពេលនេះកុមារារងគ្រោះត្រូវបានជីដូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ