ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​គ្លីនិក​«​រ៉ា​ក់​»​គេ​កំពុង​សង្ស័យ​…​មិច​ក៏​លោក​ចោរ​ដឹង​កន្លែង​ច្បាស់​ម៉្លេះ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​ដែល​មាន​បក្សពួក​យ៉ាងតិច​២​នាក់ បាន​ចូល​លួច​សម្ភារ ពេទ្យ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ និង​លុយ​ជាង១០​លាន​រៀល​ពី​ក្នុង​គ្លីនិក​រ៉ា​ក់ ដែល​ជា​គ្លីនិក​របស់អង្គការ​មួយ​សម្រាប់​ពិនិត្យ​សុខភាព​ និង​រោគ​ស្ត្រី មា​នទី​តាំងនៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ…

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​ដែល​មាន​បក្សពួក​យ៉ាងតិច​២​នាក់ បាន​ចូល​លួច​សម្ភារ
ពេទ្យ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ និង​លុយ​ជាង១០​លាន​រៀល​ពី​ក្នុង​គ្លីនិក​រ៉ា​ក់ ដែល​ជា​គ្លីនិក​របស់អង្គការ​មួយ​សម្រាប់​ពិនិត្យ​សុខភាព​ និង​រោគ​ស្ត្រី មា​នទី​តាំងនៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

គេ​សង្ស័យ​ថា សកម្មភាព​ចោរកម្ម​នេះ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១២​អធ្រាត្រ​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា បន្ទាប់​ពី​សន្តិសុខ​ដេក​លក់ ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​ជាបឋម របស់​សមត្ថកិច្ច​ដែល​បាន​ចុះ​ត្រួតពិនិត្យ ។

សមត្ថកិច្ច​និយាយ​ថា ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ
វិច្ឆិកា ពេល​បុគ្គលិក​ពេទ្យ​ចូល​ដល់​កន្លែងធ្វើការ ហើយ​ឃើញ​បាត់បង់​ឧបករណ៍​ឬ​សម្ភារ​ពេទ្យ​សំ
ខាន់​ៗ​ពី​ក្នុង​បន្ទប់ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​បន្ទប់​ចំនួន​៣​នៃ​អគារ​ពេទ្យ​នេះ ត្រូវ​ចោរ​ចូល​លួច​សម្ភារ​ពេទ្យ​និង​លួច​លុយ គឺ​បន្ទប់ពិសោធន៍​ចំនួន​២ និង​បន្ទប់​ដាក់​ទូដែក​១ ដែល​ជា​បន្ទប់​ប្រធាន​គ្លីនិក​នេះ​ធ្វើការ ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​តាម​បន្ទប់​នីមួយ​ៗគេ​មិនឃើញ​មាន​ស្នាម​គាស់​ទម្លុះ​ទេ រីឯ​សោ​ទ្វារ​ឬ​បង្អួច​ក៏​គ្មាន​ស្នាម​កាត់​ឬ​គាស់​ដែរ ។ គេ​សង្ស័យ​ថា ជន​ដៃដល់​អាច​ប្រើ​កូនសោ​ចាក់​បើកទ្វារ​តាម​សម្រួល​តែ​ម្ដង ព្រោះ​គ្មាន​ស្លាកស្នាម​បន្សល់​ទុក​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​ឡើយ ។

ជាមួយ​គ្នា​នេះ បុគ្គលិក​ពេទ្យ​មួយ​ចំនួន​ដែលធ្វើការ​នៅ​ក្នុង​គ្លីនិក​រ៉ា​ក់​នេះ​និយាយ​ថា ជា​ធម្ម
តា​នៅ​ក្នុង​គ្លីនិក​មាន​សន្តិសុខ​ម្នាក់​ឈ្មោះ ស៊ន ភឿន ជា​អ្នកយាម​ជា​ប្រចាំ​ពេល​យប់ តែ​គេ​មិន
ដឹង​ថា នៅ​យប់​កើតហេតុ​នោះ សន្តិសុខ​រូប​នេះ​ដេក​លក់​ឬ​យ៉ាងណា​ទេ បានជា​ចោរ​ចូល​លួច​សម្ភារ​ក្នុង​អគារ​មិនដឹង​បែប​នេះ?

បុគ្គលិក​ពេទ្យ​ដដែល​បាន​លើក​ឡើង​ថា បើ​ពិនិត្យ​លើ​ឧបករណ៍​ឬ​សម្ភារ​ពេទ្យ និង​ទូដែក​ដាក់​លុយ​ដ៏​ធ្ងន់​ផង ពួក​ចោរ​ហាក់​មិន​ងាយស្រួល​ក្នុង​ការ​លើក​ជញ្ជូន​ចេញពី​ក្នុង​បន្ទប់​ឡើយ ហើយ​ក៏​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​នាក់ និង​ចំណាយពេល​យូរ​ដែរ​ទើប​ជញ្ជូន​ចេញ​អស់ ។ចុះ​ហេតុ​អ្វី​បានជា​សន្តិសុខ​ដេក​មិន​កម្រើក​បន្តិច​សោះ​អុី​ចឹ​ង? ម្យ៉ាងទៀត តាម​បន្ទប់​នីមួយ​ៗ​គេ​មិនឃើញ​មាន​ស្នាម​គាស់​ទម្លុះ​ទេ គឺ​សុទ្ធតែ​ប្រើ​កូនសោ​ចាក់​បើកទ្វារ​ចូល​លួច​តាម​ស​ម្រូ​ល​ទៀត តើ​ពួក​ចោរ​មកពីណា​បានជា​ចូល​ស្រួល​ម្ល៉េះ ?

មន្ត្រី​ពេទ្យ​ម្នាក់​បាន​លើក​ឡើង​បែប​ងឿងឆ្ងល់​ដែរ​ថា ក្រុម​ចោរ​ហាក់​ស្គាល់​យ៉ាង​ច្បាស់​ពី​ទី
កន្លែង​ផ្ទុក​សម្ភារ​ពេទ្យ​ដែល​មាន​តម្លៃ​ថ្លៃ និង​បន្ទប់​ដាក់​ទូដែក​នៅ​ជាន់​ខាងលើ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​នៅ​ក្នុង​បន្ទប់​លេខ​៩​មាន​ទូដែក​ចំនួន​៣ តែ​លោក​ចោរ​លើកយក​តែ​១​ទេ គឺ​លើក​ចំ​ទូដែក​ធំ​ដែល​មាន​ដាក់​លុយ ។ តើ​ក្រុម​ចោរ​នេះ​មក​ពី​ខាង​ណា បានជា​ស្គាល់​ទីតាំង​ច្បាស់​ម្ល៉េះ? ឬ​អាច​ជា​ដង្កូវចេញពីសាច់? ក្រុម​ចោរ​ជញ្ជូន​សម្ភារ​ពេទ្យ​ចេញ​តាម​ចិត្ត បែរជា​មិន​រំខាន​ដល់​ដំណេក​សន្តិសុខ?

ជុំវិញ​ការ​បាត់បង់​នេះ អ្នក​គ្រួ​ពេទ្យ​ម្នាក់​ទំនងជា​អ្នក​ទទួលខុសត្រូវ​នៅ​គ្លីនិក​«​រ៉ា​ក់​»​នោះ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មាន​បន្ទប់​ចំនួន​៣​ដែល​ត្រូវ​ចោរ​ចូល​លួច​សម្ភារ​និង​លួច​យក​ទូដែក​ដាក់​លុយ ។

អ្នក​គ្រួ​ពេទ្យ​រូប​នោះ​បាន​បង្ហាញ​របាយការណ៍​បឋម​មួយ ដែល​និយាយ​ពី​សម្ភារ​បាត់បង់​ក្នុង​នោះ​មាន បន្ទប់​លេខ​១ បាន​បាត់​ម៉ាស៊ីន​អេកូ​សាស្ត្រ​១​គ្រឿង និង​បាត់​ទុយោ​សុង​4D​ចំនួន​១ ។ បន្ទប់​លេខ​៩ បាត់​ក្បាល​កាមេរ៉ា​សុវត្ថិភាព​១ ហាត​ឌី​ស្ត​(​អង្គ​ចង​ចាំ​)​ចំនួន​១ និង​ទូដែក​១ ដែល​មាន​ផ្ទុក​លុយ​ជាង​១០​លាន​រៀល និង​៤៧៤​ដុល្លារ ។ ដោយឡែក បន្ទប់​លេខ​១៤ បាន​បាត់​ម៉ាស៊ីន​CBC​ចំនួន​១​គ្រឿង និង​ម៉ាស៊ីន Biochimycol​ចំនួន​១​គ្រឿង ។

ទោះជា​យ៉ាងណា អ្នកគ្រូ​ពេទ្យ​រូប​នេះ មិន​បាន​ប្រាប់​អំពី​តម្លៃ​ជាក់លាក់​នៃ​សម្ភារ​ពេទ្យ​ដែល
ត្រូវ​ចោរលួច​ទាំងនោះ​ទេ ។ ប៉ុន្តែ​ជា​ចុង​ក្រោយ​អ្នកគ្រូ​ពេទ្យ​រូប​នេះ បែរជា​ចង់​បិទ​បាំង​និង​ព្យា
យាម​រារាំង​មិន​ឲ្យ​ផ្សព្វ​ផ្យា​យ​អំពី​ហេតុការណ៍​នេះ​ដោយ​សំអាង​លើ​សិទ្ធិ​របស់​គាត់ ពេល​ឃើញ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​សួរនាំ​ព្រោងព្រាត ។ គាត់​បាន​ព្រមាន​ថា «​បើ​អ្នក​សារព័ត៌មាន​ផ្សាយ​ខុស​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​» ។

ជុំវិញ​សម្ភារ​ពេទ្យ​ដែល​ត្រូវ​ចោរលួច​ខាងលើ​នេះ​ដែរ បើ​តាម​គ្រូពេទ្យ​ជំនាញ​ប្រចាំ​នៅ​គ្លីនិក​ឯកជន​មួយ​បាន​បង្ហើប​ថា ឧបករណ៍​ឬ​សម្ភារ​ពេទ្យ​ដែល​ត្រូវ​ចោរលួច​ខាងលើ​នេះ សុទ្ធតែ​មាន​តម្លៃ​ខ្ពស់​ៗ​បំផុត ជា​ពិសេស​ម៉ាស៊ីន​អេកូ​សាស្ត្រ​តែ​ម្ដង ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។

ក្រោយ​កើតហេតុ មន្ត្រី​នគរបាល​ជំនាញ និងនគរបាល​ការិយាល័យ​បច្ចេក​ទេ​វិទ្យាសាស្ត្រ​ខេត្ត
បាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​សួរនាំ​អំពី​រឿងរ៉ាវ​នេះ ។ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​ហាក់​មានការ​អល់​អែក​ក្នុង​ការ​ធ្វើ​កោសល្យវិច័យ ដោយសារ​តែ​ទីតាំង​កើតហេតុ​គ្មាន​បន្សល់​ទុក​នូវ​ស្លាកស្នាម អ្វី​ទាំងអស់ ។

មន្ត្រី​មួយ​រូប​និយាយ​ថា គ្មាន​ការ​គាស់​ទម្លុះ​ទេ រីឯ​ទីកន្លែង​ដទៃ​ទៀត​ក៏​មិន​មាន​បន្សល់​ទុក​ស្លាក
ស្នាម​អ្វី​ដែរ ព្រោះ​មុន​ពេល​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់ គេ​ពិនិត្យ​ឃើញ​នៅ​ក្នុង​បរិវេណ​នៃ​គ្លីនិក​ឬ​នៅ​តាម​បន្ទប់​នីមួយ​ៗ​ដែល​មាន​បញ្ហា ត្រូវ​បាន​លុកលុយ​ខ្ទេចខ្ទី​ដោយ​បុគ្គលិក​ពេទ្យ​និង​អ្នក​ទៅ​ពិនិត្យ​ជំងឺ​ឡើង​វ៉​ល់​អស់​ទៅ​ហើយ ។ ដូច្នេះ មន្ត្រី​ជំនាញ​ជួប​ការ​លំបាក​បន្តិច​ក្នុង​ការ​ធ្វើ​កោសល្យវិច័យ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ករណី​នេះ ជន​ប្រព្រឹត្ត​អាច​មាន​បក្សពួក​លើសពី​២​នាក់ ។ បើ​តាម​ការ​ស្រង់​សម្តី​សន្តិសុខ​នោះ
បាន​ប្រាប់​ថា ខ្លួន​បាន​ចូល​ដេក​នៅ​វេលា​ម៉ោង​១០​ទៅ​ម៉ោង​១១​នា​យប់​នោះ ដូច្នេះ​ក្រុម​ចោរ
អាច​ចូល​ធ្វើ​សកម្មភាព​ក្រោយ​ពេល​សន្តិសុខ​រូប​នេះ​ដេក​លក់ ។

លោកស្នងការ​រង​ថ្លែង​ថា លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ជុំវិញ​អំពើ​លួច​ដ៏​ធ្ងន់ធ្ងរ​នេះ ។ ប៉ុន្តែ​លោកស្នងការ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ហៅ​សន្តិសុខ​ម្នាក់​នោះ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត​ហើយ ។

លោកស្នងការ​រង ជេ​ត វណ្ណ​នី បាន​បង្ហើប​បន្តិច​ដែរ​ថា បើ​តាម​តម្រុយ​មួយ​ចំនួន​ដែល​មន្ត្រី​ជំនាញ​ទទួល​បាន ក្រៅពី​ហៅ​សន្តិសុខ​ម្នាក់​នោះទៅ​សាកសួរ នៅ​មាន​បុគ្គលិក​ពេទ្យ​ខ្លះ​ក៏​ត្រូវ​ហៅ​ទៅ​សួរនាំ​ដែរ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ព្រោះ​មាន​តម្រុយ​គួរ​ឲ្យ​សង្ស័យ​ខ្លះ​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ