ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ម៉ា​ឡេ​ស៊ី សហការ​អភិវឌ្ឍន៍ លើ​ឧ​ស្សហកម្ម​ឫស្សី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​អង្គការ​មូលនិធិ​ច្នៃប្រឌិត​សកល និង​សហគ្រិនភាព​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឫស្សី​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កន្លង​មក លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើក​ឡើង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួង ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បើក​ទូលាយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យកសិកម្ម ។

លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​រួម​គ្នា​អនុវត្ត​រាល់​ខ្លឹមសារ​នៃ​អនុស្សរណៈ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ព្រៃឈើ ក៏​ដូច​ជា​ក្រុមហ៊ុន​វិនិយោគ ។ លោក​ថ្លែង​ថា ៖« ក្រសួង​បាន​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ដែល​បាន​ផ្តល់​អាទិភាព​ទៅ​លើ​អនុ​វិស័យ​ជា​ច្រើន​សំខាន់​ៗ ក្នុង​ចំណោម​នោះ គឺ​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ តាម​រយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ ក្នុង​គោលបំណង​ចម្បង គឺ​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ផលិតកម្ម​ឫស្សី ដែល​ជា​មុខរបរ​មួយ​ថ្មី អាច​ជួយ​បង្កើត​ការងារ ជូន​ប្រជា​សហគមន៍​ព្រៃឈើ »​។ « គម្រោង​នេះ​ក៏​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ធនធាន​ឫស្សី បង្កើន​ចំណូល​គ្រួសារ កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​ផល និង​អនុ​ផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់​បន្ថយ​ចំណាកស្រុក តាម​រយៈ​ការ​បង្កើន​ពង្រឹង និង​ពង្រីក​ផលិតកម្ម​កែ​ច្នៃ​ឫស្សី​របស់​កម្ពុជា ឲ្យ​មាន​ផលិតភាព​និង​គុណភាព សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំ​ចេញ ផង​ដែរ »​។ នេះ​បើ​តាម​ការ​បញ្ជាក់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។

លោក វេ​ង សា​ខុន បញ្ជាក់​ថា ៖« គោលដៅ​របស់​យើង សហគមន៍​ព្រៃឈើ​ជា​អ្នក​ដាំ​ដុះ ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ និង​បង្កើន​ចំណូល​ដល់​សមាជិក​សហគមន៍​ព្រៃឈើ តាម​រយៈ​ការ​លក់​ឫស្សី​ដល់​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី ជា​អ្នក​ប្រមូល​ទិញ​ក្នុង​កែ​ច្នៃ »​។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖« តាម​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឫស្សី​នេះ ក្រសួងកសិកម្ម​មាន​ផែនការ​ដាំ​ដុះ​ឫស្សី នៅ​ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី រតនគិរី សៀមរាប ព្រះ​វិហារ ឧត្តរមានជ័យ បាត់ដំបង និង​ខេត្តកោះកុង »​។

បើ​តាម​លោក​រដ្ឋមន្ត្រី ឫស្សី​នោះ​នឹង​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​កន្សែង​ជូត​ខ្លួន​, ឧបករណ៍​សម្ភារ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ និង​ក្នុង​ការិយាល័យ​, គ្រឿង​សង្ហ​រិម​ជាដើម ។

គួរ​បញ្ជាក់​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ដែល​បាន​ផ្តល់​អាទិភាព​ទៅ​លើ​អនុ​វិស័យ​ជា​ច្រើន​សំខាន់​ៗ ក្នុង​ចំណោម​នោះ​គឺ​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ ក្នុង​គោលបំណង​ចម្បង គឺ​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ផលិតកម្ម​ឫស្សី​ដែល​ជា​មុខរបរ​មួយ​ថ្មី​អាច​ជួយ​បង្កើត​ការងារ​ជូន​ប្រជា​សហគមន៍​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ដែល​មាន​ធនធាន​ឫស្សី​ដើម្បី​បង្កើន​ចំណូល​គ្រួសារ កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​ផល និង​អនុ​ផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់​បន្ថយ​ចំណាកស្រុក​តាម​រយៈ​ការ​បង្កើន ពង្រឹង និង​ពង្រីក​ផលិតកម្ម​កែ​ច្នៃ​ឫស្សី​របស់​កម្ពុជា​ឲ្យ​មាន​ផលិតភាព និង​គុណភាព​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំ​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ