ខេត្តពោធិ៍សាត់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បកស្រាយសម្តីរបស់គណបក្សប្រឆាំងដែលថា ពីមុនគណបក្សប្រជាជនបំបែកបំបាក់ ។ សម្តេចមានប្រសាសន៍បញ្ជាក់ថា លោកឯងជាមនុស្សឬក៏ជាសត្វដែលធ្វើឱ្យគេបំបែកបំបាក់បាន ចុះកាលដែលលោកឯងជេរគ្នានោះ តើខ្ញុំបំបែកបំបាក់ដែរឬស្អី? ជេរគ្នាអាក្រក់ៗ ដាក់បណ្តាសាគ្នាឱ្យព្រាត់ប្រាសឱ្យរលំរលាយ ឱ្យខ្ចាត់ព្រាត់ ។ ត្រង់ហ្នឹងតើខ្ញុំបំបែកដែរឬ?
បើខ្ញុំបំបែកបាន លោកមិនស័ក្តិសមធ្វើមេដឹកនាំនយោបាយទេ ហើយក៏កាន់តែមិនស័ក្តិសមដឹកនាំប្រទេសទៀត ព្រោះត្រចៀកវាស្រាលពេក ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១១ មិថុនា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាន ៣កន្លែងក្នុងខេត្តពោធិ៍សាត់ដែលបានប្រារព្ធធ្វើនៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការដឹកនាំគឺទាមទារនូវភាពអំណត់ទស្សន៍ទាយសភាពការណ៍ឱ្យបានត្រឹមត្រូវណាស់ នេះមិនដូច្នេះលោកឯងបែរជាមកបន្ទោសថាគេបំបែកបំបាក់លោកឯង ។
បើដូច្នេះ លោកឯងជាមនុស្សឬជាសត្វ ដូចជាសត្វមាន់ដែល វានៅក្នុងទ្រុងជាមួយគ្នា គេយកទៅលាបធ្យូងដាក់ឱ្យជល់គ្នា ។ ប៉ុន្តែឥឡូវលោកឯងឈប់បែកបាក់ហើយ ជេរចុះជេរឡើងអ្នកណាក៏នៅតែអាយ៉ង ហ៊ុន សែន ដែរ ។ ខ្ញុំសូមផ្តាំថា ខ្សែអាត់របស់លោកម្នាក់នៅបា៉រីសសន្ទនាជាមួយខ្ញុំនៅ នឹងខ្ញុំទាំងអស់មានទាំងជួប៣ម៉ោងក៏មាន ទូរស័ព្ទពីប៉ារីសមក ស្រួលមិនស្រួលខ្ញុំបញ្ចេញតែទាំងអស់ ឬក៏គ្រវាត់ចោលតែម្តង ។ ថតគ្នាទៅវិញទៅមក តែនៅពេលនោះគាត់ជេរគ្នារបស់គាត់ ហើយប្រាប់មកខ្ញុំថា មួយនោះប្រឆាំងផ្កាប់មុខ ។ ម្តងទៀតមកជួបខ្ញុំទៀតថា មួយនោះប្រឆាំងផ្កាប់មុខ ។
អ៊ីចឹងទាំងពីរនាក់សុទ្ធតែមកនិយាយជាមួយខ្ញុំថា «សុទ្ធតែប្រឆាំងផ្កាប់មុខ »។ ដូច្នេះម្នាក់ប្រឆាំងផ្កាប់មុខបូកនឹងម្នាក់ទៀតប្រឆាំងផ្កាប់មុខគឺផ្កាប់មុខតែទាំងអស់តែម្តង ។ ម្នាក់ៗសុទ្ធតែនិយាយបង្អាប់បន្តុះគ្នានៅចំពោះមុខខ្ញុំ ។ សម្តេចបានរិះគន់ថា លោកឯងទាស់គ្នាយ៉ាងដូច្នេះ បែរជាលោកឯងថាខ្ញុំបំបែកបំបាក់ ត្រង់នេះហើយ យើងគ្រាន់តែពិនិត្យសារបានតែប៉ុណ្ណឹង ថាតើអាចធ្វើមេដឹកនាំដែរឬអត់ ? ឥឡូវសូមផ្តាំទៅវិញ សូមកុំបន្តនិយាយថា គណបក្សប្រជាជនប្រើវិធីបំបែកបំបាក់ បើគេប្រើវិធីបំបែកបំបាក់លោកឯងបាន លោកឯងបែកបាក់តាមគេ លោកឯងជាមនុស្សធុនអន់បំផុតហើយ មិនស័ក្តិសមធ្វើមេដឹកនាំនយោបាយ ហើយកាន់តែមិនស័ក្តិសមធ្វើជាអ្នកដឹកនាំប្រទេសបានទេ ។
សម្តេចមានប្រសាស៍ថា ការធ្វើមេដឹកនាំមិនមែនជារឿងធម្មតាទេ ជួនកាលសង្គ្រាមចិត្តសាស្ត្រវាយពីជ្រុងមួយ ជួនកាលផ្នែកចារកម្មវាយព័ត៌មានសភាពការណ៍មិនស្រួល ជួនកាលវិភាគព័ត៌មានមិនត្រូវ អាចនាំទៅដល់សេចក្តីមហន្តរាយនៃការធ្វើសេចក្តីសម្រេចិត្ត ជាពិសេសក្នុងផ្នែកយោធាតែ
ម្តង ។ លោកឯងថា យកប្អូនឱ្យវាយបង លោកកឹម សុខុន ប្អូន កឹម សុខា តែនេះជាសិទ្ធិរបស់លោកកឹម សុខុន ទេ ។ គាត់បានជួបប្រជាពលរដ្ឋហើយនិយាយជាមួយប្រជាពលរដ្ឋថា សូមបងប្អូនពិនិត្យមើលទៅ ខ្ញុំជាប្អូន ខ្ញុំនៅជាមួយមិនបានផង តើបងប្អូនទៅនៅជាមួយបានដែរឬអី? ប្អូននៅជាមួយអត់បានផង ។ នេះគឺជាសេរីភាពរបស់លោក កឹម សុខុន ទេតើ ។
មានប្អូនមួយទៀតបាននិយាយថា បើសិនជាមានរឿងអី្វកើតឡើងសូមកុំបូកខ្ញុំទៅជាមួយបងខ្ញុំ ព្រោះបងខ្ញុំជំនាញខាងភូតតាំងពីដើមមក ។ សូមផ្តាំថា ទុកសិទ្ធិឱ្យលោកកឹម សុខុន ធ្វើសកម្មភាពនយោបាយ ។ ខ្លួនឯងគ្រប់គ្រងប្អូនខ្លួនឯងមិនបានផង ប្អូនខ្លួនឯងមិនអាចជឿទុកចិត្តបងខ្លួនឯងផង តើើយើងទាំងអស់គ្នាជឿម្តេចទៅរួច? ខ្លួនឯងចូលប្រទេសថៃអត់បាន ខ្លួនឯងចេញពីកម្ពុជាទៅខ្ញុំអត់បានដេញទេ ខ្លួនឯងទៅខ្លួនឯង ។ ឥឡូវត្រឡប់មកវិញ អត់មានអ្នកណាឃាត់ឃាំងទាំងអស់ ។ ប៉ុន្តែត្រូវគេប្រើប្រាស់ថា បើសិនអត់មានគេ ការបោះឆ្នោតនេះមិនស្របច្បាប់ ។
ចុះហេតុអ្វីក៏មិនមក ពេលទៅគេអត់ដេញ ពេលចង់ត្រឡប់មកវិញខ្ញុំក៏អត់ឃាត់ ជើងយន្តហោះជិះត្រង់ណាក៏មកកម្ពុជាបានដែរ ។ កាលប៉ុន្មានថ្ងៃមុនមកដល់បាងកក ថៃអត់ឱ្យចូលក៏បង្ហួសទៅសិង្ហបុរីទៅ ច្បាប់របស់គេអាចនៅបាន ក៏ប៉ុន្តែអ្នកឯងមិនអាចធ្វើនយោបាយបានទេ ។ ក្រោយមកឡើងយន្តហោះពីសិង្ហបុរី ទៅគូឡាឡាំពួរ ។ ម៉េចក៏មិនហោះពីសិង្ហបុរីទៅប៉ារីស ប៉ុន្តែគម្រោងចង់ទៅចូលរួមបាយជាមួយបក្សប្រឆាំងទៅដល់ម៉ាឡេស៊ី គេមិនឱ្យចេញពីព្រលានទៅទៀត ។
ដោយឡែក មេបក្សមួយដែលនិរទេសខ្លួនឯងនោះ មកចោទខ្ញុំថា ខ្ញុំដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលថៃ ។ ប្រហែលជាទណ្ឌិតមួយនេះឱ្យតម្លៃខ្ញុំខ្ពស់ពេកហើយ ។ ខ្ពស់នៅត្រង់ណា គឺនៅត្រង់ ខ្ញុំមិនគ្រាន់តែមានសិទ្ធិដាក់បទបញ្ជានៅក្នុងប្រទេសកម្ពុជាទេ មានសិទ្ធិដាក់បទបញ្ជាទៅដល់រដ្ឋាភិបាលថៃទៀត ។ ដូច្នេះប្រហែលឱ្យតម្លៃខ្ពស់ពេក ។ ថៃគេមិនឱ្យចូលជាសិទ្ធិរបស់ប្រទេសថៃ រាជរដ្ឋាភិបាលថៃជារាជរដ្ឋាភិបាលអធិបតេយ្យគ្មានអ្នកណាទៅសម្រេចចិត្តជំនួសរាជរដ្ឋាភិបាលថៃបានទេ ។ នេះជាសម្តីប្រមាថមួយហួសចំពោះរាជរដ្ឋាភិបាលថៃដែលជាប្រទេសអធិបតេយ្យ ។
ដូច្នេះ ខ្ញុំសូមផ្តាំទៅលោកឯងថា កុំមកនិយាយថាខ្ញុំដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ ដែលជារដ្ឋាភិបាលអធិបតេយ្យ ការចូលឬមិនចូលគឺសិទ្ធិរបស់រដ្ឋាភិបាលថៃទេ ។ សម្តេចមានប្រសាសន៍ថា ប៉ុន្តែបើឱ្យតម្លៃខ្ញុំ ដូច្នេះគួរតែខ្ញុំទទួលដែរ ។ ព្រោះអ្វី? ហ៊ុន សែន ខ្លាំងណាស់ ខ្លាំងនៅត្រង់ កាសែតថៃក៏បានសរសេរហើយដំណាក់កាលខ្មែរ ។ ដំណាក់កាលដែលសៀមពឹងខ្មែរ ពឹងសៀមនិងដំណាក់កាលដែលសៀមពឹងខ្មែរគឺដំណាក់កាលតេជោ សែន …។ ប៉ុន្មានរយឆ្នាំហើយដែលខ្មែរ ពឹងសៀម រាប់ទាំងប្រវត្តិអ្នកតាឃ្លាំងមឿង…បណ្តាលមកពីអ្វី…។
បើដូច្នោះ បើហ៊ុន សែន ខ្លាំងម្លុឹងៗ គឺត្រូវតែបោះឆ្នោតឱ្យ ហ៊ុន សែន ដឹកនាំប្រទេសតទៅទៀត ព្រោះគេបានឱ្យតម្លៃទៅ ហ៊ុន សែន ដល់កម្រិតខ្ពស់ពេក ហ៊ានដាក់សម្ពាធដល់រដ្ឋាភិបាលប្រទេសផ្សេងទៅហើយ ។ ខ្ញុំរុញទូកបណ្តោយទឹក ព្រោះលោកឯងឱ្យតម្លៃខ្ញុំខ្ពស់ពេកទៅហើយ ។ ដូច្នេះហើយបណ្តាប្រទេសដទៃរាប់ទាំងមហាអំណាចខ្លះមកសង្កត់ ហ៊ុន សែន អត់បានទេ ។ ទៅប្រទេសដទៃបែរជាស្តាប់ ហ៊ុន សែន វិញ តំណាងឱ្យជនជាតិកម្ពុជា ។
អ្នកឯងមិនស័ក្តិសមទេ ដោយសារចូលប្រទេសគេអត់បាន ថោកដល់ម្លុឹងទៅហើយ រួចស្រែកតែតៗ បែរជាមកបន្ទោសហ៊ុន សែន ទៅរួច ។ មួយទៀត គេមិនឱ្យចូលប្រទេស មួយទៀតគេឱ្យចូលប្រទេស តែគ្មានសិទ្ធិធ្វើនយោបាយ យ៉ាប់ណាស់ ។ ចំណែកខ្ញុំវិញបានស័ក្តិសមធ្វើនាយករដ្ឋមន្ត្រី ព្រោះធ្លាប់ធ្វើជាង៣០ឆ្នាំទៅហើយ បើដូច្នោះធ្វើនាយករដ្ឋមន្ត្រីបន្តទៀតទៅមានទាស់ខុសអ្វី ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានការសោកស្តាយ នៅត្រង់មិនគួរគប្បីធ្វើបក្សប្រឆាំងក៏ដោយក៏ប៉ុន្តែយើងមិនគួរមានជនជាតិខ្មែរល្ងង់ខ្លៅដល់ម្លុឹង វាថោកដល់ខ្មែរយើងគ្រប់គ្នា ។ វានាំឱ្យបរទេសរិះគន់ថា បក្សប្រឆាំងប្រទេសនោះវាអន់ ចុះមេដឹកនាំយ៉ាងដូចម្តេចដែរ ?
សូមបរទេសនានាមេត្តាកុំបូកខ្ញុំចូលទៅជាមួយបក្សប្រឆាំងឱ្យសោះ ។ យ៉ាងហោចណាស់ខ្ញុំក៏ធ្លាប់ធ្វើមេដឹកនាំប្រជុំអាស៊ាន ពីរលើករួចមកហើយ រាប់ទាំងមហាអំណាចចុងក្រោយដែលនៅក្រៅតំបន់ទៅចូលរួម ។ ខ្ញុំក៏ធ្លាប់ដើរតួនាទីសម្របសម្រួលអាស៊ានជាមួយសហភាពអឺរ៉ុប ដែលហៅ ថាប្រជុំអាស៊ី-អឺរ៉ុប ។ នៅពេលប្រជុំមិនចូលបក្សសម្ព័ន្ធ ខ្ញុំត្រូវបានជ្រើសតាំងជាអនុប្រធាននៃអង្គប្រជុំផងដែរ ។ ខ្ញុំក៏ធ្លាប់ទៅកាន់វេទិកា អង្គការសហប្រជាជាតិ ថ្លែងការណ៍នៅវេទិកាអង្គការសហប្រជាជាតិ ចរចាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអ.ស.បច្រើនហើយ ។ ដូច្នេះអ្នកទាំងនោះមិនបូកខ្ញុំចូលជាមួយបក្សប្រឆាំងដែលល្ងង់ៗអ៊ីចឹងទេ ។
លោកខូយ សុខា អភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ថ្ងៃនេះជាទិវាប្រវត្តិសាស្ត្រដែលសមិទ្ធផលធំៗចំនួនបីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មួយ-គឺស្ពានវត្តពោធិ៍សុវណ្ណរង្សី ជាប្រភេទស្ពានថ្ម មានប្រវែង៩០ម៉ែត្រ ស្ថិតក្នុងឃុំវាល និងឃុំអន្លង់វែង ស្រុកណ្តៀង ។ ពីរ-គឺស្ពានព្រែកស្តី ជាប្រភេទស្ពានថ្ម មានប្រវែង៨៥ម៉ែត្រ ស្ថិតក្នុងសង្កាត់លលកស និងសង្កាត់រលាប ។ បី-ស្ពានវត្តហ្លួង ជាប្រភេទស្ពានបេឡេត៍ សសរថ្ម មានប្រវែង១៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់លលកស និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។
លោកអភិបាលខេត្តបន្តថា ការស្តារនិងអភិវឌ្ឍ៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ដែលជាសរសៃឈាមនៃការតភ្ជាប់បណ្តាញទំនាក់ទំនងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ត្រូវបានរាជរដ្ឋាភិបាល មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ អង្គការជាតិ-អន្តរជាតិ យកចិត្តទុកដាក់កសាងជួសជុលនិងថែទាំតាមគម្រោង ធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ៕
ចែករំលែកព័តមាននេះ