រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១១ មិថុនា ដោយបានសម្តែងពីការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជាយល់ឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយត្រូវចាំបាច់អនុវត្តនីតិរដ្ឋ ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ថា រាល់ចំណាត់ការរបស់រដ្ឋសភាកម្ពុជា គឺសុទ្ធតែផ្អែកលើច្បាប់ជាធរមានដោយឥតលម្អៀង និងដោយពុំមានការគិតគូរដទៃណាផ្សេងឡើយ ។ ចំពោះអតីតតំណាងរាស្ត្រគណបក្សសមរង្ស៊ី សិទ្ធិមនុស្ស និងនរោត្តម រណឫទ្ធិ ដែលមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៤ ដោយផ្អែកតាមខ្លឹមសារច្បាប់ជាធរមានទាំងឡាយរបស់កម្ពុជាជាអាទិ៍ៈ មាត្រា១៥ និងមាត្រា១៦ នៃច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា១២០ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា៦ នៃលក្ខន្តិកៈតំណាងរាស្ត្រ ប្រការ៨៣ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលេខ០៥៤/០០៥/២០០៣ កបធ.ច ចុះថ្ងៃទី២២ កក្កដា ឆ្នាំ២០០៣ ដែលបកស្រាយខ្លឹមសារនៃមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អតីតអ្នកតំណាងរាស្ត្រគណបក្សសមរង្សុី សិទ្ធិមនុស្ស និងនរោត្តម រណឫទ្ធិ ដែលមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៤ ទាំងនោះត្រូវបានចាត់ទុកថា បានបោះបង់អាសនៈតំណាងរាស្ត្ររបស់ខ្លួនពីរដ្ឋសភាស្វ័យប្រវត្តិ ដោយប្រាសចាកសមាជិកភាពពីគណបក្សនយោបាយដែលជាប់ឆ្នោត ហើយត្រូវបាត់បង់នូវបុព្វសិទ្ធិទាំងអស់នៃអ្នកតំណាងរាស្ត្រ ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋសភាកម្ពុជា របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។ ទង្វើនេះ គឺមិនអាចទទួលយកបានឡើយ ។ រដ្ឋសភាកម្ពុជា ស្នើឱ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មេត្តាជម្រាបទៅក្រសួងការបរទេសសហរដ្ឋអាមេរិកជាបន្ទាន់ អំពីសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានេះ ៕
ចែករំលែកព័តមាននេះ