រាជធានីភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានី កាលពីថ្ងៃទី១១ មិថុនា បានសម្រេចចោទប្រកាន់ជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ាម្នាក់ ពីបទនាំចូល និងជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ។ តំណាងអយ្យការបានចោទប្រកាន់ជនជាតិនីហ្សេរីយ៉ាម្នាក់នោះជាផ្លូវការហើយ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីឱ្យលោកចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ជនសង្ស័យនេះឈ្មោះ UKACHI ONYINYE JOHN អាយុ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A02672191 បានត្រូវសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ មិថុនា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរនីហ្សេរីយ៉ា-កម្ពុជា ។
ការឃាត់ខ្លួនជនសង្ស័យក៏បានឆែកឆេរក្នុងវ៉ាលីបានរកឃើញគ្រឿងញៀន២,៧គីឡូក្រាម ដែលជនសង្ស័យលាក់ទុកក្នុងស្បែកជើងបាតាបុរស និងស្បែកជើងមនុស្សស្រីចំនួន៤គូ ។ តាមមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងថា គ្រឿងញៀនជិត៣គីឡូក្រាមដែលជនជាតិស្បែកខ្មៅនីហ្សេរីយ៉ា នាំឆ្លងដែនក្នុងគោលដៅមកប្រទេសកម្ពុជានេះ ដើម្បីចរាចរលក់លើទីផ្សារងងឹតនៅក្នុងរាជធានីភ្នំពេញតែម្តង ។
ដោយការសហការពីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទើបឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានគ្រឿងញៀនជាក់ស្តែង និងនាំខ្លួនទៅសាលាដំបូងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ មន្ត្រីនគរបាលឱ្យដឹងថា គ្រឿងញៀនជិត៣គីឡូក្រាមនេះ ជាប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ជាគ្រឿងញៀនមានតម្លៃថ្លៃជាងគេ ហើយក៏គ្រោះថ្នាក់ជាងគេនៅពេលណាយកទៅប្រើប្រាស់ ។
សមត្ថកិច្ចបន្តថា ថ្មីៗនេះ កម្ពុជាបានឃាត់ខ្លួនជនជាតិបរទេសជាញឹកញាប់ ដែលគេនាំគ្រឿងញៀនឆ្លងដែនមកកាន់រាជធានីភ្នំពេញ និងមានគោលដៅនាំបន្តទៅប្រទេសជិតខាងទៀត ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចក៏កំពុងតែបន្តស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនបក្សពួកបន្តទៀត ដែលពួកគេកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ