ខេត្តក្រចេះ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៦នាក់បានត្រូវកម្លាំងនគរបាលស្រុកសំបូរចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៩ មិថុនា ក្រោយពីពួកគេបានរៀបចំផែនការធ្វើសកម្មភាពលួចក្របីចំនួនជាង១០ក្បាលរបស់លោកមេឃុំក្បាលដំរី ស្រុកសំបូរ ។ មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំក្បាលដំរីស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្ចាស់ក្របីរួចមក ។
លោកអនុសេនីយ៍ទោ នួន សារិន នាយផ្នែកព្រហ្មទណ្ឌស្រុកសំបូរឱ្យដឹងថា ជនសង្ស័យដែលនគរបាលចាប់ឃាត់ខ្លួននេះម្នាក់ឈ្មោះ ប៊ុន រម្យ អាយុ៣០ឆ្នាំ ជាអ្នកមើលផ្លូវ និងម្នាក់ទៀតឈ្មោះ ម៉ៅ សំអូន អាយុ៣៣ឆ្នាំ ជាជនដៃដល់ចូលកៀងក្របី ។ ជនទាំងពីរនាក់នេះមានទីលំនៅក្នុងភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ហើយក៏ជាមុខសញ្ញាចាស់ដែលនគរបាលកំពុងតាមប្រមាញ់ផងដែរក្នុងករណីអំពើចោរកម្ម ។ ជាមួយនឹងការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅចំនួន២គ្រឿង ដែលពួកគេជិះធ្វើសកម្មភាព ទូរស័ព្ទដៃ១គ្រឿង និងកាំបិតសម្រាប់ពន្លះសាច់ក្របី ២ ។
តាមបុរសឈ្មោះ ស វិច្ឆិកា អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ជាកូនប្រសាលោកមេឃុំក្បាលដំរីឱ្យដឹងថា ក្របីរបស់គាត់ដែលពួកគេបម្រុងកៀងលួចនេះមានចំនួន១១ក្បាល ក្នុងនោះឈ្មោល៤ក្បាល ។ ក្របីទាំងនេះមួយចំនួនធំជារបស់ឪពុកក្មេកដែលជាមេឃុំក្បាលដំរី ហើយកាលពីរសៀលថ្ងៃទី៩ មិថុនានោះ ខណៈគាត់ដើេរទៅកៀងក្របីដូចតាមទម្លាប់នៅដីស្រែខាងក្រោយភូមិចម្ងាយជិត២គីឡូម៉ែត្រ ស្រាប់តែឃើញជនសង្ស័យទាំងនេះកំពុងកៀងក្របីរបស់គាត់ ក៏ទូរស័ព្ទប្តឹងរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លាមៗ ។
នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកសំបូរ លោកអនុសេនីយ៍ទោ នួន សារិន បញ្ជាក់ទៀតថា ជនសង្ស័យមានគ្នាចំនួន៦នាក់បានរៀបចំគម្រោងធ្វើសកម្មភាពលួចក្របីប្រជាពលរដ្ឋក្នុងឃុំនេះជាយូរមកហើយ តែសកម្មភាពរបស់ពួកគេធ្វើមិនបានសម្រេច ។ ក្រៅពីជនសង្ស័យ២នាក់ដែលចាប់ឃាត់ខ្លួនបាន ជន៤នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ។លោកនាយផ្នែកបានបញ្ជាក់ទៀតថា បន្ទាប់ពីការសាកសួររួចមក ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានចាត់បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីព្រឹកថ្ងៃទី១១ មិថុនា ដើម្បីចាត់វិធានការបន្ត ៕
ចែករំលែកព័តមាននេះ