ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ថៃ​សម្រេច​បង្កើត​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​កោះ​កុង​

12 ឆ្នាំ មុន

យោង​តាម​ប្រសាសន៍​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​បញ្ជាក់​ថា កម្ពុជា​-ថៃ​ បាន​ឯក​ភាព​គ្នា​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ខេត្ត​កោះ​កុង​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។

យោង​តាម​ប្រសាសន៍​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​បញ្ជាក់​ថា កម្ពុជា​-ថៃ​ បាន​ឯក​ភាព​គ្នា​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ខេត្ត​កោះ​កុង​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ការ​លើក​ឡើង​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គឺ​ធ្វើ​ឡើង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៣ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ​ការ​អភិវឌ្ឍ​តំបន់​ព្រំ​ដែន​កម្ពុជា​-ថៃ ដែល​បាន​រៀប​ចំ​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរទេស​ ។

លោកឧប​នាយក​រដ្ឋ​មន្ត្រី​ ​ហោ ណាំ​ហុង មាន​ប្រសាសន៍​ថា ការ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​នោះ​ គឺ​ដើម្បី​ពង្រីក​ និង​ពង្រឹង​នូវ​ទំនាក់​ទំនង​​សេដ្ឋ​កិច្ច​តាម​តំបន់​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​២​។ ទន្ទឹម​នោះ​ប្រទេស​ថៃ​ក៏​បាន​សន្យា​​ទទួល​ទិញ​កសិ​ផល​របស់​កសិករ​ខ្មែរ​ ដែល​រួម​មាន​ពោត ដំឡូង​ឈើ​តាម​តម្លៃ​ទី​ផ្សារ​ដោយ​គ្មាន​ការ​រិត​ដ្បិត​នោះ​ឡើយ​ ។ ទាក់​ទង​នឹង​បញ្ហា​ត​ភ្ជាប់​រវាង​តំបន់​ព្រំ​ដែន​កម្ពុជា​-ថៃ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ជំរុញ​ការ​សិក្សា​ដើម្បី​ស្ថាបនា​តំបន់​ស្ទឹង​បត់​ដែល​ជា​ច្រក​ថ្មី​ឱ្យ​ក្លាយ​ជា​ច្រក​ដឹក​ទំនិញ​ឆ្លង​កាត់​រវាង​កម្ពុជា​ និង​ថៃ ព្រោះ​ការ​បើក​ច្រក​ថ្មី​នេះ​​មាន​សារ​សំខាន់​ និង​ចាំ​បាច់​ណាស់​ ខណៈ​ដែល​ទំហំ​​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង​២​កាន់​តែ​មាន​កំណើន​ខ្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។

ចំណែក​ច្រក​ប៉ោយ​ប៉ែត​នឹង​រក្សា​ទុក​គ្រាន់​តែ​ជា​ច្រក​ទេស​ចរណ៍ ព្រោះ​វិស័យ​ទេស​ចរណ៍​​កាន់​តែ​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ។ ទន្ទឹម​នោះ​ប្រទេស​ថៃ ក៏​បាន​ត្រៀ​ម​ជួយ​កសាង​ផ្លូវ​លេខ​៤៨​ពី​កោះ​កុង​មក​ផ្លូវ​ជាតិ​លេខ​៤ និង​ត្រៀម​ខ្លួន​រួម​ចំណែក​ក្នុង​ការ​ពង្រីក​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦​ដើម្បី​សម្រួល​ការ​ត​ភ្ជាប់​គមនា​គមន៍​ និង​ដឹក​ជញ្ជូន ៕