ខេត្តកំពង់ចាម ៖ ប្រធានគណៈពង្រឹងក្រសួងចុះជួយស្រុកកងមាសលោកមិន ឃិន បានមានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២ឃុំ គឺឃុំព្រែកក្របៅ និងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ ថា ការពិតនៅតែជាការពិតចំពោះគណបក្សប្រជាជនកម្ពុជា ទោះបីគណបក្សប្រឆាំងលើកឡើងយ៉ាងណាក៏ដោយ ដែលថ្មីៗនេះសម្តីរបស់លោកកឹម សុខា បានលើកឡើងពីការមិនទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រក្នុងរបប៣ឆ្នាំ៨ខែ និង២០ថ្ងៃដែលថា គុកទួលស្លែងជាកន្លែងសិប្បនិមិ្មត ។
លោកប្រធានគណៈពង្រឹងក្រសួងចុះជួយស្រុកកងមាសបានផ្តាំផ្ញើបន្ថែមដល់សមាជិកទាំង១,៤៥៨នាក់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ និងមានលេខរៀងទី៤ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយទៀត ៕
ចែករំលែកព័តមាននេះ