ខេត្តប៉ៃលិន ៖ អំណោយសប្បុរសធម៌របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និងលោកជំទាវ គឹម រ៉ាវី ជាភរិយា និងលោកឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ា ស្រី វុទ្ធី ជាភរិយា ចំនួន២០០ដុល្លារ និងប្រាក់ចំនួន២ម៉ឺនរៀលរបស់លោក សេង គី ផ្ទះលក់ទាខ្វៃនៅច្បារអំពៅ ត្រូវបាននាំយកទៅជូនលោកយាយចាស់ជរាក្រីក្រឈ្មោះ ជិម អុិន អាយុ៨៨ឆ្នាំ កាលពីរសៀលថ្ងៃទី១០ មិថុនា នៅក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ការប្រគល់អំណោយសប្បុរសធម៌តាមរយៈកោះសន្តិភាពនេះ មានការចូលរួមពីលោក ជា ជៃ អនុប្រធានភូមិបតាំងស៊ូ, លោក ខេម សុវណ្ណរិទ្ធិ មេក្រុមទី១៣ ភូមិបតាំងស៊ូ និងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ។ លោកយាយទាំងបីនាក់ម្តាយ និងកូន មានជីវភាពក្រីក្រលំបាកតោកយ៉ាកជាទីបំផុត រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក រីឯវ័យក៏ជរា និងមានជំងឺប្រចាំកាយទៀត ។ លោកយាយមានកូនស្រីចំនួន២នាក់គឺឈ្មោះ ហាន អុីម អាយុ៦៤ឆ្នាំ (ពិការជើងខាងឆ្វេង) និងឈ្មោះ ហាន អឹម អាយុ៥៤ឆ្នាំ (មានសតិមិនគ្រប់) ហើយទាំង៣នាក់ម្តាយ និងកូននេះសុទ្ធតែជាស្ត្រីមេម៉ាយ ។
លោកយាយ ជិម អុិន រៀបរាប់ថា គាត់រស់នៅរាល់ថ្ងៃនេះបានកូនស្រីពិការទាំងពីរនាក់ជាអ្នករកស៊ីចិញ្ចឹមជីវិតទាំងត្រដរ ហើយគាត់មានវ័យកាន់តែជរា ជំងឺរោគាក៏តែងតែយាយីមកលើរូបគាត់ ធ្វើឱ្យមានភាពទ្រុឌទ្រោម និងឈឺជារៀងរាល់ថ្ងៃ គឺមួយថ្ងៃកាត់មួយថ្ងៃកោរ រស់នៅក្នុងខ្ទមកំសត់ទាំងបីនាក់ម្តាយនិងកូន និងបានអ្នកជិតខាងជួយផ្តល់អាហារខ្លះៗសម្រាប់រស់ប្រចាំថ្ងៃ ។ ចំពោះអំណោយដ៏ថ្លៃថ្លានេះ លោកយាយយកទៅទិញថ្នាំសម្រាប់ព្យាបាលជំងឺ និងទិញអាហារសម្រាប់ទទួលទាន ។ ក្នុងផ្ទៃមុខដ៏ជ្រីវជ្រួញ លោកយាយបានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត និងលោកជំទាវ លោកឧកញ៉ា និងលោកជំទាវឧកញ៉ា និងលោកជាសប្បុរសជន ដែលមានចិត្តមេត្តាករុណាផ្តល់ជាអំណោយដល់ពួកគាត់ជាស្ត្រីមេម៉ាយទាំងបីនាក់ម្តាយនិងកូននេះ សូមឱ្យម្ចាស់អំណោយជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
លោក ជា ជៃ អនុប្រធានភូមិបតាំងស៊ូ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់អំណោយជាថវិកាដ៏ច្រើនសម្រាប់លោកយាយជាស្ត្រីមេម៉ាយ ចាស់ជរាក្រីក្រទាំងបីនាក់ម្តាយ-កូន ហើយសង្ឃឹមថាវប្បធម៌ជួយចែករំលែកយ៉ាងល្អនេះនឹងបណ្តុះនិស្ស័យក្នុងសន្តានចិត្តខ្មែរគ្រប់រូបកុំបីអាក់ខាន។ ក្នុងនាមរូបលោកតំណាងឱ្យមេភូមិបតាំងស៊ូ សូមជូនពរដល់ម្ចាស់អំណោយមានសេចក្តីសុខចម្រើន និងប្រកបមុខរបររកស៊ីមានបាន ត្រជាក់ត្រជំជារៀងរហូត ៕
ចែករំលែកព័តមាននេះ