រាជធានីភ្នំពេញ ៖ រថយន្តរ៉ង់រ៉ូវែរមួយគ្រឿង បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងបានជ្រុលទៅបុកស្ត្រីម្នាក់កំពុងជិះម៉ូតូស្មាសអូសពីក្រោយ បណ្តាលឱ្យស្លាប់គួរអនិច្ចា កាលពីវេលាម៉ោង១១និង៤៣នាទីថ្ងៃត្រង់ ថ្ងៃទី១០ មិថុនា ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវម៉ុងឫទ្ធី ត្រង់ចំណុចភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ សមត្ថកិច្ចប៉ូលិសតាមប្រមាញ់ចាប់បានទាំងមនុស្សនិងរថយន្ត ទោះបីអ្នកបើកបររូបនោះប្រឹងព្យាយាមបើករត់យ៉ាងណាក៏ដោយ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសចរាចររាជធានីភ្នំពេញបានឱ្យដឹងថា អ្នកបើករថយន្តខាងលើឈ្មោះ ជុំ គឹមឈុន មានឋានន្តរស័ក្តិវរសនីយ៍ទោ និងជានាយរងការិយាល័យគណេនយ្យនគរបាលក្រសួងមហាផ្ទៃមានលំនៅផ្ទះលេខ៥៦១ ផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងជាកូនរបស់លោកឧត្តមសេនីយ៍ឯកនគរបាលក្រសួងមហាផ្ទៃនោះដែរ ។ ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ហុង មូ៉នីតា អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
មុនពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវម៉ុងឫទ្ធីពីកើតទៅលិច បានរេចង្កូតបុកស្រ្តីរងគ្រោះចំពីមុខម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹងជាប់អូសទាំងម៉ូតូនិងស្ត្រីរងគ្រោះប្រមាណជាង២០មែ៉ត្រ បណ្តាលឱ្យម៉ូតូខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ។ ចំណែកស្ត្រីរងគ្រោះបាក់ជើងទាំងសងខាង និងបោកបាក់កស្លាប់គួរសង្វេគ ។ កូនប្រុសឧត្តមសេនីយ៍ ក្រសួងមហាផ្ទៃ ដែលបើករថយន្តត្រូវសមត្ថកិច្ចតាមចាប់បាន និងបញ្ជូនទាំងរថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ