ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​​អធិ​​​ការ​​វត្ត​​បណ្តេញ​ភិក្ខុ​1​​អង្គ​​ឱ្យ​​ចេញ​​ពី​​វត្ត រើស​ម្ភារ​ចេញ​ពី​ក្នុង​កុដិ​ភ្ញាក់​ផ្អើល​ដល់​ពុទ្ធ​បរិ​ស័ទ

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ភិក្ខុ​មួយ​អង្គ​​នាម ប៊ូ ច័ន្ទមុនី គង់​នៅ​វត្ត​បន្ទាយ​​​ដី សង្កាត់​បន្ទាយ​ដី ​ក្រុង​ពោធិ៍សាត់​ ដែល​ត្រូវ​ព្រះ​ចៅ​​អធិការ គ្រូ​សូត្រ​​ស្តាំ គ្រូ​សូត្រ​ឆ្វេង​ និង​ព្រះ​សង្ឃ​ក្នុង​វត្ត​​​​​មូល​មតិ​​​​ជា​ឯក​ច្ឆន្ទបណ្តេញ​ចេញ​ដោយ​សារ​តែភិក្ខុ​មួយ​អង្គនេះ​​និមន្ត​​ទៅណាមក​ណា​គ្មាន​​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​​ ។

ខេត្ត​ពោធិ៍សាត់ ៖ ភិក្ខុ​មួយ​អង្គ​​នាម ប៊ូ ច័ន្ទមុនី គង់​នៅ​វត្ត​បន្ទាយ​​​ដី សង្កាត់​បន្ទាយ​ដី ​ក្រុង​ពោធិ៍សាត់​ ដែល​ត្រូវ​ព្រះ​ចៅ​​អធិការ គ្រូ​សូត្រ​​ស្តាំ គ្រូ​សូត្រ​ឆ្វេង​ និង​ព្រះ​សង្ឃ​ក្នុង​វត្ត​​​​​មូល​មតិ​​​​ជា​ឯក​ច្ឆន្ទបណ្តេញ​ចេញ​ដោយ​សារ​តែភិក្ខុ​មួយ​អង្គនេះ​​និមន្ត​​ទៅណាមក​ណា​គ្មាន​​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​​ ។​ ជា​ពិសេសបាន​ចោទ​ប្រកាន់​ថា មិន​ស្តាប់​ព្រះ​មេគណ​​​ខេត្ត​ ព្រះ​ចៅ​អធិ​ការ​វត្ត​និង​ធ្វើ​អ្វីៗ​ប្រាស់​ចាក​​ពី​វិន័យ​​​សង្ឃ​​​រួម​ទាំងមាន​ប្រវត្តិ​មិន​ល្អ​​ច្រើន​ទៀតដែល​មិន​អាច​ទទួល​យក​បាន ។ ​ ​

នេះ​ជា​ការ​ចោទ​ប្រកាន់​​​ទៅ​​លើ​​ព្រះ​សង្ឃ​ខាង​លើ​​ដែ​ល​ជា​ហេតុ​​នាំ​​ទៅ​​ដល់​ការ​សម្រេច​បណ្តាញ​ចេញ​ពីវត្ត​​។ ប៉ុន្តែ​អ្វី​​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​នោះ គឺនៅ​​ថ្ងៃ​ទី​៩ ​មិថុនា ​​ព្រះ​សង្ឃ​​ក្នុង​វត្ត​​បាន​នាំ​គ្នារើ​​អីវ៉ាន់​​​របស់​​ភិក្ខុ​​​អ​ង្គ​នោះ​ចេញ​ពី​ក្នុង​កុដិ​មក​​ដាក់​នៅ​ខាង​ក្រៅ ​​រួច​ចាប់​អូស​​​ដោយ​បង្ខំ​ឱ្យ​និមន្តចេញ ​និង​បិទ​ទ្វារ​​​កុដិ​តែម្តង ។​ ​ភិក្ខុ​​ ប៊ូ ច័ន្ទ​មុនី​ ​មាន​ថេរ​ដីកា​​ថា​ ការ​ធ្វើ​​បែប​នេះ​ គឺសាហាវ​ដូច​ពួក​​បុ៉ល ពត​ ​អ៊ីចឹង​ គ្មាន​មន្ត្រីធម្ម​ការ អាជ្ញាធរ​ ឬ​សមត្ថ​កិច្ច​​​ណា​ដឹង​ឮ​​ ឬ​មក​ចូល​រួម​​ទេ គឺ​ផ្តាច់​ការ​តែ​ម្តង​ ហើយ​សកម្ម​ភាព​នេះ​​​បាន​ធ្វើ​តាម​​បញ្ជា​របស់​​ភិក្ខុ​​សាំង សាន់ ​គ្រូ​សូត្រ​​ស្តាំ​ដែល​មាន​ព្រះ​មេគណ​​ខេត្ត អ៊ុក ជុំ នៅ​ពី​
ក្រោយ​​​ ។ ​

សង្ឃ​អង្គ​នេះ​ប្រាប់​កោះ​សន្តិភាព​ថា ទោះ​បី​រើ​សម្ភារ​​បិទ​ទ្វារ​ចាក់​សោ​កុដិ​មិន​ឱ្យ​គង់​នៅ​ក៏អាត្មា​​​មិន​ទៅ​ណាដែរ ព្រោះ​អាត្មា​​គ្មាន​កំហុស​​ចាក​ធម៌វិន័យទេ លុះ​​​​ត្រា​តែ​​មាន​លិខិត​ស្នាម​​​ពី​ថ្នាក់​លើ​​​ទើប​​ព្រម​និមន្ត​ចេញ ។ សម្ភារ​​​ទាំង​អស់​ដែល​ត្រូវ​បាន​រើ​មក​ដាក់​កណ្តាល​វាល​ពី​មុខ​កុដិ​នេះ​ អាត្មា​​រក្សា​ទុក​កន្លែង​នោះ​ដដែល​​មិន​យក​ទៅ​ណា​ទេ ទុក​​បង្ហាញ​​ញាតិ​​​ញោម​​​ និង​ថ្នាក់​លើ​ ហើយ​​​​បើ​មានការ​បាត់បង់​ ឬ​ភ្លៀង​ទ​​ទឹក​ខូច​ខាត​អាត្មា​នឹង​ប្តឹង​ឱ្យ​​សង​ទៅ​តាម
ច្បាប់​។ ភិក្ខុ​ ប៊ូ ច័ន្ទ​មុនី ​បន្ត​ទៀត​ថា ការ​បណ្តេញ​​អាត្មា​ចេញ​នេះ​ គ្មាន​រឿង​អ្វី​ក្រៅ​ពី​ការ​ច្រណែន​និន្ទា​​ពីរឿង​លាភ​សក្ការ​​នោះ​ទេ ។​​

​ដោយ​ឡែក ភិក្ខុ​សាំង សាន់ គ្រូ​សូត្រ​ស្តាំ​មាន​​ថេរ​ដីកា​ថា​ ការ​ធ្វើបែប​​​​នេះគឺ​​តាម​បញ្ជា​របស់​ព្រះ​ពោធិវង្សា​វិមល អ៊ុក ជុំ ព្រះ​មេគណ​ខេត្ត និង​ជា​ចៅ​អធិការ​វត្ត​បន្ទាយ​ដី ព្រោះ​ភិក្ខុ​ ប៊ូ ច័ន្ទ​មុនី ​នេះ​មាន​អាកប្ប​កិរិយា​​មិន​សមរម្យ​​​ជា​ភិក្ខុ​សង្ឃ​ភាវៈក្នុង​ព្រះ​ពុទ្ធ​សាសនា ដូច​ជា ការ​​និមន្ត​​ទៅ​ណា​មក​ណា​គ្មាន​​ច្បាប់​ទម្លាប់ ធ្វើ​អ្វី​ស្រេច​តែ​​អំពើ​ចិត្ត​ ការ​និយាយ​​​ស្តី​ព្រហើន​​កោង​​​កាច គ្មាន​​​ស្គាល់​​ចាស់​ទុំ​ ពិសេស​មាន​ចាក់​សាក់​​ និង​ដាំ​ត្បូង ៤​ទៅ​៥​គ្រាប់​ ​ជាប់​នឹង​​ធ្មេញ​​​ទៀត​ផង ។

ដោយ​មាន​អាកប្ប​កិរិយា​​បែប​នេះ​និង​បាន​ដឹង​ប្រវត្តិ​មិន​ល្អ​ពី​មុន​មក​ផង​ ព្រះ​មេគណ​ខេត្ត​​​ ព្រះ​​ចៅ​អធិការ​ និង​មន្ត្រី​ធម្ម​ការ​​បាន​ប្រជុំ​​សម្រេច​បណ្តេញ​​ភិក្ខុ​ ប៊ូ ច័ន្ទមុនី​ ​ចេញ​​តាំង​ពី​​ថ្ងៃ​ទី​៣ ធ្នូ ២០១២ ​មក​ម៉្លេះ​ តែ​ភិក្ខុ​​អង្គនេះ​រឹង​រូស​​មិន​ព្រម​ចេញ ។ លុះ​មក​ដល់​រសៀល​ថ្ងៃទី​៩ មិថុនា​ ទើប​​សង្ឃ​ក្នុង​វត្តសម្រេច​នាំ​គ្នា​រើ​អីវ៉ាន់​​ភិក្ខុ​អង្គនេះ​ចេញ​​​ចាក់​សោ​កុដិ​​​មិន​ឱ្យ​ចូល​គង់នៅ​​ទៀត​ទេ ។​​ ព្រះ​ពោធិ​​​វង្សា​វិមល អ៊ុក ជុំ ព្រះ​​មេគណ​ខេត្ត​​ និង​ជា​​​​ព្រះ​ចៅ​​អធិ​ការ​​វត្ត​បន្ទាយ​ដី មានថេរ​​ដី​កា​​ថា ភិក្ខុ​ ប៊ូ ច័ន្ទមុនី ​នេះ​ត្រូវបាន​​​អប់​​រំ​ណែ​នាំ​ជា​ច្រើន​លើក​ច្រើ​ន​សា​មក​ហើយ​​​តែ​មិន​ស្តាប់ ហើយ​​ក្នុង​នាម​អាត្មា​​ជា​មេគណ​ខេត្ត​ មាន​សិទ្ធិ​​សម្រេច​ដេញ​​មិន​ចាំ​​បាច់​ថ្នាក់​លើឯក​ភាព​ទេ ដើម្បី​​​កុំ​ឱ្យ​​ជះ​ឥទ្ធិ​ពល​​​​អាក្រក់​ដល់​វត្ត​ ​និង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ ។ ​

ប្រជា​ពលរដ្ឋ​ដែល​ជា​ពុទ្ធ​​សាសនូបត្ថម្ភបាន​ចាប់​អារម្មណ៍​​​​​​ថា ​​ក្នុង​​នាម​ជា​ពុទ្ធ​​បរិស័ទ​មិន​​​ចង់​ឃើញ​​រឿង​​​រ៉ាវ​អវិជ្ជ​មាន​​ណា​មួយ​កើតមាន​ក្នុង​ទី​អារាម​​​​​ជា​កន្លែង​សក្ការ​​បូជា​នោះ​ទេ ​។ ប៉ុន្តែ​ជា​ការ​ពិត​ គឺ​មិន​អាច​ចៀស​​​ផុត​ពី​ការ​ផ្ទុះ​​​អធិករណ៍​​នោះ​ទេ ដោយសារ​តែ​ភិក្ខុ​សង្ឃ​​ក៏ជា​មនុស្ស​បុថុជ្ជន​​​ដែរ​ តែងតែ​ជាប់​ជំពាក់​​ទៅ​ដោយ​ធម៌​រាគៈ ទោសៈ ​និង​មោ​ហៈក្នុង​ខ្លួន ​ខ្លះ​មិន​ខាន ។ ​មិន​អាច​ស្វែង​រក​ការ​ពន្យល់​បាន​ទេ​ថា តើ​ភិក្ខុ​សង្ឃ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​វត្ត​នេះ​នឹង​​ទៅ​គង់​​ទីណា​វិញ ។ លោក​​អាចារ្យ​​​​​មួយ​រូប បាន​​និយាយ​ថា ​ការ​បណ្តេញ​ចេញ​ពី​វត្ត​​របស់​ភិក្ខុ​សង្ឃ​​អង្គ​នេះ មិន​ទាន់​​ឈាន​ដល់​ការ​បរា​ជិក​នោះ​ទេ គឺ​​​លោក​អាច​ទៅ​​គង់​នៅ​វត្ត​ណា​មួយ​​​ផ្សេង​ទៀត​​​បាន​ ហើយ​​បើ​សិនជា​លោក​ប​រាជិក​មែន​នោះ​ គឺ​ត្រូវ​តែ​​​​ផ្សឹក​​​ឱ្យទៅ​ជា​​គ្រហស្ថតែ​ម្តង ៕