ខេត្តព្រះវិហារ ៖ ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ មិថុនាកន្លងទៅថ្មីៗនេះ ឧបទ្ទវហេតុបាក់រណ្តៅរ៉ែមាសមួយកន្លែងទៀតកើតឡើងនៅខាងលិចអនុវិទ្យាល័យភ្នំដែកប្រហែល៣គីឡូម៉ែត្រ នៅចំណុចព្រៃឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង បណ្តាលឱ្យយុវជនម្នាក់ឈ្មោះ ដួង ប៉ាន់ អាយុ២៦ឆ្នាំ រស់នៅភូមិស្រែធ្នង់ ឃុំរមណីយ៍ ស្រុករវៀង ស្លាប់បាត់បង់ជីវិត រីឯយុវជន៣នាក់ផ្សេងទៀតបានគេចផុតពីគ្រោះថ្នាក់ ។
តាមការបញ្ជាក់ឱ្យដឹងពីកម្មករដែលបានចូលទៅជីកលុងយករ៉ែមាសនាព្រឹកថ្ងៃកើតហេតុនោះបានរៀបរាប់ថា ពួកគេតែងនាំគ្នាចូលទៅជីកលុងយករ៉ែមាសក្នុងរណ្តៅដែលបន្សល់ទុកពីក្រុមឈ្មួញធ្លាប់ជីកកន្លងទៅ ។ ក្រុមយុវជនទាំងនេះនិយាយថា នៅមុនពេលកើតហេតុ ពួកគេបាននាំគ្នាទៅជីកក្នុងរណ្តៅមានជម្រៅប្រហែល៦ម៉ែត្រ គឺជីកដេញតាមខ្សែមាសជ្រៅទៅៗ ក៏ស្រាប់តែបាក់ដីមួយផ្ទាំងធំ សង្កត់ទៅលើយុវជនឈ្មោះ ដូង ប៉ាន់ សង្កត់ចំពាក់កណ្តាលខ្លួន ។ ខណៈពេលនោះក៏មានការឆោឡោឡើង ហើយនាំគ្នាជួយទាញអ្នកកប់ពាក់កណ្តាលខ្លួននេះចេញ ស្រាប់តែដីមួយផ្ទាំងធំទៀតបានបាក់ធ្លាក់មកទៀត ។
ចំណែកគ្រឿងចក្រកាយដីបារម្ភពីការបាក់ដីសង្កត់គ្រឿងចក្របន្ថែម ក៏ឆ្លៀតឱកាសដកថយសិន ។ បន្ទាប់ពីការព្យាយាមកាយដីភ្នំអស់រយៈ៣ថ្ងៃរួចមក ជនរងគ្រោះត្រូវកប់ក្នុងរណ្តៅដូចគេកប់ទាំងរស់ ទម្រាំនាំគ្នាកាយដីជួយសង្គ្រោះយកចេញបាន គឺគាត់ស្លាប់រួចទៅហើយ ។
អាជ្ញាធរឃុំរមណីយ៍បានឱ្យដឹងថា តំបន់នោះសមត្ថកិច្ចតែងបានចូលទៅបណ្តេញពលរដ្ឋឱ្យចាកចេញ និងឱ្យបញ្ឈប់ការចូលទៅធ្វើការផ្សងព្រេងជីកក្នុងរណ្តៅដែលប្រឈមនឹងសេចក្តីស្លាប់បែបនេះ ប៉ុន្តែប្រៀបដូចជាគេវែកចកអីចឹង ។
គួររំឭកផងដែរថា កាលពីយប់ថ្ងៃទី១៩ ឧសភាកន្លងទៅថ្មីៗនេះ ក៏មានការបាក់រណ្តៅរ៉ែមាសមួយនៅចំណុចភ្នំចំបក់បារាំង តំបន់ភ្នំអន្លង់បណ្តាលឱ្យបាត់មនុស្សផងដែរ ។ រហូតមកទល់ពេលនេះ គេមិនអាចយកសពបាននៅឡើយទេ ព្រោះរណ្តៅជីកលុងតាមខ្សែរ៉ែមួយៗមានជម្រៅជ្រៅណាស់ និងក្រឡេកក្រឡុកទៀតផង ។ សូមបញ្ជាក់ផងដែរថា រណ្តៅដែលបាក់នៅព្រឹកថ្ងៃទី៩ មិថុនានេះគឺនៅឆៀងខាងកើតភ្នំចំបក់បារាំងដែលមានចម្ងាយពីគ្នាប្រហែល៤គីឡូម៉ែត្រ ។
បើទោះជាការជីករកមាសត្រូវប្រឈមមុខនឹងគ្រោះបាក់ដីកប់មនុស្សស្លាប់ទាំងរស់ជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋនៅតែនាំគ្នាប្រថុយជីវិតដ៏ផុយស្រួយនេះទាំងក្រុមៗទៅជីករុករកដដែល ។ អាជ្ញាធរស្រុករវៀងគួរតែមានវិធានការឱ្យបានតឹងរឹុងថែមទៀត ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់កុំឱ្យចូលទៅទឹកដីរ៉ែមាសទាំងប្រថុយជីវិតបែបនេះ ៕
ចែករំលែកព័តមាននេះ