ខេត្តសៀមរាប ៖ អគ្គនាយករងអាជ្ញាធរអប្សរាលោក ឈរ ថាណាត់ បានថ្លែងថា រមណីយដ្ឋានវប្បធម៌ និងធម្មជាតិអង្គរ បេតិកភណ្ឌពិភពលោកដ៏ល្បាញល្បីរបស់កម្ពុជា នឹងបន្តបានឮសំឡេងយំថ្ងួចថ្ងូររបស់សត្វទោចឡើងវិញ នៅពេលសត្វដ៏កម្រ និងជិតផុតពូជនេះ ត្រូវគេនាំយកទៅឱ្យរស់តាមបែបធម្មជាតិក្នុងព្រៃតំបន់ការពារអង្គរនៅពេលឆាប់ៗខាងមុខ ។
លោក ឈរ ថាណាត់ មានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី៧ មិថុនា ឆ្នាំ២០១៣ នៅចុងបញ្ចប់សុន្ទរកថាបើកសម្ពោធដាក់ឱ្យដំណើរការក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍អង្គរ (Flight Of The Gibbob Angkor) ជាក្រុមហ៊ុនបរទេសដំបូងគេដែលមានទិសដៅរួមចំណែកខ្ពស់ក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជា តាមរយៈឱ្យភ្ញៀវទេសចរជិះខ្សែយោងលើលំហអាកាសពីដើមឈើមួយ ទៅដើមឈើមួយទៀតនៅក្នុងបរិវេណចន្លោះប្រាសាទតាកែវ និងប្រាសាទតានៃ នៅតាមបណ្តោយវង់តូចនៃឧទ្យានអង្គរ ។
លោក ឈរ ថាណាត់ បានប្រកាសប្រាប់អ្នកចូលរួមទាំងជនជាតិខ្មែរ ទាំងជនបរទេសថា «នៅខែក្រោយនេះ បន្ទាប់ពីមានការសិក្សារួចរាល់ទៅលើស្ថានភាពព្រៃឈើនៅក្នុងតំបន់នេះ ក្រុមហ៊ុន Flight of The Gibbob Angkor នឹងនាំយកសត្វទោចដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជាទៅលែងនៅទីនេះ រួមទាំងដាំដើមឈើចំនួន៥ពាន់ដើមជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកអភិរក្សធនធានធម្មជាតិនៅតំបន់អង្គរឱ្យបានគង់វង្សយូរអង្វែង» ។
ទោះជាយ៉ាងណាក្តី លោកថាណាត់ មិនបានបញ្ជាក់ពីចំនួន និងប្រភពសត្វទោចដែលគ្រោងនឹងយកទៅអភិរក្សនៅទីនោះទេ គ្រាន់តែអះអាងថា ការអភិរក្សមិនត្រូវដាក់សត្វទាំងនោះនៅក្នុងទ្រុងដែកដូចសួនសត្វនានាទេ តែត្រូវលែងពួកវាឱ្យរួមរស់នៅក្នុងព្រៃធម្មជាតិដូចសត្វឯទៀត ឱ្យវាអាចតពូជពង្សកូនចៅទៅថ្ងៃមុខ រួមទាំងបង្កើតបាននូវសំឡេងទោចយំឡើងវិញនៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោករបស់យើងដែលបាត់បង់សំឡេងបែបនេះជាយូរឆ្នាំមកហើយ ។
លោកអគ្គនាយករង បានរំលឹកថា ដើមឡើយរមណីយដ្ឋានអង្គរ ក្រៅពីសម្បូរទៅដោយប្រាសាទ ដែលជាដួងព្រលឹង និងវប្បធម៌ជាតិ ក៏នៅមានគម្របព្រៃឈើយ៉ាងក្រាស់ឃ្មឹក ផ្តល់ជាជម្រកសត្វព្រៃជាច្រើនប្រភេទ រួមទាំងសត្វទោចផងដែរ តែងតែយំទាំងព្រឹកទាំងល្ងាច អង្រួនដួងចិត្តប្រជាពលរដ្ឋរស់នៅក្បែរទីនេះ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យស្បើយពីសេចក្តីទុក្ខសោក ប៉ុន្តែដោយសារតែប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមអស់កាលរាប់សិបឆ្នាំ ធនធានធម្មជាតិទាំងនោះក៏ត្រូវអន្តរាយ បន្តិចម្តងៗ ។
ក្រុមអ្នកចូលរួមស្តាប់បានសម្តែងការស្វាគមន៍ចំពោះគម្រោងការនោះដោយគេសង្ឃឹមថា សំឡេងយំថ្ងួចថ្ងូរប្រៀបបានតន្ត្រីធម្មជាតិដែលបាត់បង់រាប់សិបឆ្នាំទៅហើយនឹងបានវិលត្រឡប់មកវិញឆាប់ៗ ។
លោកតាម្នាក់ដែលរស់នៅភូមិនគរក្រៅ ជាប់នឹងរបងអង្គរធំ រៀបរាប់ថា ថ្វីបើរូបគាត់មានអាយុចាស់ទៅហើយ ប៉ុន្តែគាត់នៅតែមិនអាចបំភ្លេចបានសំឡេងយំដ៏សែនកម្សត់របស់សត្វទោច ។ លោកតាបញ្ជាក់ថា កាលពីសម័យសង្គមរាស្ត្រនិយម តំបន់អង្គរ និងតំបន់ក្បែរអង្គរ សុទ្ធតែព្រៃខ្លា ដំរី តែក្រោយមកគេនាំគ្នាយកម៉ាស៊ីនយន្តកាប់រំលំដួលខ្ទេចខ្ទីអស់ ធ្វើឱ្យប្រភេទសត្វជាច្រើនអត់ជម្រក ក៏រត់ទៅឆ្ងាយអស់ គួរឱ្យស្តាយណាស់ ។
លោកតាដដែលមានប្រសាសន៍ថា «បើសិនជាពេលវេលាអាចថយក្រោយ សូមឱ្យសត្វទាំងអស់នោះមករស់នៅទីនេះវិញ ព្រោះពួកវាមានមនោសញ្ចេតនាដូចពួកយើងដែរ គឺចេះស្រឡាញ់ ចេះទុក្ខសោក និងយំទៀងពេលណាស់ ។ ជំនាន់នោះគ្មាននាឡិកាមើលម៉ោងទេ យើងអាចយកសំឡេងយំនោះកំណត់ជាពេលវេលាបាន» ។
ដោយឡែក បុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ជាមគ្គុទេ្ទសក៍ទេសចរណ៍ និយាយថា ប្រាសាទបុរាណ ជាពិសេសអង្គរវត្ត ពិតជាអស្ចារ្យណាស់សម្រាប់ភ្ញៀវទេសចរ តែបើសិនជាយើងរៀបចំឱ្យមានរបៀបជាធម្មជាតិ មានពួកសត្វមានជីវិតរស់នៅតំបន់នេះ វារឹតតែមានការទាក់ទាញថែមទៀត ។ បុរសនោះបន្ថែមថា កុំថាឡើយដល់សត្វទោច ដែលមានសំឡេងយំយ៉ាងគ្រលួច សូម្បីតែសត្វស្វាក្តាម ដែលវារស់នៅជារបៀបសុំទានតាមចិញ្ចើមផ្លូវ បច្ចុប្បន្នក៏ពួកវាបានរួមចំណែកទាក់ទាញអារម្មណ៍ភ្ញៀវមួយភាគធំដែរ៕
ចែករំលែកព័តមាននេះ