ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​រណ្តៅ​រ៉ែ​មាស​ស្លាប់​មនុស្ស​ម្នាក់​ រួច​ផុត​ពី​គ្រោះ​ថ្នាក់​3​នាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ​ ឧបទ្ទវ​ហេតុ​បាក់​រណ្តៅ​រ៉ែ​មាស​មួយ​កន្លែង​ទៀត​កើត​ឡើង​នៅ​ខាង​លិច​អនុវិទ្យា​ល័យ​ភ្នំ​ដែក​ប្រហែល​៣​គីឡូ​ម៉ែត្រ​ នៅ​ចំណុច​ព្រៃ​ឈើ​ភ្លើង​ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ដែក​ ឃុំ​រមណីយ៍​ ស្រុក​រវៀង​ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ឈ្មោះ ដួង​ ប៉ាន់​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​ស្រែ​ធ្នង់​ ឃុំ​រមណីយ៍​ ស្រុក​រវៀង​ ស្លាប់​បាត់​បង់​ជីវិត​ រី​ឯ​យុវ​ជន​៣

ខេត្ត​ព្រះ​វិហារ​ ៖ ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ​ ឧបទ្ទវ​ហេតុ​បាក់​រណ្តៅ​រ៉ែ​មាស​មួយ​កន្លែង​ទៀត​កើត​ឡើង​នៅ​ខាង​លិច​អនុវិទ្យា​ល័យ​ភ្នំ​ដែក​ប្រហែល​៣​គីឡូ​ម៉ែត្រ​ នៅ​ចំណុច​ព្រៃ​ឈើ​ភ្លើង​ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ដែក​ ឃុំ​រមណីយ៍​ ស្រុក​រវៀង​ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ឈ្មោះ ដួង​ ប៉ាន់​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​ស្រែ​ធ្នង់​ ឃុំ​រមណីយ៍​ ស្រុក​រវៀង​ ស្លាប់​បាត់​បង់​ជីវិត​ រី​ឯ​យុវ​ជន​៣​នាក់​ផ្សេង​ទៀត​បាន​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ ។​

តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​កម្មករ​​ដែល​បាន​ចូល​ទៅ​ជីក​លុង​យក​រ៉ែ​មាស​នាព្រឹក​ថ្ងៃ​កើត​ហេតុ​នោះបាន​រៀប​រាប់​ថា​ ពួក​គេតែង​នាំគ្នា​ចូល​ទៅ​ជីក​លុង​យក​រ៉ែ​មាស​ក្នុងរណ្តៅ​ដែល​បន្សល់​ទុក​ពី​ក្រុម​ឈ្មួញ​ធ្លាប់​ជីក​កន្លងទៅ ។​ ក្រុម​យុវជន​ទាំង​នេះ​និយាយថា​ នៅ​មុន​ពេល​កើត​ហេតុ​ ពួកគេ​បាន​នាំ​គ្នា​ទៅ​ជីក​ក្នុង​រណ្តៅ​មាន​ជម្រៅ​ប្រហែល​៦​ម៉ែត្រ​ គឺ​ជីក​ដេញ​តាមខ្សែ​មាស​ជ្រៅទៅៗ​ ក៏​ស្រាប់​តែ​​បាក់​ដី​មួយ​ផ្ទាំង​ធំ សង្កត់​ទៅ​លើ​យុវជន​ឈ្មោះ​ ដូង ប៉ាន់​ សង្កត់​ចំ​ពាក់​កណ្តាល​ខ្លួន​ ។ ខណៈ​ពេល​នោះ​ក៏​មាន​ការ​ឆោឡោ​ឡើង ហើយ​នាំ​គ្នា​ជួយ​ទាញ​អ្នក​កប់​ពាក់​កណ្តាល​ខ្លួន​នេះ​ចេញ​ ស្រាប់​តែ​ដី​មួយ​ផ្ទាំង​ធំ​ទៀត​បាន​បាក់​ធ្លាក់​មក​ទៀត ។ ចំណែក​គ្រឿង​ចក្រ​កាយ​ដី​បារម្ភ​ពី​ការបាក់​ដី​សង្កត់​គ្រឿង​ចក្រ​បន្ថែម​ ក៏​ឆ្លៀត​ឱកាស​ដក​ថយ​សិន​ ។ បន្ទាប់​ពី​ការ​ព្យាយាម​កាយ​ដី​ភ្នំ​អស់​រយៈ៣​ថ្ងៃ​រួច​មក ជន​រង​គ្រោះ​ត្រូវ​កប់​ក្នុង​រណ្តៅ​ដូចគេ​កប់​ទាំង​រស់​ ទម្រាំ​នាំ​គ្នា​កាយ​ដី​ជួយ​សង្គ្រោះ​យក​ចេញ​បាន​ គឺ​គាត់​ស្លាប់​រួច​ទៅ​ហើយ ។​

អាជ្ញាធរឃុំ​រមណីយ៍​បាន​ឱ្យ​ដឹង​ថា​ តំបន់​នោះ​សមត្ថ​កិច្ច​តែងបាន​ចូល​ទៅ​បណ្តេញ​ពលរដ្ឋ​ឱ្យ​ចាក​ចេញ​ និង​ឱ្យប​ញ្ឈប់​ការ​ចូល​ទៅ​ធ្វើ​ការ​ផ្សង​ព្រេង​ជីក​ក្នុង​រណ្តៅ​ដែល​ប្រឈម​នឹង​សេចក្តី​ស្លាប់​បែប​នេះ​ ប៉ុន្តែ​ប្រៀប​ដូច​ជា​គេ​វែក​ចក​អីចឹង​ ។​គួរ​រំឭក​ផងដែរ​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៩​ ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ ក៏មាន​ការ​បាក់​រណ្តៅ​រ៉ែ​មាស​មួយ​នៅ​ចំណុច​ភ្នំ​ចំបក់​បារាំង​ តំបន់​ភ្នំ​អន្លង់​បណ្តាល​ឱ្យ​បាត់​មនុស្ស​ផង​ដែរ ។ រហូត​មក​ទល់​ពេល​នេះ​ គេ​មិន​អាច​យក​សព​បាន​នៅ​ឡើយ​ទេ​​ ព្រោះ​រណ្តៅ​ជីក​លុង​តាមខ្សែ​រ៉ែ​មួយៗ​មាន​ជម្រៅ​ជ្រៅ​ណាស់​ និង​ក្រឡេក​ក្រឡុក​ទៀត​ផង ។​
សូមបញ្ជាក់​ផងដែរ​ថា​ រណ្តៅ​ដែលបាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា​នេះ​គឺ​នៅ​ឆៀង​ខាង​កើត​ភ្នំ​ចំបក់​បារាំង​ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​៤​គីឡូ​ម៉ែត្រ​ ។ បើ​ទោះ​ជា​ការ​ជីក​រក​មាស​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​បាក់​ដី​កប់​មនុស្ស​ស្លាប់​ទាំង​រស់​ជាបន្ត​បន្ទាប់​យ៉ាង​ណា​ក្តី​ ក៏​ប្រជាពល​រដ្ឋ​នៅ​តែ​នាំ​គ្នា​ប្រថុយ​ជីវិត​ដ៏​ផុយ​ស្រួយ​នេះ​ទាំង​ក្រុមៗ​ទៅ​ជីក​រុក​រក​ដដែល​ ។ អាជ្ញាធរ​ស្រុក​រវៀង​គួរ​តែ​មាន​វិធានការឱ្យ​បាន​តឹង​រឹុង​ថែម​ទៀត​ ដើម្បី​ជា​ប្រយោជន៍​​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឱ្យ​ចូល​ទៅ​ទឹកដី​រ៉ែ​មាស​ទាំង​ប្រថុយ​ជីវិត​បែប​នេះ ៕​