ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​អូស្ត្រាលី​ផ្តល់​ជំនួយ​ឥត​សំណង​លើ​ការ​ស្តារ​ផ្លូវ​ដែក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​អូស្ត្រាលី​ ធ្វើ​ការ​សិក្សា​រួម​គ្នា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ដើម្បី​ផ្តល់​ហិរញ្ញ​ប្បទាន​ជា​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ស្តារ​

រាជធានីភ្នំពេញ​ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​អូស្ត្រាលី​ ធ្វើ​ការ​សិក្សា​រួម​គ្នា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ដើម្បី​ផ្តល់​ហិរញ្ញ​ប្បទាន​ជា​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ ខណៈ​ដែល​ទំហំ​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​មាន​សន្ទុះ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ។

គួរ​បញ្ជាក់​ថា​ នៅ​ទីស្តី​ការ​ក្រសួង​កាល​ពី​ថ្ងៃ​ទី​១០​ មិថុនា​ លោក​ស្រី​ Alison Burrows ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ។ នា​ឱកាស​នោះ​ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ជំហរ​រួម​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-អូស្ត្រាលី​ ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ ។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ​ ណាំ​ហុង​ បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រទេស​អូស្ត្រា​លី​ ដែល​កន្លង​មក​បាន​ផ្តល់​ជា​ជំនួយ​ឥត​សំណង​ជា​បន្ត​បន្ទាប់​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ និង​សុខា​ភិបាល​នៅ​កម្ពុជា​ ។ ទន្ទឹម​នឹង​នោះ​ ប្រទេស​អូស្ត្រាលី​ក៏​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវ​ដែក​សំខាន់​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ ដែល​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ ។ ផ្តើម​ពី​នោះ​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​តាម​រយៈ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​ឱ្យ​រដ្ឋា​ភិបាល​ប្រទេស​អូស្ត្រាលី​ សហ​ការ​ជាមួយ​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ និង​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ ដើម្បី​ស្តារ​ឡើង​វិញ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែត​ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​ ទំហំ​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-ថៃ​ ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​ មាន​ការ​កើន​ឡើង​រហូត​៤០%​ ខណៈ​ដែល​ភាគី​ទាំង​ពីរ​មាន​គម្រោង​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ឱ្យ​កើន​ក្នុង​រង្វង់​ជាង​៣០%​ក្នុង​មួយ​ឆ្នាំៗ​។
ជា​ការ​ឆ្លើយ​តប​ លោក​ស្រី​ Alison Burrows បាន​លើក​ឡើង​ថា​ ប្រទេស​អូស្ត្រាលី​ បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​លើ​ការ​ស្តារ​ និង​អភិវឌ្ឍ​វិស័យ​ផ្លូវ​ដែក​នៅ​កម្ពុជា​ ខណៈ​ពេល​ដែល​វិស័យ​នេះ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រទេស​ និង​ប្រជា​ជន​កម្ពុជា​ ។ ទន្ទឹម​នោះ​ ការ​កម្ចាត់​មេរោគ​គ្រុន​ចាញ់​ ក៏​ជា​អាទិភាព​សម្រាប់​ប្រទេស​អូស្ត្រាលី​ ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ផង​ដែរ​ ។

ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង​ ក៏​បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​អាច​ចាត់​ទុក​ថា​ ជា​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​សន្យា​ចំពោះ​មុខ​លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ តម្លា​ភាព​ យុត្តិ​ធម៌​ និង​អាច​ទទួល​យក​បាន​ ៕