បើទោះជាកត្តាជីវភាពរួមនឹងកង្វះការពិចារណាវែងឆ្ងាយបានជំរុញឱ្យមាតា បិតា ឬអាណាព្យាបាលខ្លះបញ្ចូនកូនចៅ ទៅធ្វើការគ្រប់ប្រភេទដែលពួកគេអាចធ្វើបាន ដើម្បីជួយសំរាលបន្ទុក និងរកប្រាក់បន្ថែមសម្រាប់គ្រួសារនៅតែកើតមានក៏ដោយ ក៏ទិវាពិភពលោកប្រឆាំងពលកម្មកុមារឆ្នាំ២០១៣ នេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោមប្រធាន «បញ្ឈប់ពលកម្មកុមារបម្រើតាមផ្ទះ» ដើម្បីបញ្ជាក់ពីយកចិត្តទុកដាក់របស់រដ្ឋាភិបាល, ក្រសួង, អង្គការ និងស្ថាប័នពាក់ព័ន្ធ ។
ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ត្រូវបានបង្កើតឡើងដោយអង្គការពលកម្មអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនការប្រយុទ្ធប្រឆាំងទម្រង់ធ្ងន់ធ្ងរលើពលកម្មកុមារ តាមស្មារតីនៃអនុសញ្ញាអន្តរជាតិលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសនានានៅលើពិភពលោក។ ប្រទេសកម្ពុជាទើបបានឆ្លងផុតពីសង្គ្រាមដែលកើតឡើងមានផ្ទួនៗគ្នាធ្វើឱ្យប្រជាជនកម្ពុជាភាគច្រើនជីវភាពក្រីក្រ ខ្វះចំណេះដឹង មានកំណើនកុមារ និងកុមារបានចេញទៅធ្វើការតាមគ្រប់រូបភាព រួមទាំងទម្រង់ធ្ងន់ធ្ងរក៏កើនឡើងជាលំដាប់ដែរ ។
ដោយយល់ពីមូលហេតុផ្សេងៗដែលនាំឱ្យឈានដល់ស្ថានភាពអាក្រក់បែបនេះ និងដើម្បីទប់ស្កាត់ឈានដល់ការលុបបំបាត់ រដ្ឋាភិបាលកម្ពុជាបានបង្កើតយន្តការពិសេសៗ និងផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើនមានទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ អនុសញ្ញាស្តីពីការងារដោយបង្ខំ អនុសញ្ញាស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការ ពិសេសអនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅឆ្នាំ២០០៥ ជាដើម។
ក្នុងឆ្នាំ២០១២ កន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការដកហូត និងទប់ស្កាត់កុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារចំនួន៤.២៧១នាក់ (ស្រី១.៩៩១នាក់) ក្នុងនោះការដកហូតបានចំនួន៣.១៤៣នាក់ (ស្រី១.៤៦១នាក់) និងទប់ស្កាត់ចំនួន១.១២៨នាក់ (កុមារី៥៣០នាក់) ក្នុងគម្រោងដំណាក់កាលទី២ អនុវត្តនៅក្នុង១៥រាជធានី-ខេត្ត ៕
ចែករំលែកព័តមាននេះ