ដើម្បីសម្រាលភាពតប់ប្រមល់ និងបង្កើនរសជាតិជីវិតឱ្យកាន់តែស្រស់ស្រាយ ។ មហាគ្រួសារសូមបង្ហាញប្រិយមិត្តពីកន្លែងកំសាន្តមួយដែលមិនតម្រូវឱ្យចំណាយច្រើន ហើយទទួលបានអារម្មណ៍រីករាយខុសប្លែកពីកន្លែងដទៃ និងសំបូរមនុស្សទៅកម្សាន្តច្រើនគួរសមនោះ «កោះស្នេហា» តែជាធម្មតាអ្នកស្រុក ភូមិហៅថា កោះរកាកោង។
បើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ ចេញទៅហួសស្ពានព្រែកតាមាក់បន្តិចបត់ស្តាំបន្តដំណើរប្រហែល៤គីឡូម៉ែត្រលោកអ្នកនឹងទៅដល់ដែនកោះទន្លេមួយដែលគេប្រសិទ្ធនាមថា កោះស្នេហា។ ប្រមើលមើលទៅទីនោះប្រកបដោយឆ្នេរខ្សាច់សក្បុសស្រស់ត្រកាលក្រាលពីក្រោមផ្ទៃទឹកដែលមើលមួយភ្លែតឃើញហាក់ដូចជា បណ្តែតខ្លួនកណ្តាលទន្លេមេគង្គស្ថិតនៅភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ នៅលើឆ្នេរខ្សាច់ដ៏ធំធេងនេះថ្ងៃធម្មតាមិនសូវមានអ្នកទេសចរណ៍មកកំសាន្តឡើយ ប៉ុន្តែថ្ងៃបុណ្យដូចជាចូលឆ្នាំសាកល, ៧ មករា, ៨ មីនា ចូលឆ្នាំចិន ឬចូលឆ្នាំខ្មែរវិញ មានមនុស្សទៅកម្សាន្តយ៉ាងច្រើន។ អ្នកទេសចរដែលមកកំសាន្តនៅទីនេះបានយកសម្ភារខ្លះមកជាមួយដើម្បីសង់រោងសម្រាប់ជ្រក និងដាក់អីវ៉ាន់រៀងៗខ្លួន នេះបើតាមការឱ្យដឹងដីលោកសុភ័ក្ត្រ យុវជនរស់នៅទីនេះ។
កញ្ញាថារ័ត្ន និស្សិតមកពីរាជធានីភ្នំពេញ ដែលប្រាកដខ្លួនទៅលើកោះស្នេហានោះបាននិយាយថា អ្នកទាំងអស់គ្នាដែលមកកំសាន្តនៅទីនេះសុទ្ធតែយកអាហារពីគេហដ្ឋានរៀងៗខ្លួន ដើម្បីស្រស់ស្រូបនៅកន្លែងកម្សាន្តដូចបរទេសហៅថា ពិកនិក។ កញ្ញាបន្តថា ខ្ញុំចូលចិត្តទីនេះដោយសារមានឆ្នេរធំទូលាយ មានទឹកថ្លា ត្រជាក់ខ្យល់អាកាសល្អបរិសុទ្ធ ហើយយើងចង់កម្សាន្តបែបណា គឺបានតាមការចូលចិត្ត ពិសេសយើងអាចនៅលេងបានពេញមួយថ្ងៃ ។ ក្រោយពីទទួលទានអាហារថ្ងៃត្រង់ភាគច្រើនយើងនាំគ្នាសម្រាក អ្នកខ្លះអង្គុយគយគន់ផ្ទៃទឹកដែលហ៊ុមព័ទ្ធកោះនេះ អមជាមួយជំនោរពេលរសៀលបង្កើតជារលករត់ប្រដេញរលាស់អង្កួញអង្កាញ់ពេញផ្ទៃទន្លេ រហូតមកបោកឆ្នេរខ្សាច់បន្តគ្នាឥតឈប់ឈរ។
អ្នកខ្លះដើរលំហែដោយភាពស្ងៀមស្ងាត់ ឯអ្នកខ្លះទៀតរត់ប្រដេញរមេញលេងរលកទឹកយ៉ាងរីករាយ ។ ពេលដែលព្រះសូរិយាទន់ទេរទៀបទៅខ្លាំងបន្តិច អ្នកចូលចិត្តហែលទឹកបាននាំគ្នាហែលលេងប្រដេញផ្ទៃទឹក និងបង្កើតជារូបភាពសំណើចផ្សេងៗ ដូចមិនចេះហត់នឿយនាំឱ្យមានសូរសំឡេងក្អាកក្អាយសប្បាយរីករាយ។ យូរៗម្តងគេឃើញទូកទេសចរណ៍នាំភ្ញៀវជាតិ និងអន្តរជាតិអណ្តែតលំហែតាមច្រកដៃទន្លេនេះហែហមដោយហ្វូងបក្សាបក្សីហិចហើរកៀងគូឆាបឆក់មច្ឆា។ ពេលខ្លះបក្សីរលាស់ស្លាប សំកាំងខ្លួននៅក្នុងដែនអាកាសហាក់បង្អួតអ្នកកម្សាន្តលើកោះស្នេហា ។ ទិដ្ឋភាពដែលបានរៀបចំរាប់ខាងលើ បង្ហាញពីភាពសុខដុមរមនាឆក់អារម្មណ៍អ្នកទេសចរណ៍ឱ្យស្រឡាញ់ចូលចិត្ត មិនចង់ឱ្យឃ្លាតពីក្រសែចក្ខុឡើយ ៕
ចែករំលែកព័តមាននេះ