ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​ចិន​ឈរលំដាប់​​លេខ​១ នៃ​​ការ​ផ្តល់​ប្រភព​ចំណូល​ទេស​ចរណ៍​​​​ទៅ​ក្នុង​ពិភព​លោក​

12 ឆ្នាំ មុន

ចាប់​​តាំង​ពីបើកទំព័រ​សហ​ស្សវត្ស​ថ្មី​​មក ​ប្រជា​ជន​ចិន​បាន​ចេញ​ទៅ​ទេស​ចរណ៍​ក្រៅ​​ប្រទេស​មានកំណើន​​ជាង​៨ដង ពោល​​គឺ​១០​លាន​នាក់​ក្នុងឆ្នាំ​២០១០ រហូត​ដល់​ចំនួន​៨៣​លាន​នាក់​នៅ​​ឆ្នាំ​២០១២ ហើយ​បាន​ចាយ​វាយ​ទៅ​លើ​ការ​ស្នាក់អាស្រ័យ ​កម្សាន្ត ហូប​ចុក​យ៉ាង​ក្រាស​ក្រែល​នៅ​តាម​តំបន់​ទេស​ចរណ៍​​នានា​នៃ​បណ្តា​ប្រទេស​ក្នុង​ពិភព​លោក​ដែលធ្វើ​ឱ្យ​គេ​​ធ្វើ​ស្ថិតិ​​ឃើញ​ថា ប្រជា​ជនចិន

ចាប់​​តាំង​ពីបើកទំព័រ​សហ​ស្សវត្ស​ថ្មី​​មក ​ប្រជា​ជន​ចិន​បាន​ចេញ​ទៅ​ទេស​ចរណ៍​ក្រៅ​​ប្រទេស​មានកំណើន​​ជាង​៨ដង ពោល​​គឺ​១០​លាន​នាក់​ក្នុងឆ្នាំ​២០១០ រហូត​ដល់​ចំនួន​៨៣​លាន​នាក់​នៅ​​ឆ្នាំ​២០១២ ហើយ​បាន​ចាយ​វាយ​ទៅ​លើ​ការ​ស្នាក់អាស្រ័យ ​កម្សាន្ត ហូប​ចុក​យ៉ាង​ក្រាស​ក្រែល​នៅ​តាម​តំបន់​ទេស​ចរណ៍​​នានា​នៃ​បណ្តា​ប្រទេស​ក្នុង​ពិភព​លោក​ដែលធ្វើ​ឱ្យ​គេ​​ធ្វើ​ស្ថិតិ​​ឃើញ​ថា ប្រជា​ជនចិន​ឈរ​លំដាប់​​លេខ​១ នៃការ​ផ្តល់​ចំណូល​ទេស​ចរណ៍​​ទៅ​ក្នុង​ពិភព​​​លោក​ ។

ការ​កើនឡើង​យ៉ាង​​ឆាប់រហ័ស​នេះ ជាភស្តុ​តាង​ជាក់​ស្តែងស្តី​​ពី​ការ​កើន​ប្រាក់​ចំណូល​​​ប្រចាំ​គ្រួសាររបស់​ប្រជា​​ជន​ចិន​ដែល​បាន​ផ្តល់​ឱកាស​សម្រាប់​ពួក​​គេ​ចេញដំណើរ​កម្សាន្ត​ជា​ច្រើន​កន្លែង​នៅ​ក្នុង​​ពិភព​​លោក ។ ម្យ៉ាង​វិញ​ទៀត​កំណើន​​សេដ្ឋកិច្ច​គ្រួសារ​របស់​​ប្រជា​ជន​ចិន​ក៏​បាន​​ជំរុញ​ឱ្យ​​​មាន​ការ​ចាយ​វាយ​​​ទៅ​ក្នុង​វិស័យ​ទេស​ចរណ៍​ក្រៅ​ប្រទេស​កើន​ឡើង​ខ្ពស់គួរ​ឱ្យ​កត់​សម្គាល់ ។ តាម​អង្គ​ការ​​ទេស​ចរណ៍​ពិភព​លោកនៃអង្គ​ការ​សហ​​ប្រជា​ជាតិ (UNWTO) បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​ឆ្នាំ​​២០១២ ថា  ប្រជា​ជន​ចិន​ក្លាយ​​ជាប្រភព​ផ្តល់​ចំណូល​​ទេស​ចរណ៍​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក ឈ្នះ​លើ​​ចំនួន​អ្នក​ទេស​​ចរ​​​​អាល្លឺម៉ង់ ព្រោះ​តែ​ប្រជា​ជន​ចិន​បាន​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​ប្រទេស​នានាច្រើន​​ជាង​គេ​ក្នុង​ពិភព​លោក ។ អ្នក​​ទេសចរ​​ចិន​ក្រៅ​ប្រទេស​​​បាន​ចំណាយ​ប្រាក់​សរុប​​រហូត​​ដល់​​ជាង​១០២​ពាន់​លាន​ដុល្លារ​​អាមេរិក​ជា​ចំណុច​​កំពូល​បង្អស់​​ក្នុង​រយៈពេល​ដែល​ប្រទេស​ចិន​បាន​វិវត្តន៍​យ៉ាងឆាប់​រហ័ស​ក្នុង​ទី​ផ្សារ​ទេសចរណ៍​​លើពិភព​លោក​​ និង​បាន​ក្លាយ​ជាអ្នក​ចំណាយ​ធំជាងគេ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១២ ។ ​

កាល​ពីដើម​ឆ្នាំ​២០១៣ កន្លង​មក​នេះ លោក​​តាលីប រីហ្វៃ (Taleb Rifai) អគ្គលេខាធិការ​ UNWTO បាន​ថ្លែង​ប្រាប់​ភ្នាក់​ងារ​សារ​ព័ត៌​មាន​​ចិន​នៅស្នាក់​ការ​កណ្តាល​​នា​ទី​ក្រុង​ម៉ាឌ្រីដ​  ប្រទេស​​អេស្ប៉ាញ ឱ្យ​​ដឹងថា ការ​កើន​ឡើង​យ៉ាង​ឆាប់​​រហ័ស​​នៃ​​សេដ្ឋកិច្ច​​​ចិន​ គឺមាន​កំណើន​​ពីប្រជាជន​ចិន​​ថ្នាក់​កណ្តាល​ដែល​​ជា​ប្រភពចំណាយដ៏​​ចម្បង​ទៅ​ក្នុង​​ទី​​ផ្សារ​ទេស​ចរណ៍​ ឧស្សាហ​កម្ម​គ្មាន​ផ្សែង​មួយ​​នេះ ។ ពោលគឺពួក​គេ​យកពេល​ទំនេរពី​ការ​​ងារ​ធ្វើដំណើរ​កម្សាន្ត​នៅ​តាម​ស្រុក-ខេត្ត-ក្រុងនានា​ក្នុងប្រទេស​របស់​ខ្លួន ហើយ​ចំណាយ​​ទៅ​លើការ​​​ទិញ​អីវ៉ាន់​គ្រឿង​ហូប​ចុក, សម្ភារ, គ្រឿង​អេឡិច​ត្រូ​និច, គ្រឿង​បច្ចេក​វិជ្ជា ដែល​ជា​ចល​ករ​មួយ​​ជំរុញ​ឱ្យមាន​ចរន្ត និង​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ស្រុក ។

លោក​អគ្គ​លេខាធិការ​តាលីប  រីហ្វៃ​ក៏បាន​​សរសើរ​ពី​កំណើន​ភ្ញៀវ​ទេស​ចរ​​​បរទេស​នានា ​ដែល​ចូល​ទៅ​កាន់​ប្រទេស​ចិន​វិញ​ដែរថា ​ផ្តល់​ប្រាក់​ចំណូល​ឱ្យ​ចិន​ច្រើន​ ពីព្រោះ​ប្រទេសចិន​ក៏​សម្បូណ៌​តំបន់​​ទេស​ចរណ៍​មិនចាញ់​គេ​ដែរ ក្នុង​ពិភព​លោក ។ ​ក្នុង​​ឆ្នាំ​២០១២ ភ្ញៀវ​ទេស​ចរបរទេស​ដែល​ចូល​​​ទៅ​កាន់​ប្រទេស​ចិន​មាន​ប្រមាណ​ជិត​៦០​លាន​​នាក់ ។ ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​​ទី​៣ ផ្នែក​ស្រូប​ទាញ​វិស័យ​ទេស​ចរណ៍​​របស់​ពិភព​លោក បន្ទាប់​ពី​ប្រទេស​បារាំង និង​សហ​រដ្ឋ​ទអាមេរិក​ ។ កាល​ពី​ឆ្នាំ​២០០៥ ​​ប្រទេស​​​ចិន​ឈរ​លំដាប់​ទី​៧ តែ​​នៅ​ឆ្នាំ​២០១១ ​ចិន​រំកិលខ្លួន​យ៉ាង​​​ឆាប់​​រហ័ស​មកឈរ​លំដាប់​​ទី៣វិញ ​តាម​កិត​ពី​ក្រោយ​​សហ​រដ្ឋ​អាមេរិក​ និង​ដណ្តើមឡើង​​ពី​​លើ​អាល្លឺ​ម៉ង់ ៕