ខេត្តកណ្តាល ៖ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ប្តីវាយប្រពន្ធទំនាស់ដោយសាររឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន” ដែលប្រព្រឹត្តនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៤៥នាទី តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ។ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសពី ២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ បួនលានរៀល ទៅ១០.០០០.០០០. ដប់លានរៀល។
ជនត្រូវចោទឈ្មោះ ញ៉ែម ផានិត អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទត្រី មានទីលំនៅសព្វថ្ងៃភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ញ៉ែម ឃីម ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដេរខោអាវរយ មានទីលំនៅសព្វថ្ងៃភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល។ សូមរំលឹកថា កាលពីថ្ងៃ និងវេលាកើតហេតុខាងលើជនសង្ស័យជាប្តីជនរងគ្រោះបានឈ្លោះប្រកែកគ្នាពីរឿងម្តាយក្មេកឲ្យទិញដីបងថ្លៃ ដោយពេលនោះជនសង្ស័យនិយាយថា៖
គ្មានលុយទិញទេ រួចក៏មានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធនឹងម្តាយក្មេក ភ្លាមនោះជនសង្ស័យក៏បានយកដំបងឈើមូលខាងលើវាយត្រូវក្បាលជនរងគ្រោះ០១ដំបង បណ្តាលឲ្យបែកហូរឈាម និងវាយចំឆ្អឹងជំនីខាងស្ដាំចំនួន០១ដំបងបន្ថែមទៀតបណ្ដាលឲ្យមានរបួសតែម្តង។ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍កំពង់អុស និងកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ