ខេត្ដពោធិ៍សាត់ ៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកោះជុំ ស្រុកកណ្ដៀង ដែលទើបនឹងសាងសង់រួច បានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៩ មិថុនា ក្រោមអធិបតីភាពលោករដ្ឋមន្ដ្រី ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងលោកជំទាវចុះជួយខេត្ដពោធិ៍សាត់ ។
តាមរបាយការណ៍លោក សុក លីមុត អភិបាលស្រុកកណ្ដៀងឱ្យដឹងថា អគារគណបក្សនេះមានទំហំទទឹង៧,៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ សង់នៅលើផ្ទៃដី១.០៤០ម៉ែត្រការ៉េ មានបន្ទប់រដ្ឋបាល១ សាលាប្រជុំ១ បង្គន់អនាម័យ៤បន្ទប់ របងថ្មក្លោងទ្វារ បំពាក់តុ កៅអី ហ្វុង ក្ដារខៀន មីក្រូ អំភ្លី ធុងបាស់ និងម៉ាស៊ីនភ្លើង ។ អគារនេះបានចាប់ផ្ដើមកសាងតាំងពីថ្ងៃទី១១ មេសា ២០១១ បញ្ចប់នៅថ្ងៃទី១១ តុលា ២០១១ ចំណាយអស់ថវិកាសរុប ២៥.៦៦២ដុល្លារ ជាថវិការបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្ដៀង ដែលដឹកនាំដោយលោក ឯក សុនចាន់ ជាប្រធាន ។
លោករដ្ឋមន្ដ្រី ស៊ុយ សែម ថ្លែងថា អគារស្នាក់ការគណបក្សនេះជាសមិទ្ធផល និងជាស្នាដៃថ្មីមួយទៀតរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចទាំងបីបានកសាងសមិទ្ធផលជាច្រើនពាសពេញប្រទេស ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏បានឆ្លើយតបវិញ តាមរយៈការបោះឆ្នោត ។ គណបក្សប្រជាជនកម្ពុជា គោរពគោលនយោបាយ និងលក្ខន្ដិកៈរបស់ខ្លួន មិននិយាយភូតកុហក បោកប្រាស់ប្រជាពលរដ្ឋទេ គឺនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេល ។ ពីអាណត្ដិមួយទៅអាណត្ដិមួយ មានការរីកចម្រើនជាលំដាប់ ។ ជាក់ស្ដែងបង្គោលភ្លើងអគ្គិសនីមកដល់គ្រប់ភូមិទាំងអស់នៅទូទាំងខេត្ដ ហើយបើចង់ឱ្យអភិវឌ្ឍបន្ដ សូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អាណត្ដិទី៥នេះដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋបន្ដការងារបង្កបង្កើនផលស្រូវរដូវវស្សា ដាំដុះ ចិញ្ចឹមសត្វឱ្យបានច្រើន ប្រយ័ត្នចាញ់បោកពាក្យឃោសនាភូតកុហករបស់គណបក្សផ្សេង ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ស៊ុយ សែម និងលោកជំទាវបានឧបត្ថម្ភមន្ដ្រីរាជការស្រុក៧២នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល កងកម្លាំង៥០ម៉ឺុនរៀល គ្រូបង្រៀង៥៤នាក់ ក្នុងម្នាក់ៗ ក្រមា១ ថវិកា១ម៉ឺនរៀល សិស្សានុសិស្ស១០០នាក់ ក្នុងម្នាក់ៗ១ម៉ឺុនរៀល ប្រជាពលរដ្ឋ២.៣៤៨នាក់ ក្នុងម្នាក់ៗ ក្រមា១ ថ្នាំប៉ារាសេតាម៉ុល២បន្ទះ និងចូលរួមកសាងព្រះវិហារវត្ដដំរីស១.០០០ដុល្លារ ហើយសន្យាថានឹងហែកឋិនប្រមូលបច្ច័យមកកសាងវត្ដនៅក្នុងឃុំកោះជុំនេះទៀតផង ៕
ចែករំលែកព័តមាននេះ