លោក អ៊ុង សុវណ្ណារិទ្ធិ ដែលជាអតីតបេក្ខជនប្រឡងចម្រៀងThe Voice Cambodia រដូវកាលទី២ ជំនាន់ថែល ថៃ ស្រាប់តែប្រកាសចូលរោងការជាមួយនារីវ័យក្រមុំដ៏ស្រស់សោភាម្នាក់ ក្រោយយល់ចិត្តថ្លើមគ្នារហូតឈានដល់សំពះផ្ទឹមជាផ្លូវការ។
ពិធីរៀបមង្គលការរបស់តារាចម្រៀង អ៊ុង សុវណ្ណារិទ្ធិ នឹងប្រព្រឹត្តទៅ២ថ្ងៃ ដោយល្ងាចថ្ងៃទី១៦ សូត្រមន្ត ហើយថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃដ៏ពិសេសបង្ហាញគ្រប់ទម្រង់ពិធីចូលរោងការរបស់ដូនតាខ្មែរ។
មានការទម្លាយឲ្យដឹងថា ភរិយារបស់លោក អ៊ុង សុវណ្ណារិទ្ធិ ជាអ្នកមានជំនាញខាងសាឡន ដោយពួកគេស្គាល់ចិត្តថ្លើមគ្នាយូរខែដែរ ហើយយល់ថា ម្នាក់ៗមានភាពល្អរៀងៗខ្លួន ទើបឈានដល់ការរៀបអាពាហ៍ពិពាហ៍សាងអនាគតថ្មីជាមួយគ្នា។ មង្គលការរបស់ពួកគេរៀបចំធ្វើឡើងនៅត្រែងត្រយឹងខេត្តកំពង់ស្ពឺ ការផ្ទះខាងស្រីដោយពុំទាន់ដឹងថា មានការចូលរួមសាទរពីតារាសិល្បៈណាខ្លះទេ។
លោកអ៊ុង សុវណ្ណារិទ្ធិ បានប្រឡងចម្រៀងលំដាប់ពិភពលោករបស់ទូរទស្សន៍ធំមួយដោយលោកឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ត្រូវចាកចេញ។ ក្រោយប្រឡងចម្រៀងតារាប្រុសរូបនេះ ឧស្សាហ៍ចេញច្រៀងតាមកម្មវិធី ជាពិសេសច្រៀងអប់រំសុខភាពដល់កម្មករ កម្មាការិនីតាមរោងចក្រ។ លោកអ៊ុង សុវណ្ណារិទ្ធិ ធ្លាប់ធ្វើជាគ្រូបង្រៀងខាងមុខវិជ្ជាគីមី និងមានស្រុកកំណើតមកពីខេត្តតាកែវផងដែរ។

ចែករំលែកព័តមាននេះ