រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី៧ មិថុនា ២០១៣ នៅទីក្រុងកោះពេជ្រ លោក អៀង ស៊ីធុល បានរៀបចំពិធីមង្គលការកូនស្រី ដោយមានភ្ញៀវកិត្តិយសជាច្រើនឋានៈចូលរួមជូនពរជ័យ ពិសេសមានវត្តមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។
អ្នកសិល្បៈចូលរូមនាឱកាសនោះ មានអ្នកស្រី ហ៊ឹម ស៊ីវន, លោក ព្រាប សុវត្ថិ, នាយកុយ, លោក ស៊ុក សុភា, លោក ឈឿន ឧត្តម, លោក ញ៉ែម សុគន្ធ, ពូឃ្លាំង, លោក អេឡិច ចិន្ត្រា, កញ្ញា សុគន្ធ នីសា, អ្នកនាង កែវ បូរ៉ា, នាងក្អយ, អ្នកនាង សំ ប៉ូលីដា និងស្វាមី, លោក ទេព រិន្ទដារ៉ូ, លោក ហម ឈរ៉ា និងកញ្ញា សារ៉ាយ សក្ខណា ជាដើម ។
ក្នុងពិធីប្រកបដោយសិរីសួស្តី ដែលអញ្ជើញភ្ញៀវចូលរួមប្រហែល១០០តុនោះ លោក អៀង ស៊ីធុល ថ្លែងថា ថ្ងៃនេះជាថ្ងៃពិសេសដែលក្រុមគ្រួសារលោកបានរៀបពិធីសិរីសួស្តីបែបប្រពៃណីខ្មែរជូនដល់កូនស្រីរបស់លោកដែលមានឈ្មោះ «អៀង ភក្តីសំណាង» ជាមួយកូនប្រុស សារី សុខុម ជាគូអនាគតចាប់ពីពេលនេះតទៅ ។ លោកផ្តល់ដំបូន្មានសូមឱ្យកូនទាំងពីរជួបប្រទះតែសេចក្តីសុខ និងចេះអត់ទោសឱ្យគ្នាជានិច្ច ពិសេសត្រូវប្រកាន់ខ្ជាប់ចិត្តធ្ងន់ឱ្យបានច្រើន ។
លោក អៀង ស៊ីធុល ថ្លែងទៀតថា លោកមានក្តីរីករាយជាអនេក ដែលបានឃើញវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនផ្តល់ក្តីរាប់អានដល់ក្រុមគ្រួសារលោក ទាំងអ្នកសិល្បៈរួមជំនាន់ និងអ្នកថ្មី ព្រមទាំងអស់លោក លោកជំទាវ អ្នកឧកញ៉ា ។ ក្រៅពីនេះមានភ្ញៀវមកពីក្រៅប្រទេសដ៏សែនឆ្ងាយស្កាត់មកជូនពរជ័យដល់មង្គលការនេះ ស្តែងឱ្យឃើញពីការស្រឡាញ់អ្នកសិល្បៈដូចជារូបលោក ។ ថ្ងៃនេះមានភ្ញៀវកិត្តិយសចូលរួមច្រើនដោយសារតែអាជីពសិល្បៈរបស់លោកជួយរូបលោកឱ្យមានគេស្គាល់គ្រប់ទិសទី ។ មង្គលការកូនរបស់លោក គឺលោកពិតជារំភើប និងសន្យាថា នឹងបន្តអាជីពសិល្បៈ ពិសេសរក្សាទម្រង់ផ្នែកសិល្បៈបុរាណដែលជាជំនាញរបស់លោកជូនដល់ប្រិយមិត្តជារៀងរហូត ទោះជាកាលៈទេសៈណាក៏ដោយ ក្នុងន័យជួយរក្សាវប្បធម៌ប្រពៃណីខ្មែរយើងតាមកញ្ចក់ទូរទស្សន៍ដោយមិនធុញទ្រាន់ឡើយ បើទោះជាលោកជួយមិនបានច្រើនដល់សង្គមជាតិ តែលោកនឹងប្រឹងជ្រោងនាវាសិល្បៈខ្មែរឱ្យកាន់តែផុសផុលទៅមុខទៀតជានិរន្តរ៍ ទោះជាកម្លាំងថមថយក៏មិនគិតដែរ ។
ក្នុងពិធីនោះ គេសង្កេតឃើញមានភាពប្លែកខ្លះដែរ ដោយសារតែមុនចូលដល់កម្មវិធីច្រៀងរាំកម្សាន្ត មានការប្រគំភ្លេងមហោរីស្តែងចេញពីលក្ខណៈសិល្បៈបុរាណរបស់ខ្មែរ ដែលលោក អៀង ស៊ីធុល ជាអ្នករៀបចំមុនបញ្ចូលកម្មវិធីប្រគំភ្លេងសម័យ ។ ចំណែកកូនកំលោះ កូនក្រមុំ មិនត្រូវលោក អៀង ស៊ីធុល អនុញ្ញាតឱ្យរាំឱបចង្កេះគ្នាឡើយ ៕
ចែករំលែកព័តមាននេះ