ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ទាំង​ភូមិ​កំពុង​មួម៉ៅ​ក្តៅក្រហាយ​នឹង​ក្រុមហ៊ុន​ជីកដី​ទាំងនេះ​ខ្លាំង​ណាស់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បា​វិត មានការ​ព្រួយ​បារ​ម្ម​ណ៍ និង​ខឹងសម្បារ​ក្រុមហ៊ុន​ជីកដី​យក​អាចម៍ដី ជីករណ្តៅ នៅ​ជិត​ទួល​បុរាណ ធ្វើ​ឲ្យ​បាក់​ដី​ទួល​បុរាណ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បា​វិត មានការ​ព្រួយ​បារ​ម្ម​ណ៍ និង​ខឹងសម្បារ​ក្រុមហ៊ុន​ជីកដី​យក​អាចម៍ដី ជីករណ្តៅ នៅ​ជិត​ទួល​បុរាណ ធ្វើ​ឲ្យ​បាក់​ដី​ទួល​បុរាណ និង​ប៉ះ​ខឿន​ផ្នូរ​សព​ដូនតា​របស់​គាត់​តាំងពី​បុរាណ​មក ដោយ​ពួក​ក្រុមហ៊ុន​ជីកដី​ទាំងនោះ​គ្មាន​ខ្លាចញញើត​អាជ្ញាធរ​ក្រុង​សង្កាត់​ឡើយ ។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សូម​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ក៏​ដូច​អាជ្ញាធរ​ក្រុង​ខេត្ត​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ចុះ​ទៅ​អន្តរាគមន៍​បញ្ឈប់​អាជ្ញា​ប័ន​ក្រុមហ៊ុន​អាជីវកម្ម​នោះ​ដើម្បី​ការពារ​ទួល​បុរាណ​មួយ​នេះ​ទុកជា​កន្លែង​ប្រជាពលរដ្ឋ​ធ្វើ​ពិធីបុណ្យ​ប្រពៃណី និង​រក្សា​ធាតុ​ដូនតា​ផង ។

លោក​ចៅសង្កាត់​បាទី​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​ក្រុមហ៊ុន​ជីករណ្តៅ​យក​អាច​ម៌​ដី​លក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទួល​បុរាណ​ពិតប្រាកដ​មែន ក៏​ប៉ុន្តែ​ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្តឹង​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ លោក​បាន​សុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​នោះ​ផ្អាក​ការ​ជីក​យក​អាច​ម៌​ដី​សិន​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ក្រុង ។ ហើយ​ចំពោះ​ក្រុមហ៊ុន​នោះ​មិនដឹង​ឈ្មោះ​អី​ទេ គេ​គ្រាន់តែ​ប្រាប់​ថា ពួក​គេ​មក​ជីករណ្តៅ​ដី​នេះ​តាម​រយៈ​លោក​អនុ​ភូមិ​ថ្នល់កែង ។

ករណី​ក្រុមហ៊ុន​ជីករណ្តៅ​យក​អាច​ម៌​ដី​ប៉ះពាល់​ទួល​បុរាណ​នេះ​លោក​អភិបាលរង​ក្រុង​បា​វិត​បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​បា​វិត​មិន​បានដឹង​ទេ ហើយ​បើ​មាន​ករណី​នេះ​មែន​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល ។

ទាក់ទិន​បញ្ហា​ខាងលើ​នេះ​ដែរ​លោក សាក់ អនុប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង​បាន​ឲ្យ កោះសន្តិភាព ដឹង​ថា លោក​មិន​បានដឹង​ទេ ករណី​ខាងលើ​នេះ​លោក​បាន​បញ្ជាក់​ថា នៅ​ខេត្តស្វាយរៀង​គ្មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​ទេ មាន​តែ អាជីវ ករ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី​ឲ្យ​ក្រុមហ៊ុន​អចលនៈទ្រព្យ ឬ​រោងចក្រ​សហគ្រាស ។

មន្ត្រី​សាលាក្រុង​បា​វិត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​អាជីវករ​ខ្លះ​បាន​ធ្វើ​សកម្មភាព​អាជីវកម្ម​ជីករណ្តៅ​យក​អាច​ម៌​ដី​បាន​បញ្ចប់​គ្រប់​តាម​អាជ្ញា​ប័ន​ក្រោម​១​ហិ​កតា ជម្រៅ​ពី​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​អស់ហើយ មិន​សុំ​អាជ្ញា​ប័ន​ថ្មី​ទេ គឺ​ទៅ​ធ្វើ​សកម្មភាព​បន្ត​ជីក​ដល់​ក្បាល​ប្រែ​ត និង​ពង្រីក​ទំហំ​លើស​ពី​១​ហិ​កតា ហើយ​នៅ​ក្នុង​រដ្ឋបាល​ក្រុង​បា​វិត​មាន​រណ្តៅ​ដី​ជា​ច្រើន​ជីក​ជម្រៅ​ជ្រៅ​ប្រជាពលរដ្ឋ​អ្នក​ឃ្វាលគោ​ក្របី​ហៅ​ថា សមុទ្រ​ខៀវ ឬ​រណ្តៅ​មរណៈ ។

ចំពោះ​ករណី​ជីករណ្តៅ​ដី​ប៉ះពាល់​ទួល​បុរាណ​នៅ​ភូមិ​ថ្នល់កែង​សង្កាត់​បាទី​ក្រុង​បា​វិត​នោះ​លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តស្វាយរៀង​មិន​បានដឹង​ទេ និង​មិន​បាន​ចេញ​អាជ្ញា​ប័ន​ឲ្យ​ដែរ ចាំ​លោក​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស្រាវជ្រាវ​រក​ក្រុម​អ្នក​ជីករណ្តៅ​ដី​ឲ្យ​មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ