ប្រធានគណៈកម្មការកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា លោក ឈាង វុន នឹងធ្វើសន្និសីទកាសែតស្តីពីការសម្រេចបង្កកបា្រក់ខែ និង បញ្ឈប់តួនាទីតំណាងរាស្រ្ត ២៩រូប មកពីគណបក្សសមរង្ស៊ី គណបក្សសិទ្ឋិមនុស្ស និងគណបក្សនរោត្តមរណប្ញទ្ឋិ ។
គួរបញ្ជាក់ថា សន្និសីទកាសែតដែលនឹងចាប់ផ្តើមឡើងនៅម៉ោង៩ព្រឹកថ្ងៃទី ១០ មិថុនា ២០១៣ នៅវិមានរដ្ឋសភាក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីអ្នកនំាពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ជិន ផ្សាគី ( JEN PSAKI ) កាលពីថ្ងៃទី០៨ មិថុនា បានចេញសេចក្តីថ្លែងការណ៏សម្តែងក្តីកង្វល់ជាខ្លំាងចំពោះព័ត៌មានដែលថា គណៈកម្មាធិការអចិន្រ្តៃយ៏រដ្ឋសភាកម្ពុជាមកពីគណបក្សកាន់អំណាច បានបណ្តេញសមាជិកសមាជិកាសភាមកពីគណបក្សប្រឆាំង ។
សេចក្តីថ្លែងការណ៏ ដែលត្រូវបានចែកចាយដល់អ្នកកាសែតកាលពីថ្ងៃទី០៩មិថុនាម្សិលមិញ ក៏បានចាត់ទុកទង្វើនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ។
យ៉ាងណាក៏ដោយ លោក ឈាង វុន ធ្លាប់បានប្រកាសរួចហើយថា ការបង្កកបា្រក់ខែ និង លុបឈ្មោះតំណាងរាស្រ្ត២៩រូបខាងលើនេះ ដោយសារតែសមាជិកសភាទំាងនោះ បានក្លាយទៅជាសមាជិកគណបក្សសង្គ្រោះជាតិ និង គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតាមច្បាប់រដ្ឋធម្មនុញ្ញ លក្ខន្តិកៈតំណាងរាស្រ្ត និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា សមាជិកសភាទំាង២៩រូបនេះ ត្រូវបាត់បង់សមាជិកភាពជាតំណាងរាស្រ្តដោយស្វ័យប្រវត្តិ ៕
ចែករំលែកព័តមាននេះ