រាជធានីភ្នំពេញ ៖ បុរស-ស្ត្រី២នាក់ដែលជាគូស្នេហ៍នឹងគ្នាហើយបានរស់នៅរួមសុខទុក្ខជាមួយគ្នាយ៉ាងផ្អែមល្ហែម ដូចប្តីប្រពន្ធ មិនឱ្យឪពុកម្តាយដឹងរយៈពេល៧ខែមកហើយ ទីបំផុតក្លាយជាសត្រូវស៊ីសាច់ហុតឈាម និងប្រទូស្តរ៉ាយគ្នាបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងយប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៥ មិថុនា នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
គូស្នេហ៍មួួយគូនេះត្រូវគេស្គាល់ថា បុរសឈ្មោះ ចាន់ ប៊ុនថន អាយុ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ស្ត្រីជាសង្សារមិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា នាងជាកម្មការិនីរោងចក្រកាត់ដេរ ហើយកាលពីមុនស្នាក់នៅក្នុងភូមិព្រៃទាជាមួយគ្នា ប៉ុន្តែមួយរយៈចុងក្រោយនេះ បានចាកចេញទៅស្នាក់នៅជាមួយមិត្តភក្តិនៅផ្ទះជួលភូមិកើតហេតុខាងលើ ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជិតស្និទ្ធនឹងគូស្នេហ៍នេះនិយាយថា ពួកគេទាំងពីរនាក់នោះបានស្រឡាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេល៧ខែមកហើយ ពុំមែនជាការស្រឡាញ់គ្នាធម្មតានោះឡើយ គឺពួកគេបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធនៅក្នុងផ្ទះជួលមួួយក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ។
ប៉ុន្តែគេពុំដឹងថា តើបុរសនោះមានប្រពន្ធកូនហើយឬនៅនោះទេ ហើយបញ្ហានេះពួកគេបានលាក់បាំងមិនឱ្យឪពុកម្តាយទាំងសងខាងបានដឹងឡើយ និងមិនបានរៀបការ ឬក៏សែនព្រេនអ្វីទាំងអស់ គឺពួកគេរស់នៅជាមួយគ្នាប្រាសចាកពីគន្លងប្រពៃណីដោយចិត្តនិងចិត្ត ។ ប្រភពដដែលបន្តថា ដំបូងការរួមរស់ជាមួយគ្នាមានការចុះសម្រុងនឹងគ្នាខ្លាំងណាស់ ដោយពួកគេចេះយល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែមួួយរយៈពេលចុងក្រោយនេះ ស្រាប់តែមានភាពរកាំរកូសកើតឡើង ហើយបុរសជាសង្សារក៏ចេះតែព្រងើយកន្តើយ និងឧស្សាហ៍រករឿងធ្វើបាបនាងជាប្រពន្ធឥតខាន់ស្លាជាញឹកញាប់ និងធ្លាប់ចាក់សោទ្វារផ្ទះមិនឱ្យនាងចេញទៅណាមកណាទៀតផង ។
ប្រភពដដែលបន្តទៀតថា ម៉្យាងទៀត បុរសនោះមិនសូវទៅរកនាងទេ តែនៅពេលនាងបើកលុយទើបបុរសនោះមករកនាង ។ ដោយសារមិនអាចទ្រាំនឹងការធ្វើបាបផ្លូវចិត្តបាន ទើបនាង សម្រេចចិត្តចាកចេញទៅស្នាក់នៅជាមួយមិត្តភក្តិម្នាក់ទៀត ដែលជាកម្មការិនីដូចគ្នា ស្ថិតក្នុងភូមិកើតហេតុខាងលើ និងបានប្តូរកន្លែងធ្វើការលែងចង់ជួបបុរសនោះទៀតផង ។ ក្រោយពេលនាងចាកចេញទៅដោយស្ងាត់ៗ បុរសនោះបានដើរតាមរករហូតដល់យប់ថ្ងៃកើតហេតុ ទើបប្រទះឃើញនាងកំពុងដើរជាមួយមិត្តភក្តិតាមផ្លូវដោយចៃដន្យ បុរសនោះបានហៅនាងឱ្យឡើងជិះម៉ូតូជាមួយខ្លួន និងទៅរួមរស់ជាមួយគ្នាវិញ ។ ប៉ុន្តែខណៈនោះនាងបដិសេធ មិនព្រមទៅជាមួយឡើយ ហើយក៏មានការប្រទូស្តរ៉ាយគ្នាកើតឡើង មិនតែប៉ុណ្ណោះ បុរសនោះបានដណ្តើមយកទូរស័ព្ទពីស្ត្រីជាសង្សារថែមទៀត ។
បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបាននាំគ្នាទៅចោមរោមមើល ព្រមទាំងឃាត់មិនឱ្យមានការប្រទូស្តរ៉ាយគ្នា ប៉ុន្តែត្រូវបានបុរសនោះប្រាប់ថា កុំចេះដឹងរឿងប្តីប្រពន្ធរបស់គេ ។ ភ្លាមៗនោះ នាងបានបដិសេធថា នាងមិនមែនជាប្រពន្ធរបស់ជននេះឡើយ ហើយទូរស័ព្ទដែលជននោះដណ្តើមយក ក៏ជារបស់នាងដែរ ។ ប្រភពដដែលបានបន្តថា ដោយសារការប្រទូស្តរា៉យគ្នាកាន់តែខ្លាំងឡើងៗ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ឃាត់ពួកគេ ។
ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍កាកាបបានចុះទៅឃាត់ និងនាំពួកគេទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ព្រមទាំងឱ្យបុរសនោះធ្វើកិច្ចសន្យាឈប់រករឿងស្ត្រីជាសង្សារទៀត ប្រសិនបើថ្ងៃក្រោយហ៊ានតាមរករឿងទៀត សមត្ថកិច្ចនឹងចាត់ការតាមច្បាប់ហើយ ។ បន្ទាប់ពីអប់រំរួច សមត្ថកិច្ចបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញទាំងយប់ ។ ក្នុងលោកនេះគ្មានអ្វីទៀងទាត់ទេ ស្រឡាញ់គ្នាណាស់ ក៏បែកគ្នាបានដែរ ដូចជាគូស្នេហ៍នេះរស់នៅជាមួយគ្នា៧ខែមកហើយ ក៏បានឈានដល់ផ្លូវបំបែក ។ នេះដោយសារតែការជ្រើសរើសរបស់ពួកគេមានការខុសឆ្គងគិតតែពីអារម្មណ៍ខ្លួនឯង ទីបំផុតបេះដូងរហែកជាពីរទៅហើយអ្វីៗក៏ចប់ដែរ ៕
ចែករំលែកព័តមាននេះ