ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ករ​បារម្ភ​ពី​ភាព​តូច​ចង្អៀត​នៃ​ទីផ្សារ​ភាព​យន្ត​នៅ​កម្ពុជា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើ​ទោះ​បី​ជា​ក្នុង​ពេល​បច្ចុប្បន្ន​ ខ្សែ​ភាព​យន្ត​ខ្មែរ​ហាក់​មាន​ការ​ងើប​ឡើង​បន្តិច​ក៏​ដោយ​ ប៉ុន្តែ​បណ្តា​ផលិត​ករ​មួយ​ចំនួន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ភាព​តូច​ចង្អៀត​នៃ​ទីផ្សារ​ភាព​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ហាក់​មិន​សូវ​ជា​អំណោយ​ផល​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​ឡើយ​ ។

រាជធានីភ្នំពេញ​ ៖ បើ​ទោះ​បី​ជា​ក្នុង​ពេល​បច្ចុប្បន្ន​ ខ្សែ​ភាព​យន្ត​ខ្មែរ​ហាក់​មាន​ការ​ងើប​ឡើង​បន្តិច​ក៏​ដោយ​ ប៉ុន្តែ​បណ្តា​ផលិត​ករ​មួយ​ចំនួន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ភាព​តូច​ចង្អៀត​នៃ​ទីផ្សារ​ភាព​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ហាក់​មិន​សូវ​ជា​អំណោយ​ផល​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​ឡើយ​ ។

ផលិត​ករ​ភាព​យន្ត​ អ្នក​ស្រី​ ពាន់​ ភួង​បុប្ផា អះ​អាង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ឱកាស​បើក​សម្ពោធ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​កុមារី​២៥​ឆ្នាំ​ វគ្គ២​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា​ កន្លង​មក​ ផ្នែក​សិល្បៈ​វប្បធម៌​នេះ​ បាន​ក្លាយ​ជា​ចំណុច​មួយ​រសើប​បំផុត​ ហើយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ថា​ មិន​អនុញ្ញាត​ឱ្យ​យក​ពន្ធ​ទៅ​លើ​វិស័យ​មួយ​នេះ​ឡើយ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ អ្នក​ស្រី​មិន​ដឹង​ថា​ មាន​ការ​ប្រែ​ប្រួល​ ឬយ៉ាង​ណា​ទេ​ ។

អ្នក​ស្រី​ ពាន់​ ភួង​បុប្ផា​ បញ្ជាក់​ថា​ សព្វ​ថ្ងៃ​ វិស័យ​ភាព​យន្ត​ គឺ​មិន​មាន​អ្នក​ដែល​ជួយ​យើង​ក្រៅ​តែ​អំពី​ផលិត​ករ​ខ្លួន​ឯង​ដែល​ខិត​ខំ​ពុះ​ពារ​រហូត​ផលិត​ករ​ខ្លះ​ធ្វើ​ឡើង​ក្រ​ខ្លួន​ក៏​មាន​ ចំណែក​មួយ​ចំនួន​បាន​ជោគ​ជ័យ​គឺ​គេ​គ្រាន់​បើ​ ប៉ុន្តែ​អ្នក​ស្រី​យល់​ថា​ ការ​បណ្តាក់​ទុន​លើ​វិស័យ​មួយ​នេះ​ហាក់​មិន​សូវ​បាន​ចំណេញ​ដូច​វិស័យ​សិល្បៈ​ផ្សេងៗ​ទៀត​ឡើយ​ ។ អ្នក​ស្រី​បន្ថែម​ថា​ ដោយ​ឈរ​លើ​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ចង់​វិនិយោគ​ទៅ​លើ​វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​កាន់​តែ​មាន​ការ​ខើច​ទៅៗ​ ដោយ​សារ​ក្នុង​ប្រទេស​យើង​មិន​មាន​ស្ទូឌី​យោ​ ធំៗ​ ដូច​នៅ​ក្នុង​ប្រទេស​គេ​ឡើយ​ ហេតុ​នេះ​ គឺ​ពិបាក​ក្នុង​ការ​បោះ​ទុន​ច្រើន​ក្នុង​វិស័យ​នេះ​​ ព្រោះ​វា​ពិបាក​ប្រមូល​ថវិកា​យក​ទៅ​វិញ​ ។ ដោយ​ឡែក​ បូក​រួម​ជាមួយ​នឹង​ទីផ្សារ​នៅ​ក្នុង​ប្រទេស​យើង​តូច​ចង្អៀត​ផង​នោះ​ រឹត​តែ​ធ្វើ​ឱ្យ​គេ​ពិបាក​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​​នេះ​ ។

ផលិត​ករ​រូប​នេះ​និយាយ​ថា​ ម៉្យាង​ទៀត​ បច្ចុប្បន្ន​រោង​ភាព​យន្ត​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​គឺ​មាន​សម្ពាធ​ខ្លាំង​ជាមួយ​ម្ចាស់​ផលិត​ករ​ទៅ​លើ​បញ្ហា​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ម្តងៗ​ ដែល​កត្តា​មួយ​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​ធ្វើ​ឱ្យ​វិស័យ​ភាព​យន្ត​ខ្មែរ​ធ្លាក់​ចុះ​ទៅ​វិញ​ដែរ​ ។ រោង​ភាព​យន្ត​មួយ​ចំនួន​ គឺ​យក​តម្លៃ​ផ្តាច់​ក្នុង​មួយ​ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​ផលិត​ករ​អាច​ទទួល​យក​បាន​ក្នុង​ការ​ចរចា​តម្លៃ​គ្នា​នោះ​ ប៉ុន្តែ​សម្រាប់​រោង​ភាព​យន្ត​មួយ​ចំនួន​ទៀត​ គឺ​គេ​គិត​តម្លៃ​ដោយ​ចែក​គ្នា​៥០​ភាគ​រយ​ម្នាក់​ ដែល​បញ្ហា​មួយ​នេះ​ហាក់​មិន​សូវ​ជា​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ផលិត​ឡើយ​ ។

ត្រង់​ចំណុច​នេះ​ អ្នក​ស្រី​ ពាន់​ ភួង​បុប្ផា​ បាន​ស្នើ​សុំ​ឱ្យ​ម្ចាស់​រោង​ភាព​យន្ត​ទាំង​នោះ​មេត្តា​ពិចារណា​ឡើង​វិញ​ទៅ​លើ​បញ្ហា​មួយ​នេះ​ ប្រសិន​បើ​អាច​ អ្នក​ស្រី​សុំ​ឱ្យ​ម្ចាស់​រោង​ភាព​យន្ត​យក​តម្លៃ​ទាប​ជាង​ម្ចាស់​ផលិត​ករ​ត្រឹម​រយៈ​ពេល​បញ្ចាំង​២សប្តាហ៍​ ចំណែក​នៅ​សប្តាហ៍​ទី៣​ គឺ​ចាំ​យក​ស្មើ​គ្នា​ ។ ការ​ធ្វើ​បែប​នេះ​ គឺ​ធ្វើ​ឱ្យ​ផលិត​ករ​អាច​រស់​បាន​ដោយ​សារ​តែយើង​អាច​​យក​លុយ​ទាំង​នេះ​ទៅ​ផលិត​រឿង​ថ្មី​បន្ថែម​ទៀត​ ប្រសិន​បើ​ផលិត​ករ​ ផលិត​រឿង​មួយ​បាន​ហើយ​ តែ​គ្មាន​បាន​យក​លុយ​ទៅ​វិញ​ តើ​យើង​បាន​អ្វី​សម្រាប់​ផលិត​រឿង​ថ្មី​ទៀត​ ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ ទាក់​ទង​ទៅ​នឹង​ការ​ផលិត​ខ្សែ​ភាព​យន្ត​វិញ​ អ្នក​ស្រី​ ពាន់ ភួង​បុប្ផា​ បាន​សំណូម​ពរ​ឱ្យ​គ្រប់​ផលិត​ករ​ទាំង​អស់​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផលិត​ខ្សែ​ភាព​យន្ត​មួយ​ឱ្យ​មាន​គុណ​ភាព​ និង​សម្រិត​សម្រាំង​នូវ​ស្នាដៃ​របស់​ខ្លួន​មុន​នឹង​ចេញ​បញ្ចាំង​ឱ្យ​ទស្សនិក​ជន​ទស្សនា​ ។ ប្រសិន​បើ​យើង​យល់​ថា​ ជោគ​ជ័យ​ហើយ​ចេះ​តែ​ផលិត​ទាំង​ប្រថុយ​ប្រថាន​នោះ​ វា​ក៏​ជា​បញ្ហា​ធ្វើ​ឱ្យ​កុន​ខ្មែរ​ធ្លាក់​ចុះ​ទៅ​វិញ​បាន​ដែរ​ ។

អ្នក​ស្រី​ ពាន់​ ភួង​បុប្ផា​ បាន​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ កុំ​យក​ពន្ធ​ទៅ​លើ​វិស័យ​ភាព​យន្ត​ ខណៈ​ពេល​ដែល​អាជីព​នៃ​ផលិត​ករ​ខ្មែ​បច្ចុប្បន្ន​កំពុង​តែ​មាន​ភាព​ផុយ​ស្រួយ​នោះ​ ។ ទាក់​ទង​បញ្ហា​នេះ​ដែរ​ លោក​ ស៊ិុន​ ច័ន្ទ​សាយ៉ា​ ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ធ្លាប់​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​​ ការ​ផលិត​ខ្សែ​ភាព​យន្ត​ខ្មែរ​ហាក់​មាន​ការ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​បញ្ជាក់​ថា​ នា​ពេល​បច្ចុប្បន្ន​ ការ​ផលិត​ខ្សែ​ភាព​យន្ត​ខ្មែរ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ទីផ្សារ​នៅ​ឡើយ​ទេ​ ហេតុ​នេះ​ក្រសួង​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​បណ្តា​ផលិត​ករ​ទាំង​អស់​ឱ្យ​បន្ត​ផលិត​ខ្សែ​ភាព​យន្ត​ថ្មីៗ​បន្ថែម​ ក្នុង​ពេល​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក៏​បាន​ខិត​ខំ​ស្វែង​រក​អ្នក​វិនិយោគ​រោង​កុន​បន្ថែម​ទៀត​ ដោយ​សង្ឃឹម​ថា​ នា​ពេល​អនា​គត​ រោង​កុន​នៅ​ក្នុង​ស្រុក​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​ ៕