ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ ៈ ជំងឺ​គ្រុន​ឈាម​ផ្តាច់​ជីវិត​កុមារ​ពី​70​ទៅ​80​នាក់​ក្នុង​មួយ​ឆ្នាំៗ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទោះ​បី​ជា​បច្ចុប្បន្ន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ​ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះ​អាង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ជំងឺ​គ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​កុមារ​ជា​មធ្យម​ពី​៧០​ទៅ​៨០​នាក់​ ដែល​បញ្ហា​នេះ​ទាំង​អស់​គ្នា​ត្រូវ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ។

រាជធានីភ្នំពេញ​ ៖ ទោះ​បី​ជា​បច្ចុប្បន្ន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ​ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះ​អាង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ជំងឺ​គ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​កុមារ​ជា​មធ្យម​ពី​៧០​ទៅ​៨០​នាក់​ ដែល​បញ្ហា​នេះ​ទាំង​អស់​គ្នា​ត្រូវ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ។

លោក​ ច ម៉េង​ចួ​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សាស្ត្រ​-បាណន​សាស្ត្រ​ មាន​ប្រសាសន៍​ថា​ ចំនួន​ករណី​គ្រុន​ឈាម​នៅ​កម្ពុជា​ក្នុង​៥​ខែ​នា​ដើម​ឆ្នាំ​២០១៣​នេះ​ មាន​៣០៥១​នាក់​ ក្នុង​នោះ​ស្លាប់​១៨​នាក់​ គឺ​ថយ​ចុះ​៥០%​ បើ​ប្រៀប​ធៀប​រយៈ​ពេល​៥​ខែ​ ដូច​គ្នា​នា​ឆ្នាំ​២០១២​ ដែល​មាន​៦០៧៧​នាក់​ ។ ដោយ​ឡែក​ ក្នុង​១ខែ​ឧសភា​ ឆ្នាំ​២០១៣​នេះ​ ករណី​គ្រុន​ឈាម​មាន​៧១%​ តិច​ជាង​ខែ​ឧសភា​ ឆ្នាំ​២០១២​ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​យើង​នៅ​តែ​ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ព្រោះ​ថា​ កន្លង​មក​ជា​រៀង​រាល់​ឆ្នាំ​ ទោះ​ក្នុង​ឆ្នាំ​ដែល​គ្មាន​ការ​ផ្ទុះ​ជំងឺ​រាត​ត្បាត​ទូទាំង​ប្រទេស​ក៏​ដោយ​ ក៏​ជំងឺ​នេះ​តែង​ផ្តាច់​ជីវិត​កុមារ​ជា​មធ្យម​៧០​ ឬ​៨០​នាក់​ដែរ​ក្នុង​១ឆ្នាំៗ ។

លោក​បន្ត​ថា​ ៧១​%​ នៃ​ករណី​ឈឺ​ ៥ខែ​នា​ដើម​ឆ្នាំ​២០១៣​ ជា​កុមារ​អាយុ​៥-១៤​ឆ្នាំ​ ។ អត្រា​ឈឺ​ក្នុង​ប្រជា​ជន​១សែន​នាក់​ មាន​២០,៩​ ក្នុង​នោះ​ខេត្ត​ដែល​មាន​អត្រា​ឈឺ​ខ្ពស់​ ភាគ​ច្រើន​ជា​ខេត្ត​នៅ​ជាប់​ ឬ​ជិត​ព្រំដែន​ថៃ​ និង​ខេត្ត​តាម​ឆ្នេរ​សមុទ្រ​ ចំណែក​ខេត្ត​កម្ពុជា​តាម​ព្រំ​ដែន​វៀត​ណាម​ មាន​អត្រា​ឈឺ​ទាប​ ។ អត្រា​ខុស​គ្នា​រវាង​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​នេះ​អាច​ពាក់​ព័ន្ធ​នឹង​បរិយា​កាស​ជិត​ខាង​ ។ ករណី​គ្រុន​ឈាម​នៅ​ប្រទេស​ថៃ​ ៥ខែ​កើន​៣​ដង​លើស​ចំនួន​ឈឺ​រយៈ​ពេល​ដូច​គ្នា​នា​ឆ្នាំ​២០១២​ ដោយ​ភាគ​ច្រើន​នៅ​ភាគ​ឦសាន​ ។ ក្នុង​រយៈ​ពេល​៥ខែ​នា​ដើម​ឆ្នាំ​២០១៣​ នៅ​ប្រទេស​សិង្ហបុរី​ គ្រុន​ឈាម​កើន​៤៦១%​ លើស​ចំនួន​ក្នុង​៥ខែ​ដើម​ឆ្នាំ​២០១២​ ។ ប្រទេស​ឡាវ​កើន​៤១៧%​ គិត​ត្រឹម​ថ្ងៃ​ទី​២៦ មេសា​ ។

ប្រទេស​វៀត​ណាម​ កើន​២៣%​ ត្រឹម​ថ្ងៃ​ទី​២០ មេសា​ ។ នៅ​ដើម​ឆ្នាំ​២០១៣​នេះ​ ប្រទេស​តំបន់​អាស៊ាន​ដែល​មាន​អត្រា​ជំងឺ​គ្រុន​ឈាម​ក្នុង​ប្រជា​ជន​១សែន​នាក់​ ខ្ពស់​ជាង​កម្ពុជា​ក្នុង​រយៈ​ពេល​ដូច​គ្នា​ គឺ​សិង្ហបុរី​ស្មើ​៥,៨​ដង​នៃ​អត្រា​កម្ពុជា​ ឡាវ​ ស្មើ​២,៩​ដង​នៃ​អត្រា​កម្ពុជា​ ហ្វ៊ីលីពីន​ មាន​២,៣​ដង​នៃ​អត្រា​កម្ពុជា​ ថៃ​ស្មើ​២ដង​នៃ​អត្រា​កម្ពុជា​ ម៉ាឡេស៊ី​ស្មើ​១,៩​ដង​នៃ​អត្រា​កម្ពុជា​ ចំណែក​វៀត​ណាម​មាន​អត្រា​លើស​កម្ពុជា​បន្តិច​បន្តួច​ ។

លោក​ ច ម៉េង​ចួ​ បាន​បញ្ជាក់​ថា​ អន្តរា​គមន៍​ជា​គន្លឹះ​ឆ្លើយ​តប​នឹង​ជំងឺ​គ្រុន​ឈាម​ គឺ​បំបាត់​ជម្រក​មូស​ខ្លា​ និង​បញ្ជូន​អ្នក​ជំងឺ​ ជា​ពិសេស​កុមារ​ក្តៅ​ខ្លួន​ទៅ​មន្ទីរ​ពេទ្យ​សាធារណៈ​ឱ្យ​បាន​ទាន់​ពេល​ ហើយ​អន្តរា​គមន៍​ទាំង​នេះ​ត្រូវ​ចាប់​ដំបូង​បង្អស់​ពី​គ្រួសារ​នីមួយៗ​ និង​ការ​ចូល​រួម​របស់​សហគមន៍​នីមួយៗ​ ។ អាស្រ័យ​ហេតុ​នេះ​ លោក​សូម​អំពាវ​នាវ​ដោយ​ទទូច​សុំ​ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ និង​បណ្តាញ​សារ​ព័ត៌​មាន​ទាំង​អស់​ មេត្តា​ជួយ​ជំរុញ​ចលនា​ទាំង​នេះ​ ដើម្បី​បញ្ចៀស​កុមារ​ពី​គ្រោះ​មរណៈ​ដោយ​ការ​ផ្ទុះ​រាត​ត្បាត​គ្រុន​ឈាម​ ។

នៅ​ក្នុង​២១​សប្តាហ៍​កន្លង​មក​នេះ​៧១%​ នៃ​ករណី​គ្រុន​ឈាម​សរុប​ ជា​កុមារ​អាយុ​ពី​៥-១៤ឆ្នាំ​ ដែល​ភាគ​ច្រើន​កំពុង​រៀន​ក្នុង​សាលា​បឋម​សិក្សា​ ។ ហេតុ​នេះ​ការ​ចូល​រួម​របស់​លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ណាស់​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ ព្រោះ​ថា​ការ​យល់​ដឹង​របស់​សិស្សា​នុសិស្ស​អំពី​គ្រុន​ឈាម​មាន​ប្រយោជន៍​សំខាន់​ដល់​សាមីខ្លួន​ផង​ សម្រាប់​មាតា​បិតា​ និង​ប្អូនៗ​របស់​ពួក​គេ​នៅ​ផ្ទះ​ផង​ ៕