រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលបំពេញទស្សនកិច្ចជាផ្លូវការពីថ្ងៃទី៦-៧ មិថុនា នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូក្រុមប្រឹក្សាសកម្មជនពិការដឹកនាំដោយលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មជនពិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិគម្រោងសមាហរណកម្មអាស៊ានជប៉ុន ស្តីពីបរិស្ថានគ្មានពិការភាពនៃប្រទេសក្នុងអនុតំបន់មេគង្គ កម្ពុជា ឡាវ ភូមា និងវៀតណាម ដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងឯកសារជំនួយស្មារតី ស្តីពីបរិស្ថានគ្មានពិការភាពដើម្បីលើកកម្ពស់ការចូលរួមបញ្ចូលពិការភាពទៅក្នុងផែនការអភិវឌ្ឍសហគមន៍ ។
លោក អាគី នីណូមីយ៉ា នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខុមាលភាពរបស់ជនពិការនៅក្នុងតំបន់អាស៊ានតាមរយៈការពង្រឹងចំណងមិត្តភាពរវាងរដ្ឋជាសមាជិកអាស៊ាន ការកសាងសមត្ថភាពជនពិការ ជាពិសេសជនពិការដែលងាយរងគ្រោះស្ថិតក្នុងស្ថានភាពលំបាកបំផុត និងអនុវត្តសកម្មភាពក្នុងផែនការអភិវឌ្ឍសហគមន៍រួមបញ្ចូលពិការភាព ។ យុទ្ធសាស្ត្រខាងលើនេះ ត្រូវអនុវត្តរួមគ្នាដើម្បីបញ្ជ្រាបពិការភាពក្នុងសកម្មភាពអភិវឌ្ឍ ដែលក្នុងនោះជនពិការត្រូវបានទទួលការគាំទ្រ និងគោរពសិទ្ធិដូចជនមិនពិការ ។
លោក អាគី នីណូមីយ៉ា មានប្រសាសន៍បន្ថែមទៀតថា គម្រោងបរិស្ថានគ្មានពិការភាពបានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០១២ អនុវត្តដោយមជ្ឈមណ្ឌលអភិវឌ្ឍជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សហការជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងសហគមន៍ជាដៃគូ ។ គម្រោងនេះនឹងចាប់ផ្តើមពីថ្នាក់សហគមន៍ក្នុងបណ្តាប្រទេសទាំង៤ និងឈានទៅចែករំលែក និងអនុវត្តនៅថ្នាក់តំបន់ និងថ្នាក់ពិភពលោក ជាពិសេសក្នុងចំណោមប្រទេសដែលមានជនពិការខ្ពស់ ។
តាមរយៈកិច្ចប្រជុំនេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកពិការភាពអាស៊ី និងប៉ាស៊ីហ្វិក និងគណៈកម្មាធិការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ និងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងអំឡុងពេលច្រើនជាងមួួយទសវត្សរ៍ ក្នុងការអនុវត្តវិស័យពិការភាព ។
លោក ឯម ច័ន្ទមករា បន្តទៀតថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកពិការភាពអាស៊ី និងប៉ាស៊ីហ្វិក បាននិងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍនៅសហគមន៍ តាមរយៈគម្រោងបរិស្ថានគ្មានពិការភាពក្នុងសហគមន៍ជនបទនៅប្រទេសកម្ពុជា ដែលផ្តល់ដោយមូលនិធិសមាហរណកម្មអាស៊ានជប៉ុន (JAIF) ក្នុងឃុំឈើទាល ស្រុកកៀនសា្វាយ ខេត្តកណ្តាល ។
លោក ឯម ច័ន្ទមករា បានបន្តទៀតថា ជាលទ្ធផលនៃការធ្វើអង្កេតបឋមលើស្ថានភាពអភិវឌ្ឍផ្នែកពិការភាព ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់ចំពោះជនពិការមានកម្រិតគួរឱ្យកត់សម្គាល់ ក្នុងចំណោមជនពិការដែលត្រូវបានសម្ភាសន៍ចំនួន១០២នាក់ ក្នុងនោះមាន៦២%ទទួលបានសេវាអប់រំ ៣៤%មិនទទួលបានការអប់រំ និងមានចំនួន៤%មិនបានឆ្លើយតបនឹងសំណួរ ។ ដោយឡែក ក្នុងចំណោមជនពិការដែលទទួលបានការអប់រំខាងលើមាន២៨% មានការងារធ្វើ ។
គួរបញ្ជាក់ផងដែរថា កន្លងមកតាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជូនមន្ត្រីថ្នាក់ស្រុក ថ្នាក់ឃុំ និងតំណាងជនពិការ តំណាងវិស័យឯកជនសរុបចំនួន១២រូប ទៅចូលរួមក្នុងកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន២លើក ដែលលើកទី១បានរៀបចំនៅទីក្រុងប៉ាតាយ៉ា និងលើកទី២ នៅទីក្រុងបាងកក នៃរាជាណាចក្រថៃ ៕
ចែករំលែកព័តមាននេះ