រាជធានីភ្នំពេញ ៖ សពស្ត្រីម្នាក់ដែលឃាតករមិនស្គាល់មុខសម្លាប់ច្រកការុងយកទៅប្លុងចោលនៅទឹកដីខណ្ឌដង្កោ រហូតមកដល់ពេលនេះសមត្ថកិច្ចនៅតែអះអាងថាពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ បើទោះបីជាមានស្ត្រីម្នាក់មកប្រាប់សមត្ថកិច្ចថា ជាសពកូនគាត់យ៉ាងណាក្តី ។ ទាក់ទិននឹងករណីខាងលើនេះលោកវរសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៦ មិថុនា ថា សពស្ត្រីម្នាក់នោះសមត្ថកិច្ចនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
លោកស្នងការរងបន្តថា សមត្ថកិច្ចបានទុកពេល១ថ្ងៃទី៦ មិថុនា ទៀត ដើម្បីស្រាវជ្រាវនិងស្វែងរកសាច់ញាតិពិតប្រាកដ ប៉ុន្តែបើរកមិនឃើញទេ នៅព្រឹកថ្ងៃទី៧ មិថុនា នេះ សមត្ថកិច្ចនឹងបង្កើតគណៈកម្មការរួមមួយដែលមានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចូលរួមផង ដើម្បីធ្វើពិធីបូជាសព ។ នៅល្ងាចថ្ងៃដដែល តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា បុរសម្នាក់ដែលបានឃាត់ខ្លួននៅទីបញ្ជាការអស់រយៈពេល៤៨ម៉ោងមកហើយពីបទសង្ស័យថា ជាប្ដីសពនោះក៏នៅតែមិនទាន់មានចម្លើយច្បាស់លាស់ថា ជាសពភរិយារបស់ខ្លួនដែរ ហើយបុរសនោះក៏នឹងអាចអនុញ្ញាតឱ្យមានសេរីភាពវិញ ។
ប្រភពមួយទៀតពីស្ត្រីម្នាក់ដែលមកពីខេត្តតាកែវ ហើយបានអះអាងថា សពនារីដែលឃាតករសម្លាប់ច្រកការុងយកទៅប្លុងចោលនោះនៅតែជាកូនស្រីរបស់គាត់ បើទោះបីសមត្ថកិច្ចឱ្យរកភស្ដុតាងផ្សេងៗដើម្បីកំណត់សម្គាល់យ៉ាងណាក្ដី ។ ប្រភពបន្តថា ស្ត្រីរូបនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា គាត់បានស្គាល់សពច្បាស់ព្រោះចំណាំម្រាមដៃជើងហើយគាត់នៅតែទទូចចង់យកសពកូនទៅធ្វើបុណ្យ ។ លោកជួន ណារិន្ទ មានប្រសាសន៍ថា តាមពិតទៅសមត្ថកិច្ចមិនចង់ទុកសពនោះធ្វើអ្វីទេ ប៉ុន្តែឱ្យបានច្បាស់ជាក្រុមគ្រួសារពិតប្រាកដសិន ។
សមត្ថកិច្ចនៅ តែមិនទាន់កំណត់អត្តសញ្ញាណសពនោះទេ ព្រោះយោងទៅលើការធ្វើកោសល្យវិច័យ លើខ្ចៅដៃសពវាខុសស្រឡះពីខ្ចៅដៃក្នុងអត្តសញ្ញាណប័ណ្ណដែលស្ត្រីម្នាក់មកអះអាងថាកូនស្រីរបស់គាត់នោះ ៕
ចែករំលែកព័តមាននេះ