ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគ​ចិន​មាន​មហិច្ឆតា​ចង់​អភិវឌ្ឍន៍​ខេត្តកំពត​ឱ្យ​ដូច…

5 ឆ្នាំ មុន
  • កំពត

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​ដ៏​មហិមា​មួយ​ដែល​រួម​មាន អគារ​ទំនើប រោងចក្រ កំពង់​​ផែ ព្រ​លាន​យន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​គម្រោង​ជា​ច្រើន​ទៀត ត្រូវ​បាន​គណៈប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​ដ៏​មហិមា​មួយ​ដែល​រួម​មាន អគារ​ទំនើប រោងចក្រ កំពង់​​ផែ ព្រ​លាន​យន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​គម្រោង​ជា​ច្រើន​ទៀត ត្រូវ​បាន​គណៈប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ លោក ហុង ងៀ​ន ស្ថា​ប​នឹក​ក្រុមហ៊ុន​សៀង​ហៃ ហុង​ងៀ​ន បាន​បង្ហាញ​ប្រាប់​ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពត ដោយ​មាន​បំណង​ចង់​បោះទុន​អភិ​វឌ្ឍន៍​​ខេត្ត​នេះ​ឲ្យ​រីក​ចម្រើន​ដូចនឹង​ខេត្ត​ស៊ិ​ន​ចូ​វ ប្រទេស​ចិន ឬ​ឲ្យ​ដូចនឹង​ប្រទេស​សិង្ហ​បុរី​តែ​ម្ដង ដោយសារ​តែ​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុ​ជាមួយ​នេះ មាន​សក្តានុពល​សេដ្ឋ​កិច្ច​ខ្ពស់ ។

បន្ទាប់​ពី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជាវ តា​យ អភិបាល​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា កន្លង​មក លោក​ហុង ងៀ​ន ប្រធាន​ប្រតិភូ​ចិន និង​ជា​ស្ថា​ប​នឹក​ក្រុម​ហ៊ុន​​សៀង​ហៃ ហុង​ងៀ​ន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រោយ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត​រួច។

ក្រុមហ៊ុន​លោក​មាន​បំណង​មក​ដាក់​ទុន​រកស៊ី​នៅ​ខេត្ត​កំពត និង​មាន​មហិច្ឆតា​ចង់​ប្រែ​ក្លាយ​ខេត្ត​នេះ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា និង​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ពោល​គឺ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ជឿន​លឿន​ដូច​នៅ​ក្នុង​ខេត្ត​ស៊ិ​ន​ចូ​វ ប្រទេស​​ចិន ឬ​ក៏​ដូច​នៅ​សិង្ហ​បុរី ព្រោះ​តាម​ការ​សម្លឹង​មើល​នៅ​កម្ពុជា ពុំ​ទាន់​មាន​គម្រោង​ដូចនេះ​នៅឡើយ​ទេ​។

លោក ហុង ងៀ​ន បាន​ឲ្យ​ដឹង​ថា ៖« ក្រុមហ៊ុន​យើង​គ្រោង​វិនិយោគ​លើ​វិស័យ​គមនាគមន៍ ដូច​ជា​ការ​ធ្វើ​កំពង់​ផែ ព្រ​លាន​យន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន កំពត​-​ភ្នំពេញ ,​កំពត​-​ខេត្ត​ព្រះ​សីហ​នុ និង​គម្រោង​ជា​ច្រើន​ទៀត »​។ ប្រធាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ចិន ក៏​ស្នើ​​ឲ្យ​អាជ្ញាធរ​ខេត្ត ឬ​ជំនាញ​ពាក់ព័ន្ធ មានការ​សហការ​គាំទ្រ ព្រមទាំង​ធានា​ទាំង​សន្តិ​សុខ និង​ផ្លូវច្បាប់​គ្រប់គ្រាន់​ផង​ដែរ ។

លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី ដោយ​ធានា​បាន​នូវ​ផ្លូវច្បាប់​គ្រប់គ្រាន់​ពេញលេញ​សម្រាប់​អ្នក​វិនិយោគ​នានា​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មក​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ។ លោក​អភិបាលខេត្ត​បញ្ជាក់​ថា ៖« ម្រោ​ង​ធំ​ៗ​ដូចនេះ ក្រោយ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ហើយ នឹង​ត្រូវ​ដាក់​ឆ្លង​​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឬ​ក៏​រាជរដ្ឋាភិបាល និង​រដ្ឋសភា ជា​អ្នក​សម្រេច»​។

ទោះជា​យ៉ាងណា គម្រោង​ដ៏​ធំ​មួយ​នេះ នៅ​មិន​ទាន់​បាន​ពិភាក្សា​លម្អិត​នៅឡើយ​ថា តើ​នឹង​ជ្រើស​យក​តំបន់​ណា​នៃ​ខេត្តកំពត ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បែប​ទំនើប ដែល​រួម​មាន​ក្រុង អគារ​ទំនើប រោងចក្រ កំពង់​ផែ ព្រ​លាន​យន្តហោះ និង​កន្លែង​ទេស​ចរណ៍ ហើយ​ក្រុមហ៊ុន​ក៏​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​អំពី​ទំហំ​នៃ​ការ​វិនិយោគ​ដែល​គ្រោង​ចំណាយ​ប៉ុន្មាន​នៅឡើយ​ដែរ ។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្តកំពត​ពិតជា​មាន​សកម្មភាព​សេដ្ឋកិច្ច​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​មាន​ទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​ស្វែងរក​ទិញ​ដី​ត្រៀម​ដើម្បី​វិនិយោគ​យ៉ាង​មមាញឹក ។

បើ​តាម​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Blue Star Realty លោក កែវ សុ​ជាតិ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពត​ចាប់ផ្ដើម​ដំណើរការ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ហាក់​បង្ហាញ​ពី​ភាព​ជឿជាក់ និង​បន្ថែម​ការ​បណ្ដាក់ទុន​កាន់តែ​ច្រើន​នៅ​ខេត្ត​មួយ​នេះ ។

លោក​បន្ដ​ថា ៖« សព្វ​ថ្ងៃនេះ គេ​ឃើញ​មាន​វិនិយោគិន​បរទេស​ជា​ច្រើន ពិសេស​វិនិ​យោ​គិន​ចិន បាន​មក​ចង​មុង​ចាំ​វិនិយោគ​ស្រាប់​ទៅ​ហើយ ស្រប​ពេល​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​វិនិយោគិន​ទាំងនោះ​អាច​និយាយ​ថា បាន​ហៀរ​ពី​ខេត្ត​ព្រះ​សីហ​នុម​ក »​។ លោក​ថា ៖« យើង​បាន​ពិនិត្យ​មើល​លំហូរ​អ្នក​វិនិយោគ​ជនជាតិ​ចិន ឃើញ​មក​ជួល​សណ្ឋាគារ និង​ផ្ទះសំណាក់​ច្រើន​នៅ​ខេត្តកំពត ដើម្បី​រង់ចាំ​ឱកាស​វិនិយោគ​នៅ​ពេលវេលា​មក​ដល់ »​។

ចក្ខុវិស័យ​នៅ​ថ្ងៃ​អនាគត ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​របស់​កម្ពុជា នឹង​មានការ​រីក​ចម្រើន​ខ្លាំង​ដោយសារ​ផលប្រយោជន៍​នៃ​គោលនយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ប្រទេស​ចិន ដែល​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត​ជា​ផ្លូវ​សូត្រ ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប ដែល​អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ