រាជធានីភ្នំពេញ ៖ ពិធីការិនីមុខស្រស់អ្នកនាងខៀវ សានសាណា ដែលល្បីឈ្មោះប្រចាំទូរទស្សន៍ស៊ីធីអិន និងMYTV បន្ទាប់ពីវិលមកកាន់អាជីពជាពិធីការិនីវិញ នៅតែទទួលបានការគាំទ្រពីប្រិយមិត្ដទស្សនិកជនដដែល ។ ចំណែកឯរូបសម្រស់វិញនៅតែស្រស់ដដែល ទោះជានាងមានកូន២នាក់ទៅហើយក្ដី ។
ដោយសារតែការងារចងជើងស្ទើររើខ្លួនមិនរួច អ្នកនាងសាណាថ្ងូរថា «នឹកប្ដីណាស់» តែមិនចង់ឱ្យរបូតឱកាសការងារទេ ទោះជាត្រូវឃ្លាតគ្នាក៏នាងនៅតែប្រឹងកាត់ចិត្ដដើម្បីរួមគ្នារកប្រាក់ចិញ្ចឹមកូនឱ្យមានអនាគតល្អ ។ បន្ទាប់ពីសម្រេចចិត្ដទទួលការងារនៅក្នុងស្រុកជាអ្នកបញ្ចេញវោហារស័ព្ទអស់ពេលជាច្រើនខែមកនេះ គេសង្កេតឃើញសាណាផ្លាស់ឥរិយាបថដោយនិយមបញ្ចេញភាពក្រមិចក្រមើមលើវេទិកាលេងសើច ពេលខ្លះច្រៀងតាមតារាកិត្ដិយស និងពេលខ្លះទៀតរាំលេងដែលកាយវិការបែបនេះកាលពីនៅលីវ នាងកម្របញ្ចេញណាស់ ធ្វើឱ្យទស្សនិកជនកាន់តែចូលចិត្ដថែមទៀត ។
សាណានិយាយកាលពីពេលថ្មីៗនេះថា តាំងពីមកកាន់កាប់តួនាទីជាពិធីការិនីនៅទូរទស្សន៍ចាស់ដែលធ្លាប់ធ្វើពីមុនមក នាងក្ដាប់បានតំណែងពីរគឺកម្មវិធី «ពេញចិត្ដឬអត់?» និងកម្មវិធី «សម្ភាសន៍តារា» ។ មិនតែប៉ុណ្ណោះនៅពេលខាងមុខនាងគ្រោងចេញកម្មវិធីថ្មីមួយទៀតពិសេសជាងមុនមិនធ្លាប់មាន ដែលនាងជាអ្នករៀបចំផង និងធ្វើជាពិធីការិនីផង អត់មានដៃគូឡើយ ។
ពិធីការិនីដែលជោគជ័យទាំងអាជីព និងជីវិតស្នេហារូបនេះបន្ដទៀតថា «ខ្ញុំរាល់ថ្ងៃនេះបើនិយាយរឿងការងារផ្នែកទូរទស្សន៍ពិតជាមមាញឹករាប់ទាំងចេញទៅធ្វើតាមក្រុមហ៊ុនឯកជនមួយចំនួនទៀត ។ ទាំងអស់នេះហើយដែលកាន់តែជំរុញឱ្យនាងខ្ញុំមានទឹកចិត្ដបម្រើអារម្មណ៍ទស្សនិកជនបន្ដទៀត ហើយឱ្យខ្លាំងជាងមុននៅពេលដែលពួកគាត់គាំទ្រនាងខ្ញុំ ។ អីុចឹងហើយទើបនាងខ្ញុំមិនឱ្យរបូតទេ តាំងពីមានគេទាក់ទងយកទៅបំពេញការងារ ដើម្បីសន្សំលុយទុកទាន់នៅក្មេង កម្លាំងនៅពេញដើម្បីគ្រួសារ និងអនាគតកូនទាំងពីរជាកែវភ្នែកនាងខ្ញុំ» ។
ទាក់ទិនរឿងស្នេហារវាងនាង និងស្វាមីខុសសាសន៍ជាជនជាតិកាណាដានោះ សាណាឱ្យដឹងថា «បើនិយាយពីរឿងប្ដីប្រពន្ធពួកយើងពិតជានឹករលឹកគ្នាខ្លាំងណាស់ ។ នៅពេលមិនបាននៅក្បែរមនុស្សជាទីស្រឡាញ់ នាងខ្ញុំនឹកគាត់រាល់ថ្ងៃ កុំតែរវល់រៀងខ្លួន កុំអីពួកយើងបាននៅជុំគ្នាមិនខាន ។ ស្វាមីរបស់នាងខ្ញុំ គាត់ដើរទៅប្រទេសនេះ ប្រទេសនោះមិនសូវនៅផ្ទះទេ ទាំងអស់នេះសុទ្ធតែការងាររៀងខ្លួន ដែលចាំបាច់ត្រូវតែគិតទោះជាបែកគ្នាមែន តែពួកយើងបានឆ្លងឆ្លើយជាប្រចាំ រាល់បញ្ហាផ្ទាល់ខ្លួនមិនលាក់គ្នាទេ ឃើញមុខគ្នាមិនដាច់ទេ តាំងពីកូនក៏នាងខ្ញុំឱ្យជួបឪពុកគេដូចគ្នាក្នុងការបង្កើនភាពជិតស្និទ្ធធ្វើឱ្យពួកយើងមានទំនុកចិត្ដគ្នា និងកក់ក្ដៅជាងមុន» ។
ដោយសារតែបែកគ្នាអស់ពេលជាច្រើនខែមកហើយ សាណាមានគម្រោងចេញទៅសួរសុខទុក្ខស្វាមីនាង ព្រមទាំងនាំកូនទាំងពីរទៅជាមួយ នៅពេលនាងទំនេរពីការងារ ។ ទោះជាយ៉ាងណាក្ដី នាងនិយាយថា នាងមិនចង់ទៅនៅកាណាដាពេលនេះទេ ព្រោះការងារចងជើងពេកតែបើទៅលេងបាន ដើម្បីទុកពេលរកស៊ីទាន់ឱកាសមាន ។ ម៉្យាងទៀតមកពីនាងនឹករលឹកទស្សនិកជន និងចង់នៅស្រុកខ្មែរជាងស្រុកគេ ព្រោះស្រុកយើងមានសន្ដិភាព រីកចម្រើនឥតឈប់ឈរ ។
ម៉្យាងទៀត នាងចង់ទុកពេលវេលាចិញ្ចឹម កូនៗនាងឱ្យមានទម្លាប់ជាប្រជាពលរដ្ឋខ្មែរ ព្រោះកូនខ្មែរត្រូវគោរពឪពុកម្ដាយ ចាស់ទុំ សុភាព ទើបមិនចង់ឱ្យកូនទៅនៅស្រុកគេឃ្លាតគ្នា ខ្លាចកូនកាត់ទៅរកសាសន៍គេច្រើន ។ ដោយសារតែចិត្ដនាងស្រឡាញ់ការចិញ្ចឹមកូនបែបខ្មែរច្រើនជាង ទើបទុកកូនទាំងពីរនៅមើលថែ ព្រោះម្ដាយ និងកូនដឹងរាក់ជ្រៅជាងឪពុក ៕
ចែករំលែកព័តមាននេះ