រាជធានីភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលអ្នកប្រមូលសំរាមដើរទៅយកសំរាម ស្រាប់តែប្រទះឃើញបុរសម្នាក់ដេកលក់យ៉ាងស្កប់ស្កល់នៅលើគំនរសំរាម ស្មានថាជាករណីវាយប្លន់យកទ្រព្យសម្បត្ដិ រួចសម្លាប់ចោល ស្រាប់តែពេលដើរទៅជិតធុំក្លិនស្អុយស្រាហួង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ មិថុនា តាមផ្លូវលេខ៧០ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឃើញបុរសខាងលើដើរចុះដើរឡើងតាមផ្លូវលេខ៧០ ស្រាប់តែក្រោយមកឃើញដេកក្នុងគំនរសំរាមយ៉ាងស្ងាត់ស្ងៀម ធ្វើឱ្យអ្នកកើបសំរាមស្មានថាជាករណីវាយប្លន់យកទ្រព្យសម្បត្ដិ តែពេលដើរទៅជិតធុំក្លិនស្អុយស្រាទៅវិញ ទើបដឹងថាបុរសម្នាក់នេះប្រហែលជាស្រវឹងវង្វេងផ្ទះ ច្រឡំទៅដេកកើយលើគំនរសំរាមថាជាពូករបស់គាត់ ។ ក្រោយកើតហេតុ អ្នកឃើញហេតុការណ៍បានដាស់តែបុរសនោះមិនព្រមភ្ញាក់សោះ ទើបនាំគ្នាសែងយកទៅដាក់នៅមុខផ្ទះរបស់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ