ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ធំ​3​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​កំណើន​7,1%​នៅ​ឆ្នាំ​2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ នឹង​ស្ថិត​ក្នុង​រង្វង់​៧,១% ស្រប​ពេល​ផលិតផល​ក្នុងស្រុក​សរុប​(​ផសស​)​របស់​ប្រទេស​កម្ពុជា នឹង​កើន​ដល់​ប្រមាណ​២៧.២២២​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ នឹង​កើនឡើង​១.៧០៦​ដុល្លា​អា​មេ​រិ​ក ។ កំណើន​នេះ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ការ​លូតលាស់​នៃ​វិស័យ​សំខាន់​ៗ​ចំនួន​៣​រួម​មាន…

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ នឹង​ស្ថិត​ក្នុង​រង្វង់​៧,១% ស្រប​ពេល​ផលិតផល​ក្នុងស្រុក​សរុប​(​ផសស​)​របស់​ប្រទេស​កម្ពុជា នឹង​កើន​ដល់​ប្រមាណ​២៧.២២២​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ នឹង​កើនឡើង​១.៧០៦​ដុល្លា​អា​មេ​រិ​ក ។ កំណើន​នេះ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ការ​លូតលាស់​នៃ​វិស័យ​សំខាន់​ៗ​ចំនួន​៣​រួម​មាន វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម ។ នេះ​បើ​យោង​តាម​ឯកសារ​ស្តី​ពី​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ ។

នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ វិស័យ​ធំ​ៗ​ចំនួន​៣​នៅ​បន្ត​រក្សា​កំណើន​ល្អ ក្នុង​នោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម នឹង​បន្ត​រក្សា​ភាពរឹងមាំ ដែល​សម្រេច​បាន​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់​១០%​ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់ ការ​បន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ ស្របគ្នា​នឹង​សន្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ទាំង​សម្រាប់​នាំ​ចេញ និង​បម្រើ​ទីផ្សារ​ក្នុងស្រុក ។ ជាមួយ​នេះ អនុ​វិស័យ​សំណង់ គាំទ្រ​ដោយ​សន្ទុះ​កំណើន​នៃ​សំណង់​ថ្លៃ​មធ្យម និង​សមរម្យ ។ ចំណែក​វិស័យ​កាត់ដេរ នឹង​បន្ត​រក្សា​កំណើន​ដូច​ឆ្នាំ​មុន ហើយ​អនុ​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​ក៏​រំពឹង​ថា នឹង​មាន​សន្ទុះ​កំណើន​ខ្ពស់​ផង​ដែរ ។

របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​សេវាកម្ម​កម្ពុជា​រំពឹង​ថា នឹង​បន្ត​កំណើន​ប្រមាណ​៧,០% ដែល​គាំទ្រ​ដោយ​កំណើន​នៃ​អនុ​វិស័យ​សណ្ឋាគារ និង​ភោ​ជ​ណី​យ​ដ្ឋា​ន ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។ ចំណែក​វិស័យ​លក់ដុំ​-​រាយ នឹង​រក្សា​កំណើន​បាន​ល្អ ដែល​គាំទ្រ​ដោយ​កំណើន​នៃ​ការ​ប្រើប្រាស់​ក្នុងស្រុក ដោយសារ​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាជន​។ ចំណែក​វិស័យ​អចលនទ្រព្យ​ក៏​ត្រូវ​បាន​រំពឹង​ឡើង​បន្ត​កំណើន​ខ្ពស់ ស្រប​តាម​និន្នាការ​នៃ​អនុ​វិស័យ​សំណង់ ដែរ ខណៈ​ដែល​អនុ​វិស័យ​ដឹក​ជញ្ជូន ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​រក្សា​កំណើន​បាន​ដូច​ឆ្នាំ​២០១៩ ដូច​គ្នា ។

រីឯ​វិស័យ​កសិកម្ម​វិញ អាច​សម្រេច​បាន​ក្នុង​កំណើន​រង្វង់​១,៨% ដែល​ទ្រទ្រង់​ដោយ​អនុ​វិស័យ​ដំណាំ​និង​ជលផល ក្នុង​នោះ​អនុ​វិស័យ​ដំណាំ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​មុន គឺ​ដោយសារ អំណោយផល​នៃ​កត្តា​អាកាសធាតុ ភាព​ប្រសើរ ឡើង​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ និង​កំណើន​កើនឡើង​នៃ​ថ្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ការ កើនឡើង​នៃ​ដំណាំ​បម្រើ​ឲ្យ​ការ​នាំ​ចេញ​ដូច​ជា​កៅស៊ូ ចេក​ជាដើម​។ ចំណែក​ពាក់ព័ន្ធ​អនុ​វិស័យ​នេសាទ នឹង​អនុ​វិស័យ​ចិញ្ចឹមសត្វ ត្រូវ​បាន​រំពឹង​ថា កើនឡើង​ល្អ​ផង​ដែរ ។
របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អតិផរណា​មធ្យម​ប្រចាំឆ្នាំ ត្រូវ​បាន​ប៉ាន់​ស្មានថា ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន គឺ​ក្នុង​អត្រា​៣,១%​ក្នុង​ឆ្នាំ​២០១៩ គឺ​ស្រប​តាម​កំណើន​រំពឹង​ទុក​នៃ​កំណើន​យឺត​នៃ​ថ្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​កំណើន​យឺត​ជាង​មុន​នៃ​ថ្លៃ​ម្ហូបអាហារ​។ ចំពោះ​អត្រា​ប្តូ​ប្រាក់​រៀល​វិញ គឺ​ស្ថិត​ក្នុង​រង្វង់​៤០៥០​រៀល ក្នុង​១​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ។

ចំណែក​ឱនភាព​គណនី​ចរន្ត (​រួម​បញ្ចូល​បង្វែរ​) គឺ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ស្ថិត​ក្នុង​រង្វង់​អត្រា​៧,១% នៃ​ផសស ក្នុង​ឆ្នាំ​២០១៩ ក្នុង​នោះ​ចំពោះ​ភាព​ប្រសើរ​ឡើង​នៃ​គណនី​ចរន្ត នឹង​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រំពឹង​ទុក​នៃ​ភាព​រួម​តូច នៃ​ឱនភាព​សមតុល្យ​ពាណិជ្ជកម្ម ការ​កើន​ខ្ពស់​ពី​ចំណូល​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​កំណើន​ប្រាក់​បង្វែរ​ពី​បរទេស ។

ចំណែក​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​រំពឹង​ថា នឹង​បន្ត​កា​កើនឡើង​ដល់​ប្រមាណ​១១.០៥៩​លាន​ដុល្លារ ដែល​ធានា​ការ​នាំ​ចេញ​បាន​៦,៥​ខែ នៅ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ផង​ដែរ ។ ទោះបី​យ៉ាងនេះ​ក្ដី កម្ពុជា​នឹង​ត្រូវ​បន្ដ​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង​មួយ​ចំនួន​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​គោលនយោបាយ​មុត​ស្រួច​មួយ​ចំនួន​ឲ្យ​បាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់ សំដៅ​ជម្នះ និង​ដោះស្រាយ​ចំពោះ​រាល់​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា ដើម្បី​ធានា​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ប្រកបដោយចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ